បន្ទាយមានជ័យ ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានជិះកង់ចេញពីផ្ទះទៅរកត្រីនៅវាលស្រែ ស្រាប់តែបាត់ជាច្រើនម៉ោង កូនៗភ័យ បានចេញពីផ្ទះទៅដើររក ស្រាប់តែឃើញម្ដាយស្លាប់ដោយរឹត.ក ចងដៃទាំងពីរមកក្រោយ គួរឲ្យសង្វេគ។
កូនៗ បានប្រទះឃើញសពនៅវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើដីស្រែមួយកន្លែង ក្នុងភូមិឫស្សីខាង ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃូន ឃីន ភេទស្រី អាយុ៤៩ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅក្នុងភូមិឫស្សីខាង ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី បានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះ ស្ត្រីរងគ្រោះបានជិះកង់ពេញពីផ្ទះនៅវេលាម៉ោង៩ព្រឹក ទៅរកបាចក្រឡុកទឹកចាប់ត្រី លុះដល់ម៉ោង៥ មិនឃើញវិលត្រឡប់មកផ្ទះវិញ កូនៗបានទៅរក ក៏ប្រទះឃើញសពនៅនឹងវាលស្រែ ដោយរឹត.ក ចងដៃនៅវេលាម៉ោង៨យប់។
ក្រោយពីកើតហេតុហើយ គេឃើញមានសមត្ថកិច្ចជំនាញបានចុះមកពិនិត្យសពជនរងគ្រោះ និងបានធ្វើការសន្និដ្ឋានថា សពនេះត្រូវបានឃាតកវាយសម្លាប់ក្នុងប្រឡាយដែលមានទឹកតិចៗ រួចអូសទៅចោលក្នុងវាលស្រែ ម្ដុំត្រពាំងក្បាលក្របី ខាងលិចខាងត្បូងភូមិ ប្រហែលជា២គីឡូម៉ែត្រ នៅខាងត្បូងផ្លូវជាតិលេខ៦ ប្រហែល១គីឡូម៉ែត្រ ព្រោះនៅលើសពជនរងគ្រោះ ត្រូវឃាតកយកខ្សែស្បែកជើងពណ៌ស ចងដៃទាំង២មកក្រោយ យកខ្សែនីឡុងពណ៌លឿង ចងរឹតត្រង់ ក នៅលើរង្វង់ភ្នែកទាំងសងខាង មានស្នាមជាំ។
ក្រោយពីធ្វើកោសល្យវិច័យសាកសពរួចរាល់ សមត្ថកិច្ចជំនាញបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឃាតក ត្រូវបានសមត្ថកិច្ចបន្តស្រាវជ្រាវចាប់ខ្លួនយ៉ាងសស្រាក់សស្រាំ៕
Source: Kampuchea Thmey Daily
0 Comments