Ad Code

ក្រុមហ្វូតសាលកម្ពុជា បន្ត​បរាជ័យ​ក្នុង​​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន នៅ​ឥណ្ឌូណេស៊ី



ក្រុម​ហ្វូត​សាល​ជម្រើស​ជាតិ​កម្ពុជា បានប្រកួតចាញ់ក្រុមជម្រើសជាតិ​មីយ៉ាន់ម៉ា ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​ នៃ​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯកអាស៊ាន AFF Futsal Championship 2018​ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ​លើទីលានGOR UNY ក្នុងទីក្រុង Yogyakarta បន្ទាប់​ពី​ចាញ់​ក្រុម​មីយ៉ាន់ម៉ា កាល​ពី​ប្រកួត​បើក​ឆាក។

កម្ពុជា បាន​បន្ត​ចាញ់​ក្រុម​មីយ៉ាន់ម៉ា ដោយ​លទ្ធផល​១២ទល់២ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ខណៈ​កាល​ពី​ប្រកួត​បើក​ឆាក​បាន​ចាញ់​ម៉ាឡេស៊ី រហូតដល់១០ ទល់០។ សម្រាប់​ប្រកួត​បន្ទាប់​ដែល​ជា​ប្រកួត​បិទ​ពូល​កម្ពុជា បន្តប៉ះក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ថ្ងៃ​ពុធ ទី០​៧​វិច្ឆិកា​នេះ​នៅ​វេលា​ម៉ោង​១១​និង​៣០នាទី​ព្រឹក​ លើទីលាន​ជាមួយ​គ្នា។

ចំពោះពានរង្វាន់ AFF Futsal Championship 2018 ចាប់ផ្ដើមប្រកួតពីថ្ងៃទី០៥ ដល់ ១១ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី​ ដែល​មាន​ក្រុម​៨​ចូលរួម​ក្នុង​នោះ​ពូល A មាន កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា ខណៈពូល B មានថៃ​ វៀតណាម ប្រ៊ុយណេ និងទីម័រខាងកើត។

រាប់​ត្រួសៗ​ពូល A ក្រុម​ម៉ាឡេស៊ី ឡើង​ឈរ​កំពូល​តារាង​មាន​០៦ពិន្ទុ ហើយ​ក្រុម​មីយ៉ាន់ម៉ា និង​ឥណ្ឌូណេស៊ី មាន​០៣ពិន្ទុ​ដូចគ្នា​ខណៈ​កម្ពុជា មិន​ទាន់​មាន​ពិន្ទុ​នៅ​ឡើយ។ កីឡាករ​ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា កោះហៅ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​នេះ​មាន​ចំនួន​១៦​នាក់​ ដែល​មាន​ដូចជា​កីឡាករ សឹង ចាន់វ៉ាន់ណូ, តាត់ ផាត់ឌី,ញឹក ថាលីដា,ហូរ អាត្រា,សេដ្ឋា សច្ចៈបុត្រ, ចន្ថា ចន្ទាកា,គន្ធ លន់ដារ៉ូត, គឹម សុខយុទ្ធ,រស់ ស៊ីចំរើន,ហេង សុខលី,រស់ រតនៈ,ឡាក់ ភីរុណ,អ៊ុក សេរីរតនៈ,គីម ហាប់,កែវ ជាតួ,ផុន ចាន់ឧត្តម។ ក្រុមនេះដឹកនាំដោយលោក ផាន សុផាន់ណារ៉ា ជា​គ្រូបង្វឹក។

សូម​បញ្ជាក់​ថា មុន​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្រុមជម្រើស​ជាតិ​ហ្វូតសាល​កម្ពុជា​ធ្លាប់​បាន​ចេញ​ទៅ​ហ្វឹកហាត់ និង​ប្រកួត​មិត្តភាព​នៅ​ប្រទេស​ថៃ មួយ​រយៈ​ខ្លី​ផង​ដែរ ដោយ​ក្នុង​នោះ​បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់​ស្រុក Rachanavy FC ៥ទល់១ ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ លើ​ទីលាន​កីឡដ្ឋាន Phutianan Stadium ខណៈនៅថ្ងៃ​ព្រហស្បត្តិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨ បាន​ប្រកួត​ចាញ់​ក្រុម Samutsakhon University ៤ទល់១ លើទីលានជាមួយគ្នា។ ចំណែកប្រកួតចុងក្រោយកម្ពុជា ត្រូវ​បន្ត​ចាញ់ក្រុម Bangkok City ៩ទល់១ ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨ ដែលជា​ប្រកួតចុង​ក្រោយ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu