ព្រះវិហារ ៖ ដើម្បីឲ្យតាមបណ្ដោយផ្លូវជាតិនានា មានសោភណភាព និងកាត់បន្ថយបាននូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានយកចិត្តទុកដាក់លើការងារជាច្រើន រួមនឹងការកាត់លះមែកឈើនៅតាមផ្លូវសំខាន់ៗផងដែរ ដោយប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ លឿនរហ័សទាន់ចិត្ត។
ជាក់ស្ដែង នៅដើមខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមការងារសម្អាតរុក្ខជាតិរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសម្អាតរុក្ខជាតិ(កាត់ស្មៅ)នៅតាមបណ្ដោយផ្លូវជាតិលេខសំខាន់ៗ ជាច្រើនខ្សែ នៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឲ្យដឹងថា ការងារថែទាំ ជួសជុលផ្លូវ និងការកាត់លះមែកឈើនៅតាមផ្លូវសំខាន់ៗមួយចំនួននៅក្នុងខេត្តទាំងមូល មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងអនុវត្តជាប្រចាំ ដើម្បីលើកសោភណភាព និងសម្រួលការធ្វើចរាចរជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។
លោក សំ លាងទ្រី បានបញ្ជាក់ផងដែរថា ម៉ាស៊ីន កាត់ស្មៅ កាត់មែកឈើស្វ័យប្រវត្តិនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានកុម្ម៉ង់ទិញពីប្រទេសបារាំង ដោយកាត់ស្មៅ និងមែកឈើបានម្ដង បាន១ម៉ែត្រ ហើយផ្លូវមួយខ្សែ យើងត្រូវកាត់ដោយម៉ាស៊ីននេះចំនួន២ជើង សងខាង មានន័យថា២ម៉ែត្រម្ខាង ស្មើនឹង៤ម៉ែត្រ។
លោកបន្តឲ្យដឹងទៀតថា ម៉ាស៊ីន កាត់ស្មៅ និងមែកឈើស្វ័យប្រវត្តិនេះ ក្នុងមួយថ្ងៃអាចសម្រេចកិច្ចការងាររបស់ខ្លួនបានចាប់ពី៧ទៅ១០គីឡូម៉ែត្រ ខុសពីម៉ាស៊ីនកាត់ស្មៅតូចៗ ច្រើនដង និងចំណេញទាំងពេលវេលា និងកម្លាំងមនុស្ស៕
Source: Kampuchea Thmey Daily
0 Comments