បាល់ទាត់ ៖ ខ្សែការពារ លី សារ័ត្ន អតីតកីឡាករព្រះខ័នរាជស្វាយរៀង បានអះអាងថា ការផ្លាស់ទៅចូលរួមជាមួយក្រុមសូលទីឡូអង្គរ ដែលជាក្លិបក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) ដូចគ្នា គឺគិតថាខ្លួននឹងមានឱកាសបង្ហាញសមត្ថភាពបានច្រើនលើទីលាន និងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត។
កីឡាកររូបនេះត្រូវបានលោក សំ វ៉ាន់ដេត ដែលជាគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀយ នៅសម័យនោះ ដំឡើងរូបគេឲ្យចូលក្នុងក្រុមធំ អំឡុងឆ្នាំ២០១០ តែមិនសូវបានបង្ហាញខ្លួនទៀងទាត់ឡើយ ព្រោះថាក្រុមនេះសំបូរទៅដោយកីឡាករឆ្នើមៗជាច្រើន។
កីឡាករវ័យ២៣ឆ្នាំរូបនេះបញ្ជាក់ថា ៖ «និយាយទៅ ខ្ញុំសម្រេចចិត្តមកសូលទីឡូ ខ្ញុំមានចំណាប់អារម្មណ៍ថា ខ្ញុំអាចលេងបានច្រើន ហើយខ្ញុំចង់ដកស្រង់បទពិសោធន៍ពីក្លិបសូលទីឡូបន្ថែមទៀត»។
កីឡាករ លី សារ័ត្ន គឺជាកីឡាករថ្មីទី៣របស់ក្រុមសូលទីឡូអង្គរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប បន្ទាប់ពីការទៅដល់ពីសំណាក់អតីតមិត្តរួមក្រុមយុវជនព្រះខ័នរាជស្វាយរៀង ប្រាក់ សុវណ្ណពិសិដ្ឋ ជាកូនបង្កើតរបស់ លោក ប្រាក់ សុវណ្ណារ៉ា និងសិស្សច្បងអ្នកចាំទីដៃស្អិតខ្មែរ-ឥស្លាម យុគ្គ អៈរី កាលពីដើមខែវិច្ឆិកា កន្លងទៅ។
សូមបញ្ជាក់ថា ក្រុមសូលទីឡូអង្គរ ក្រោមការដឹកនាំរបស់ លោក Yuki Matsuda បានចំណាត់ថ្នាក់លេខ១០ ក្នុងចំណោមសមាជិកទាំង១២ក្នុងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០១៨នេះ ក្រោយរកបានជ័យជម្នះចំនួន៥លើក ហើយធ្លាប់ស្មើ៥ លើកនិងចាញ់១២លើកមាន២០ពិន្ទុ ដែលអាចបន្តក្នុងលីគកំពូលរដូវកាលបន្ទាប់ទៀត។
ចំណែកក្នុងពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន វិញ ក្រុមសូលទីឡូអង្គរ បានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់គូប្រជែងក្នុងខេត្តតែមួយ គឺអង្គរថាយហ្គឺរ ដោយលទ្ធផលទាំង២ជើង៣ទល់២៕
Source: Kampuchea Thmey Daily
0 Comments