តាកែវ ៖ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិកប្រមាណ២៣.៤៦៦នាក់ទៀតមកពីរោងចក្រ សហគ្រាសចំនួន២០ មកតាមស្រុកនានានៅក្នុងខេត្តតាកែវ។ ពិធីសំណេះសំណាលនេះនឹងធ្វើឡើងនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង២០នេះ មានរោងចក្រកាត់ដេរសំលៀកបំពាក់ចំនួន១៣, ផលិតស្បែកជើងចំនួន៦ និងបោះពុម្ពលើសំលៀកបំពាក់ចំនួន១។ ផលិតទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
បើតាមលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បច្ចុប្បន្នខេត្តតាកែវ មានសហគ្រាស គ្រឹះស្ថានចំនួន១១៤ មានកម្មករ និយោជិក៤៦.៩៩០នាក់។ ក្នុងនោះរោងចក្រកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៣៧ មានកម្មករ និយោជិកចំនួន៣៨.១៥៨នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជិត៩២លានដុល្លារក្នុងមួយឆ្នាំ។
លោក អ៊ិត សំហេង បានចាត់ទុកវត្តមានរោងចក្រ សហគ្រាសនៅក្នុងខេត្តតាកែវ គឺជាជោគជ័យ នៃគោលនយោបាយទាក់ទាញវិនិយោគ, ការពង្រាយរោងចក្រទៅតាមបណ្ដាខេត្ត, គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ដើម្បីជំរុញវិស័យឧស្សាហកម្មឲ្យមានសន្ទុះទៅមុខកាន់តែខ្លាំងក្លា សម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្ដើមចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧។ មកដល់បច្ចុប្បន្ន សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបជាមួយកម្មករ និយោជិកសរុបចំនួន៥៨លើក ដែលមានអ្នកចូលរួមសរុប៨២៤.០៣៤នាក់៕
Source: Kampuchea Thmey Daily
0 Comments