មហាអំណាចសកលលោកប្រហែលជានឹងប៉ះទង្គិចគ្នានៅសប្តាហ៍ក្រោយនេះខណៈអង្គការឃ្លាំមើលអាវុធគីមីរបស់ពិភពលោកបានជួបប្រជុំជាលើកដំបូងចាប់តាំងពីវាត្រូវបានរំខានដោយការចោទប្រកាន់ពីបទចារកម្មដោយប្រទេសរុស្ស៊ី។
អង្គការហាមឃាត់អាវុធគីមី (OPCW) នៅទីក្រុងឡាអេត្រូវប្រឈមនឹងកិច្ចពិភាក្សាដ៏ពិបាកស្តីពីក្រុមស៊ើបអង្កេតថ្មីមួយដែលនឹងចាប់ផ្តើមធ្វើការនៅឆ្នាំក្រោយនេះដើម្បីចាត់ចែងស្តីបន្ទោសចំពោះការវាយប្រហារនៅក្នុងប្រទេសស៊ីរី។
ក្រុងមូស្គូបានព្រមានថា OPCW អាចនឹងក្លាយទៅជា “កប៉ាល់ Titanic ដែលលិច” ដោយសារតែមហាអំណាចថ្មីៗដែលនឹងអនុញ្ញាតឲ្យវាស៊ើបអង្កេតឧប្បត្តិហេតុនានាដូចជាការវាយប្រហារដោយភ្នាក់ងារបំផ្លាញសរសៃប្រសាទនៅទីក្រុង Salisbury លើចារកម្មរុស្ស៊ីជាដើម។
ប៉ុន្តែបញ្ហាក្នុងកិច្ចប្រជុំនេះគឺជាការបណ្តេញជនជាតិរុស្ស៊ីចំនួនបួននាក់ដែលត្រូវបានចោទប្រកាន់ដោយអាជ្ញាធរហូឡង់កាលពីខែតុលាសម្រាប់ការប៉ុនប៉ង hack ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់អង្គការមួយនេះ។
លោក Fernando Arias អគ្គនាយកថ្មីរបស់ OPCW បានទទួលស្គាល់នៅក្នុងបទសម្ភាសន៍មួយជាមួយ AFP កាលពីថ្ងៃចន្ទថា ក្រុមឃ្លាំមើលនេះកំពុងឆ្លងកាត់ពេលវេលាដ៏លំបាកមួយដោយសារព្រឹត្តិការណ៍នាពេលថ្មីៗនេះ។
រដ្ឋជាសមាជិកសំខាន់ៗដូចជារុស្ស៊ី សហរដ្ឋអាមេរិក អង់គ្លេសនិងបារាំងសុទ្ធតែអាចនិយាយបានក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះដូចប្រទេសទាំងអស់ចំនួន១៩៣ដែលជាប់ពាក់ព័ន្ធដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាអតីតអ្នកការទូតអេស្ប៉ាញ លោក Arias ដែលបានកាន់កាប់តំណែងជាប្រធានកាលពីដើមឆ្នាំហើយនឹងថ្លែងសុន្ទរកថាបើកនៅឯកិច្ចប្រជុំនៅថ្ងៃចន្ទនេះបានទទូចថាស្ថាប័នអាវុធគីមីមួយនេះកំពុងមានតម្រូវការចាំបាច់ជាងពេលណាទាំងអស់។
គួរបញ្ជាក់ថា ក្នុងនាមជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ២០១៣, OPCW បានទទួលខុសត្រូវលើការគាំទ្រអនុសញ្ញាអាវុធគីមីឆ្នាំ១៩៩៧ដើម្បីបញ្ចប់ការប្រើប្រាស់អាវុធពុលទាំងអស់៕ AFP
Source: Kampuchea Thmey Daily
0 Comments