កាលពីថ្ងៃសុក្រ សេតវិមានបានយល់ព្រមអនុញ្ញាតឲ្យអ្នកយកព័ត៌មាន CNN លោក Jim Acosta ត្រឡប់ចូលវិញ បន្ទាប់ពីចៅក្រមបានសម្រេចថាអ្នកកាសែតរូបនេះត្រូវបានហាមឃាត់មិនត្រឹមត្រូវបន្ទាប់ពីមានជម្លោះនៅឯសន្និសីទកាសែតមួយជាមួយលោកប្រធានាធិបតីDonald Trump។
អ្នកនាំពាក្យរបស់លោក Trump គឺលោកស្រី Sarah Sanders បាននិយាយក្នុងការឆ្លើយតបទៅនឹងតុលាការថា យើងនឹងផ្តល់សិទ្ធិយកព័ត៌មានជាបណ្តោះអាសន្នដល់អ្នកកាសែតរូបនេះវិញ។
ប៉ុន្តែលោកស្រីនៅតែរក្សាគោលជំហរអំពីលទ្ធភាពនៃការដកលោក Acosta ចេញនៅពេលក្រោយហើយបាននិយាយថា ច្បាប់ថ្មីនឹងត្រូវបានដាក់ដើម្បីធានាឲ្យបាននូវសន្និសីទកាសែតដោយយុត្តិធម៌និងមានសណ្តាប់ធ្នាប់។
លោក Trump បាននិយាយថា “ច្បាប់និងបទបញ្ជា” កំពុងព្រាងឡើងដើម្បីគ្រប់គ្រងការប្រមូលផ្តុំដូចនេះដែលប្រធានាធិបតីឬអ្នកតំណាងរបស់គាត់ជាញឹកញាប់បានចោទប្រកាន់អ្នកសារព័ត៌មានជាពិសេសលោក Acosta អំពីការបង្ករឿង។
លោក Trump បានប្រាប់អ្នកយកព័ត៌មានថា “យើងចង់បានសុជីវធម៌។ បើគាត់នៅតែបំពាន យើងនឹងដេញគាត់ចេញ”។
ជាការពិត លោក Trump តែងតែនិយាយខ្លាំងៗចំពោះអ្នកសារព័ត៌មាន ជាឧទាហរណ៍កាលពីសប្តាហ៍មុន គាត់បានប្រាប់ជាច្រើនដងដល់អ្នកឆ្លើយឆ្លងព័ត៌មានរបស់ CNN ម្នាក់ទៀតថា សំណួររបស់នាងគឺ “ឆោតល្ងង់”។
គាត់ក៏បានហៅអ្នកកាសែតដែលគាត់មិនពេញចិត្តនិងប្រព័ន្ធផ្សព្វផ្សាយជាទូទៅថាជា “សត្រូវរបស់ប្រជាជន” ផងដែរ។
ជាញឹកញាប់លោក Acosta បានសួរសំណួរមិនសមរម្យដល់សេតវិមានអំពីអាកប្បកិរិយារបស់ខ្លួនចំពោះអ្នកកាសែត។
នៅថ្ងៃទី៧ខែវិច្ឆិកាដែលជាថ្ងៃគាត់ត្រូវបានគេដកហូតសិទ្ធិយកព័ត៌មាន, លោក Acosta បានធ្វើឲ្យលោក Trump ខឹងសម្បាដោយការបដិសេធមិនប្រគល់មីក្រូហ្វូននៅក្នុងសន្និសីទកាសែតមួយនៅពេលដែលគាត់គិតថា លោក Trump កំពុងគេចវេសពីសំណួររបស់គាត់៕ AFP
Source: Kampuchea Thmey Daily
0 Comments