ភ្នំពេញ ៖ លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៧ខែវិច្ឆិកា ឆ្មាំ២០១៨ បានសម្រេចចោទប្រកាន់ជនដៃដល់ជាឃាតកសម្លាប់មនុស្សម្នាក់ ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីជនជាប់ចោទបានល្បួងដៃគូរកស៊ីកួកជេលក់ដីទៅចាក់សម្លាប់កាលពីពេលថ្មីៗនេះ។ មាត្រា២០០ នៃក្រមព្រហ្មទណ្ឌបានកំណត់ឲ្យផ្ដន្ទាទោសជនដៃដល់ដាក់ពន្ធនាគារអស់មួយជីវិត។
នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនបុរសជា ឃាតក ចាក់សម្លាប់ប្រជាការពារភូមិតាឡី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ដែលសំណុំរឿងនេះមាន លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងជាអ្នកចាត់ការ។
ក្នុងនោះ ក្រោយការសាកសួរជនដៃដល់ ផ្អែកលើចម្លើយសារភាព និងរបាយការណ៍ស៊ើបអង្កេតបឋមរបស់នគរបាលយុត្តិធម៌ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនដៃដល់ ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។
មន្ត្រីតុលាការបានប្រាប់ឲ្យដឹងថា ជនដៃដល់ដែលជាឃាតកមានឈ្មោះ ថាច់ សួរ ហៅសួរធំ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ កួកជេដី ស្នាក់នៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកសពបុរសរងគ្រោះ ឈ្មោះ កេត ស៊ីថា អាយុ៥២ឆ្នាំ មុខរបរប្រជាការពារភូមិតាឡី ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។
តាមចម្លើយសារភាពរបស់ជនដៃដល់បានបញ្ជាក់ថា មូលហេតុដែលគេសម្លាប់ជនរងគ្រោះ ដោយសារតែមានគំនុំក្នុងមុខរបរកួកជេដីជាមួយគ្នា។
កាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានប្រជាការពារភូមិតាឡីម្នាក់ត្រូវឃាតកសម្លាប់ នៅចំណុចភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លុះដល់ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឃាតកដែលបានចាក់សម្លាប់ប្រជាការពារភូមិតាឡីត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ដោយមានការសហការ សមត្ថកិច្ចការិយាល័យកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវចាប់ខ្លួនបាន នៅចំណុចផ្លូវ២៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានជួយសម្រួលក្នុងរឿងជម្លោះវាយគ្នាបែកក្បាល ដែលមានមិត្តភ័ក្ដិម្នាក់ទៀតបានវាយជនដៃដល់បែកក្បាល ហើយជនរងគ្រោះដែលស្លាប់ខាងលើនេះបានជួលសម្របសម្រួល ឲ្យខាងអ្នកវាយជនដៃដល់បែកក្បាលដែលជាអ្នកចាក់សម្លាប់(បុរសប្រជាការពារ) ចំនួន៧០០ដុល្លារ ដើម្បីបញ្ចប់រឿង។
ក្រោយពីទទួលបានលុយរួច ជនរងគ្រោះ និងជនដៃដល់ រួមនឹងមិត្តភ័ក្ដិ៣នាក់ផ្សេងទៀត បាននាំគ្នាទៅផឹកស៊ីនៅហាង អាម៉ាហ្សូន រួចហើយក៏បបួលគ្នាមកផឹកបន្តនៅផ្ទះប្រពន្ធចុងជនរងគ្រោះថែមទៀត លុះជិះម៉ូតូដល់ពាក់កណ្តាលផ្លូវ នៅផ្លូវលំសង្កាត់ជើងឯក ជនដៃដល់បានឈប់ម៉ូតូ រួចចុះពីលើម៉ូតូកាន់កាំបិតស្ទុះទៅចាក់ជនរងគ្រោះចំនួន៣កាំបិត រួចក៏ជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថិភាពទៅ។
ចំពោះមូលហេតុដែលឈានដល់ការចាក់សម្លាប់ជនរងគ្រោះ គឺផ្តើមចេញពីទំនាស់ទិញលក់ដី ហើយមុនពេលកើតហេតុជនរងគ្រោះបានស្ទុះទៅវាយជនសង្ស័យ ទើបធ្វើឲ្យជនសង្ស័យការពារខ្លួនទាញកូនកាំបិតចាក់ទៅលើជនរងគ្រោះតែម្ដងទៅ៕
Source: Kampuchea Thmey Daily
0 Comments