កំពង់ចាម ៖ មានការភ្ញាក់ផ្អើល និងបង្កការភ័យព្រួយដល់ប្រជាពលរដ្ឋទាំងយប់ ដោយសារមានអគ្គិភ័យ មួយបានឆាបឆេះព្រៃស្បូវលើបឿន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៨និង៣០នាទី ចំណុចក្នុងបឹងខាងជើងវត្តបឹងកុក ស្ថិតក្នុងភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោក អង បន អធិការនគរបាលក្រុងកំពង់ចាម បានឲ្យដឹង ថាក្រោយទទួលបានព័ត៌មានថាអគ្គិភ័យឆេះស្បូវ និងបឿន ក្នុងបឹងកុកភ្លាមកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោក អ៊ឹង ប៊ុន និងកម្លាំងប៉ុស្តិ៍បឹងកុក ព្រមទាំងកម្លាំងនគរបាលចរាចរខេត្តដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី សោម រស់ ស្នងការរងនគរបាលខេត្តកំពង់ចាម និងលោកវរសេនីយ៍ឯក យ៉ន ឌីន នាយការិយាល័យនគរបាល ពន្លត់អគ្គិភ័យ បានយករថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបានពន្លត់ ចំនួន៣គ្រឿង ទៅអន្តរាគមន៍បាញពន្លត់ ទប់ស្កាត់ អគ្គិភ័យ ខាងលើរហូតដល់វេលាម៉ោង១៩និង០៧នាទីថ្ងៃដដែល ទើបរលត់ជាស្ថាពរ។
លោក សោម រស់ បានបញ្ជាក់ថា អគ្គិភ័យខាងលើនេះ មិនឆេះរាលដាលដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋឡើយ។
លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា ចំណុចកើតហេតុខាងលើនេះ កន្លងមកថ្មីៗនេះ ធ្លាប់មានអគ្គិភ័យកើតឡើងម្ដងរួចហើយ ហេតុនេះលោក ស្នងការបានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលមានទីលំនៅជុំវិញ បឹងកុក ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេស ក្មួយៗ និងប្អូនៗ មិនត្រូវដុតភ្លើង អាំងសាច់ ដុតខ្យង ក្ដាម នៅលើបឿនក្នុងបឹងកុកនេះឡើយ៕
Source: Kampuchea Thmey Daily
0 Comments