ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសព័ត៌មានចាប់ពីថ្ងៃទី០៧ ដល់ ១០ ខែវិច្ឆិកា ឆ្នាំ២០១៨ អាចនឹងមានភ្លៀងធ្លាក់នៅតាមរាជធានី-ខេត្តចំនួន១២ ចំណែកសីតុណ្ហភាពអប្បបរមាក្នុងរង្វង់២៣-២៥អង្សាសេ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ក្រសួងបញ្ជាក់ថា បន្ទាប់ពីបានតាមដានស្ថានភាពអាកាសធាតុរួចមក ឃើញថា កម្ពុជាកំពុងរងឥទ្ធិពលជ្រលងសម្ពាធទាបគ្របដណ្ដប់ លើតំបន់ភាគខាងត្បូង និងតំបន់មាត់សមុទ្រ ខណៈតំបន់ភាគឦសាន និងតំបន់ភាគកណ្ដាលគ្របដណ្ដប់ដោយជ្រលងសម្ពាធខ្ពស់។
យោងតាមការព្យាករណ៍លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចខាងក្រោម ១.ស្ថានភាពភ្លៀង ចាប់ពីថ្ងៃទី០៧-០៨ ខែវិច្ឆិកា បណ្ដាខេត្តមួយចំនួនដូចជា ៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
ចាប់ពីថ្ងៃទី០៧-១០ ខែវិច្ឆិកា បណ្ដារាជធានី-ខេត្តមួយចំនួនដូចជា ៖ រាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កណ្ដាល តាកែវ និងខេត្តកំពត អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។
២.ស្ថានភាពសីតុណ្ហភាព ៖ ចាប់ពីថ្ងៃទី០៦-១០ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់ ២៣-២៥អង្សាសេ- សីតុណ្ហភាពអតិបរមា ស្ថិតក្នុងរង្វង់ ២៩-៣១អង្សាសេ៕
Source: Kampuchea Thmey Daily
0 Comments