ភ្នំពេញ ៖ ដើម្បីគណបក្សប្រជាជនកម្ពុជា នៅតែបន្តភាពខ្លាំង មានប្រជាប្រិយភាពទទួលបានជ័យជម្នះថ្មីៗបន្តទៀត លុះត្រាតែមានកត្តាសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយរវាងសមាជិកចាស់ និងបង្កើនសមាជិកថ្មីប្រកបដោយភារៈភាព និងសហការល្អ បន្តជំរុញការគាំទ្រដោយឥតងាករេ ចំពោះការដឹកនាំដ៏ល្អរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាប្រធានគណបក្ស។ នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវក្នុងឱកាស នៃពិធីផ្សព្វផ្សាយខ្លឹមសារមហាសន្និបាត គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាលើកទី៤១ អាណត្តិទី៥ ដែលបានប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ជូនដល់សមាជិក សមាជិកា គណបក្សខណ្ឌឫស្សីកែវប្រមាណជិត១ពាន់នាក់ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ៥រោចខែមិគសិរ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលម៉ូឌែន៥ ឫស្សីកែវ។
មានប្រសាសន៍ទៅកាន់ថ្នាក់ដឹកនាំបក្សមូលដ្ឋាន សមាជិក សមាជិកា តំណាងគណបក្សទូទាំងខណ្ឌ លោកប្រធាន ក្រុម ការ ងារ បានក្រើនរំលឹកឲ្យបង្កើនការលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈជូនប្រជាជន ដូចជា វិស័យអប់រំ សុខាភិបាល សាធារណការ និងវិស័យផ្សេងៗទៀត គឺសុទ្ធតែជាភារកិច្ចចាំបាច់ ហេតុនេះរឿងដំណោះស្រាយគោលនយោបាយល្អៗផ្សេងៗគឺជារឿងមួយ ចំណែកសេវាកម្មសាធារណៈ គឺត្រូវធ្វើឡើងដោយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ប្រកបដោយប្រសិទ្ធភាព ទំនួលខុសត្រូវខ្ពស់បន្ថែមទៀត និងរហ័សទាន់ចិត្ត តាមពិតវាមិនមែនជាគោលនយោបាយដែលផ្តល់ជូនប្រជាជននោះទេ តែវាជាកាតព្វកិច្ចរបស់យើង និងរបស់បក្សយើង ដើម្បីជាតិយើងតែម្ដង។
លោកបានបញ្ជាក់ថា ព្រឹត្តិការប្រវត្តិសាស្ត្រសំខាន់ៗ នៅចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩នេះ កម្ពុជាបាន និងត្រៀមរៀបចំព្រឹត្តិការណ៍ចំនួនបីសំខាន់ៗ គឺ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ រាជរដ្ឋាភិបាល បានរៀបចំការរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃបង្កើតចលនារណសិរ្ស២ធ្នូ នៅស្រុកស្នួល ខេត្តក្រចេះ។
នៅថ្ងៃទី២៩,៣០ និង៣១ ខែធ្នូ ឆ្នាំ២០១៨ នឹងរៀបចំពិធី សម្ពោធវិមានឈ្នះ ឈ្នះ ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដើម្បីជាការអបអរសាទរ ខួប២០ឆ្នាំ នៃការអនុវត្តដ៏ជោគជ័យនូវនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងអ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺយើងបានត្រៀមរៀបចំមិទ្ទិញដ៏ធំមួយនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីរំលឹកខួបអនុស្សាវរីយ៍ នៃជ័យជម្នះ ៧ មករា ១៩៧៩ - ៧ មករា ២០១៩ ក្នុងការវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានខិតខំក្នុងការការពារ និងកសាងប្រទេសជាតិពីគំនរផេះផង់ ឲ្យមានការអភិវឌ្ឍដូចសព្វថ្ងៃ៕
Source: Kampuchea Thmey Daily
0 Comments