Ad Code

ក្រុម​ភ្នំពេញ​ក្រោ​ន នាំយក​កីឡាករ ពុំ តុលា ពី​ក្រសួងការពារជាតិ ត្រៀម​រដូវ​កាល​ថ្មី​ឆ្នាំ២០១៩​ខាងមុខ



កីឡាករ ពុំ តុលា ដែល​ធ្លាប់​បាន​រួមរស់​ជាមួយ​ក្រុម​ក្រសួងការពារជាតិ (​ទ័ព​) ជាង​១០​ឆ្នាំ បានសម្រេច​ចិត្ត​ចូលរួម​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ម្ចាស់​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​៦​សម័យកាល ដើម្បី​ត្រៀម​ប្រកួត​នៅ​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ខាងមុខ​ទាំង​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) និង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League)​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​បញ្ជាក់ថា​ ក្លិប​សម្រេចចិត្ត​នាំ​យក​កីឡាករ​រូប​មក​ជួយ​ក្រុម​ក្នុង​បេសកកម្ម​សំខាន់ៗ​នៅ​រដូវ​កាល​ថ្មី​ខាងមុខ​។ កីឡាករ​ចាស់វស្សា​រូប​នេះ បានចាប់ផ្តើម​អាជីព​បាល់ទាត់​របស់​ខ្លួន​តាំងពី​ឆ្នាំ​២០០៦ ជាមួយ​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ដែល​ពេលនោះ​មាន​ឈ្មោះថា Phnom Penh FC ហើយ​ចាប់ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៨​រូបគេ​បាន​ផ្ទេរ​ទៅលេង​នៅ​ក្រុម​ក្រសួងការពារជាតិ​វិញ​ម្តង​។

ចំណែក​កៅអី​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា រូបគេ​ធ្លាប់​បាន​កោះហៅ​ឲ្យ​ចូល​ជា​សមាជិក​ក្រុម​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​ក្រោម​ការដឹកនាំ​របស់​លោក​គ្រូ ប្រាក់ សុវណ្ណារ៉ា ផងដែរ គ្រា​នៅ​ឆ្នាំ​២០០៧​។ បន្ទាប់មក​នៅ​ឆ្នាំ​២០១១ កីឡាករ​រូប​នេះ​ត្រូវ​បាន​ជ្រើសរើស​ចូល​ក្រុម​ឈុត​ធំ​ជម្រើសជាតិ​ក្រោម​ការដឹកនាំ​របស់​លោក​គ្រូ Lee Tae Hoon ហើយ​ចុងក្រោយ​បាន​ជាប់​ម្តង​ទៀត​នៅ​ឆ្នាំ​២០១៧ ដែល​ជ្រើសរើស​ដោយ​អតីត​គ្រូធំ​ក្រុម​គោព្រៃ​កម្ពុជា លោក Leonardo Vitorino ផ្ទាល់​។

​ចំណែក​ក្រុម​ភ្នំពេញ​ក្រោ​ន វិញ​ថ្មីៗ​នេះ បាន​តែង​តាំង​ក្បាលម៉ាស៊ីន ថ្មី​ក្រោយ​ជម្រុះ​ថ្នាក់ដឹកនាំ​ចាស់​អស់​បន្ទាប់ពី​ចប់​រដូវ​កាល​ឆ្នាំ​២០១៨​។ ចំណែក​ថ្នាក់ដឹកនាំ​ថ្មី​របស់​ក្លិប​មាន​ដូច​ជា លោក លី ហៀ​ង ជា​អ្នកចាត់ការ​ទូទៅ​ក្លិប ចំណែក លោក Leonardo Vitorino ជា​គ្រូ​បង្គោល​ថ្មី ស្របពេល​ប្អូនប្រុស​របស់​ខ្លួន Luis Fernando Vitorino កាន់​តំណែង​ជា​គ្រូបង្វឹក​អ្នកចាំទី​ឈុត​ធំ​។ អតីត​គ្រូ​វេ​ស្ទើ​ន លោក ស៊ុំ វណ្ណា បាន​ទទួល​តំណែង​ជា​គ្រូ​ជំនួយ​ក្រុម​ឈុត​ធំ ខណៈ​ដែល​អតីត​ខ្សែប្រយុទ្ធ កែវ សុខ​ង៉​ន ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ឈុត​ធំ​។

​សូម​បញ្ជាក់​ថា ​នៅ​រដូវ​កាល​ឆ្នាំ​២០១៨ ថ្មីៗ​នេះ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រុម​ភ្នំពេញ​ក្រោ​ន រក្សា​ចំណាត់ថ្នាក់​លេខ​៥​ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​បាន​១១​លើក ស្មើគ្នា​៣​លើក​និង​ចាញ់​៨​លើក​មាន​៣៦​ពិន្ទុ ពោល​គឺ​ចាញ់​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល រហូតដល់​២០​ពិន្ទុ​។ ភ្នំពេញ​ក្រោ​ន ទាត់​បញ្ចូល​ទី​គូប្រកួត​បាន​៤១​គ្រាប់ ហើយ​គេ​ទាត់​ចូល​វិញ​ចំនួន​៣៣​គ្រាប់​។ ចំណែក​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup)​វិញ​ក្រុម​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដែល​មកពី​ខេត្តសៀមរាប ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៤​ទល់​៣ ក្រោយ​ប្រកួត​ស្មើគ្នា​ទាំង​២​ជើង​៤​ទល់​៤៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu