បន្ទាយមានជ័យ ៖ ក្មេងសាក់ពេញខ្លួនមានចំនួន៣នាក់ ជំនាញខាងឆក់ជនបរទេសនៅសៀមរាបហើយបានគេចខ្លួនមករស់នៅខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំនគរបាល១ក្រុម តាមចាប់បាននៅភ្នំស្រុក នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក សិទ្ធិ ឡោះ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ចោរឆក់ទាំង៣នាក់នេះ ជំនាញខាងឆក់អីវ៉ាន់ជនបរទេសនៅខេត្តសៀមរាប តាមចាប់មិនបាន ហើយបានគេចខ្លួនមកសំងំរស់នៅស្រុកភ្នំស្រុក នគរបាលខេត្តសៀមរាប បានរាយការណ៍មកឲ្យនគរបាលខេត្តបន្ទាយមានជ័យតាមចាប់ហើយប្រាប់អំពីភិនភាគ ទើបឲ្យកម្លាំងអធិការនគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនបានតែម្ដង។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះ ពៅ អីឆាយ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅខេត្តប៉ៃលិន។ ២-ឈ្មោះ សាត ឈីឡាង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅខេត្តព្រះវិហារ ពីដើមរស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សព្វថ្ងៃរស់នៅខេត្តព្រះវិហារ។ ៣-ឈ្មោះ លាង ហាក់ ហៅ ញ៉ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅខេត្តសៀមរាប ពីដើមរស់នៅអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជនទាំង៣នាក់នេះ ពាក់ព័ន្ធនឹងករណីឆក់ ប្រព្រឹត្តនៅសៀមរាប កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីនគរបាលជំនាញសួរនាំហើយ បានរៀបចំឯកសារប្រគល់ទៅឲ្យនគរបាលខេត្តសៀមរាប ដើម្បីចាត់ការបន្ត៕
Source: Kampuchea Thmey Daily
0 Comments