ប្រដាល់ ៖ កីឡាករ ច្រឹង ពលរដ្ឋ ខ្សែបម្រើកណ្ដាលប្រចាំក្រុមក្រសួងការពារជាតិ ដែលជាម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៧ ត្រូវបានក្លិបធំជាងគេនៅប្រទេសថៃគឺ BuriramUnited ប្រកាសចុះកិច្ចសន្យានាំយកទៅចូលរួមក្រុមកាលពីដើមសីហា ឆ្នាំ២០១៨ថ្មីៗនេះ ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល២ឆ្នាំ។
ក្លិប Buriram United បានប្រកាសថាការចុះកិច្ចសន្យាជាមួយច្រឹង ពលរដ្ឋ គឺដើម្បីបំពេញកៅអីកូតាអាស៊ាននៅក្នុងលីគកំពូលប្រទេសខ្លួន ពោលគឺក្លិបនីមួយៗអាចចុះបញ្ជីកីឡាករបរទេសបាន៥នាក់ដោយក្នុងនោះមានកីឡាករតំបន់អាស៊ាន១នាក់ តំបន់អាស៊ី១នាក់និង៣នាក់ផ្សេងទៀតមិនកំណត់ជាតិសាសន៍។ កីឡាករកម្ពុជា ទី៣ ដែលទៅលេងនៅលីគកំពូលថៃ រូបនេះទទួលបានប្រាក់កម្រៃប្រមាណជាង៥ពាន់ដុល្លារ ក្នុងមួយខែ បូកទាំងរថយន្តមួយគ្រឿង និងខុនដូ១ទៀត សម្រាប់រស់នៅប្រកបអាជីពទៅនោះ។
កីឡាករខ្សែបម្រើកណ្ដាលរូបនេះបានរងរបួសយារសរសៃជង្គង់ខាងស្តាំ នៅក្នុងប្រកួតសប្ដាហ៍ទី១៧នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០១៧ ក្នុងជំនួបយកឈ្នះ២ ទល់១ លើក្លិបខេមបូឌានថាយហ្គឺរ។ របួសរបស់កីឡាកររូបនេះបានវះកាត់ព្យាបាលរួចរាល់ហើយ ខណៈរូបគេអាចនឹងជាទាន់ពេលវេលាមុនរដូវកាលថ្មីឆ្នាំ២០១៩ នៅប្រទេសថៃចាប់ផ្ដើម។
នៅក្នុងកិច្ចសម្ភាសន៍លើ Youtube របស់ក្លិបកំពូលតារាងលីគកំពូលថៃ មួយនេះកីឡាករ ច្រឹង ពលរដ្ឋ រំពឹងថាបទពិសោធន៍នៅក្រៅប្រទេសរបស់ខ្លួននឹងពង្រឹងសមត្ថភាពរបស់គេឲ្យកាន់តែខ្លាំងឡើងថែមទៀត ក្រោយសម្រាកមួយរយៈពេលធំ។
កីឡាកររូបនេះបានឲ្យដឹងថា រូបគេនឹងធ្វើដំណើរទៅកាន់ក្លិប Buriram United នៅខែធ្នូ ខាងមុខ ដើម្បីហ្វឹកហាត់ជាផ្លូវការខណៈជាបណ្ដោះអាសន្នរូបគេកំពុងហ្វឹកហាត់ជាមួយក្លិបចាស់ក្រសួងការពារជាតិសិន។
សូមបញ្ជាក់ថា ច្រឹង ពលរដ្ឋ ធ្លាប់មានពាក្យចចាមអារ៉ាមថា ក្លិបបាល់ទាត់ Chonburi FC ដែលជាសមាជិក នៃលីគកំពូលប្រទេសថៃ តាមប្រមាញ់យកទៅចូលរួមក្រុម ក្រោយចប់ស៊ីហ្គេម ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី តែក្រោយមកព័ត៌មាននេះក៏ស្ងប់ទៅវិញ។ មុនរដូវកាលថ្មីឆ្នាំ២០១៧ ចាប់ផ្ដើមក៏មានដំណឹងមកពីប្រទេសសិង្ហបុរី មានក្លិបតាមចាប់អារម្មណ៍កីឡាកររូបនេះដែរ តែក៏ស្ងប់ស្ងាត់ជាបន្តទៀត។ រូបក៏បរាជ័យក្នុងការផ្ទេរទៅកាន់ក្លិបចំណូលថ្មីវិសាខាផងដែរ និងចុងក្រោយលេចឮថាមានក្លិបនៅប្រទេសអេស្ប៉ាញមកទាក់ទងដែរតែមិនមានដំណឹងបន្ថែម។
កីឡាករវ័យ២១ឆ្នាំរូបនេះ ធ្លាប់ជាសមាជិកក្នុងក្រុមយុវជនថ្នាលប្រចាំក្លិបព្រះខ័នរាជ (ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្ន) ហើយរូបគេត្រូវបាន លោក សំ វ៉ាន់ដេត ដាក់ឈ្មោះក្នុងក្រុមឈុតធំចាប់ពីឆ្នាំ២០១០ ដល់២០១៣ ហើយចន្លោះពីឆ្នាំ២០១៣ ដល់២០១៥ រូបគេចូលរួមជាមួយក្រុមត្រាយអាស៊ី (ខេមបូឌានថាយហ្គឺរ បច្ចុប្បន្ន) រហូតចាប់ពីឆ្នាំ២០១៥ ដល់បច្ចុប្បន្នរូបគេចូលរួមជាមួយក្រុមក្រសួងការពារជាតិ។ កីឡាកររូបនេះធ្លាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា តាំងពី U16,U19,U22 និងជម្រើសជាតិផងដែរ៕
Source: Kampuchea Thmey Daily
0 Comments