ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះជាអ្នករត់ម៉ូតូឌុបនោះ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវចាប់បានជាបន្តបន្ទាប់ និងជន សង្ស័យគ្រឿងញៀន បង្ហាញមុខជាសាធារណៈ ជាមួយនឹងវត្ថុតាងម៉ូតូមុនបញ្ជូនពួកទៅតុលាការ។
ការបង្ហាញមុខជនសង្ស័យជាសាធារណៈនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។
ក្រុមជនសង្ស័យទាំង៣នោះ ទី១-ឈ្មោះ ឌឹក វុត្ថា ហៅតូច ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ទី២-ឈ្មោះ លី ចាន់ដារ៉ា ហៅធី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅម្ដុំផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ទី៣-ឈ្មោះ គឿង សុជាតិ ហៅឧត្តម ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ អ្នកទាំង៣មានមុខរបរមិនពិតប្រាកដ។ ទី៤-ឈ្មោះ ស៊ីតយូសុះ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅ ភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ។ ទី៥-ឈ្មោះ កែវ សក្កដា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះជួលក្នុងក្រុមទី៨ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
លោក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា បន្ទាប់ពីមានករណី កាប់អ្នករត់ម៉ូតូឌុបយកម៉ូតូ កាលពីយប់ថ្ងៃទី០៣ ខែវិច្ឆិកា កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាជនសង្ស័យ ក៏ឈានទៅចាប់ខ្លួនបានជាបន្តបន្ទាប់ចំនួន៣នាក់។
គួររំលឹកថា កាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានជនសង្ស័យ២នាក់បានកាប់ប្លន់យកម៉ូតូមួយគ្រឿងទៅបាត់ និងបណ្ដាលឲ្យរបួសដៃស្រាល ខណៈដែលរូបគាត់នៅអង្គុយចាំយកលុយពីនារីម្នាក់នៅចំណុចផ្លូវរថភ្លើងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
ជនរងគ្រោះមាន ឈ្មោះ កន នាង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប ទីកន្លែងកំណើត ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ស្នាក់នៅបន្ទប់ជួលភូមិទ្រង់មាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ម៉ូតូដែលក្រុមជនសង្ស័យកាប់ប្លន់យកទៅនោះ ម៉ាកSUZUKI SMASH ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ.2BL-8439។
បើតាមសំដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឌុបនារីម្នាក់ក្នុងតម្លៃ៤.០០០រៀល ចេញពីវិហាឥស្លាមនៅម្ដុំបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ មកចំណុចកើតខាងលើខណៈឌុបមកដល់នារីម្នាក់នោះចុះពីលើម៉ូតូបានប្រាប់គាត់ឲ្យចាំគាត់មួយភ្លែត ហើយដើរចូលទៅតាមបណ្ដោយផ្លូវរថភ្លើងបាត់មួយសន្ទុះ ក្រោយមកស្រាប់តែលេចមុខជនសង្ស័យ២នាក់បានធ្វើសកម្មភាពយកកាំបិតកាប់ប្លន់យកម៉ូតូម៉ាកស្មាសវីមួយគ្រឿង បណ្ដាលឲ្យគាត់ជាជនរងគ្រោះរងរបួសដៃខាងឆ្វេងស្រាល នៅពេលនោះរូបគាត់ក៏បានស្រែកហៅឲ្យប្រជាពលរដ្ឋនៅទីនោះជួយ ប៉ុន្តែគ្មានអ្នកហ៊ានចូលជួយទេ ព្រោះជនសង្ស័យមានកាំបិតជាប់ដៃ ក៏បណ្ដាលឲ្យជនសង្ស័យទាំង២នាក់យកម៉ូតូជិះយកទៅគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ១ ដើម្បីឲ្យនគរបាលជួយស្រាវជ្រាវរកមុខជនសង្ស័យចាប់មកផ្ដន្ទាទោសតាមច្បាប់ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះហើយនោះ សមត្ថកិច្ចខណ្ឌ និងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ធ្វើការស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យបានតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments