ភ្នំពេញ ៖ បុរសជាជាងដែកម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋតាមដានដឹងរឿងពិត ក៏នាំគ្នាចាប់ឃាត់ខ្លួនប្រគល់ឲ្យអាជ្ញាធរសមត្ថកិច្ច បន្ទាប់ពីពួកគេមានគំនិតទិញស្បង់ចីវរមកគ្រងដណ្ដប់បន្លំភ្នែកមហាជន ដើររៃអង្គាសបានលុយ ដើរស៊ីចាយ ដេកផ្ទះសំណាក់ ទើបបែកការ ក៏ត្រូវពលរដ្ឋចាប់ខ្លួន កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
សង្ឃក្លែងក្លាយ មានឈ្មោះ ធី សី អាយុ១៨ឆ្នាំ មុខរបរជាងដែក នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ មានស្រុកកំណើត ភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត ត្រូវពលរដ្ឋចាប់ខ្លួនបាន។
ចំណែក សង្ឃក្លែងក្លាយម្នាក់ទៀត រត់គេចខ្លួនបាត់ មានឈ្មោះ ភក្តី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅសិប្បកម្មជាមួយគ្នា ត្រូវជាមិត្តភ័ក្ដិ មានស្រុកកំណើត ខេត្តព្រៃវែង។
តាមសម្ដីយុវជនកំហូចរូបនេះបានឲ្យដឹងថា ពួកគាត់ពិតជាមានមុខរបរជាជាងដែកនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ប្រាក់ខែក្នុងមួយខែ១៨០ដុល្លារ តែប្រាក់ខែនេះស៊ីចាយមិនគ្រប់គ្រាន់ ពួកគេទាំង២នាក់ ក៏បែកគំនិតមួយនាំគ្នាទៅរកទិញស្បង់ចីវរមកស្លៀកគ្រង ហើយដើររៃអង្គាសលុយ តាមទីសាធារណៈ តាមភូមិ អស់រយៈពេលជាង១០ថ្ងៃមកហើយ នៅក្នុងរាជធានីភ្នំពេញ ទើបតែរយៈពេល៥ថ្ងៃនេះ មកសម្ងំស្នាក់នៅក្នុងខណ្ឌពោធិសែនជ័យ ពេលថ្ងៃឡើង ស្លៀក ស្បង់ចីវរដើររៃអង្គាសលុយក្នុងភូមិ ថ្មគោល ភូមិត្រពាំងថ្លឹង បានលុយក្នុងមួយថ្ងៃ ពី១០ម៉ឺនរៀល ទៅជាង១០ម៉ឺនរៀល ស៊ីចាយពេលយប់ ដេកផ្ទះសំណាក់ ទើបតែនៅព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា នេះពេលចុះពីផ្ទះសំណាក់ នៅម្តុំភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ គោលបំណងទៅដើររៃអង្គាសលុយ នៅក្នុងភូមិថ្មគោលទើបតែបានលុយជាង២ម៉ឺនរៀល ត្រូវបានពលរដ្ឋតាមទាន់ ដឹង បែកធ្លាយរឿង ឃាត់ខ្លួននាំទៅសាលាសង្កាត់ចោមចៅ២តែម្តង។
លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅ២ បានឲ្យដឹងថា ជនកំហូចរូបនេះ បន្លំស្លៀកស្បង់ចីវរ ធ្វើជាសង្ឃក្លែងក្លាយ ពលរដ្ឋដឹងរឿង ចាប់ឃាត់ នាំមកប្រគល់ឲ្យអាជ្ញាធរ ហើយអាជ្ញាធរ សង្កាត់បានរាយការណ៍ទៅការិយាល័យធម្មការខណ្ឌ ដើម្បីសុំដកស្បង់ចីវរ សម្ភារៈពាក់ព័ន្ធទុក ហើយឲ្យធ្វើកិច្ចសន្យា អប់រំ បញ្ឈប់នូវសកម្មភាព បែបប៉ះពាល់ដល់វិស័យសាសនា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ រួចទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅវិញ៕
Source: Kampuchea Thmey Daily
0 Comments