Ad Code

ការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ​ពលរដ្ឋ​ថា​ ស្មើ​នឹង​បាន​ចែក​អំណោយ​ដល់​ពួកគាត់​អញ្ចឹង​ដែរ​



បាត់ដំបង ​៖​ នៅ​ក្នុង​តំបន់​បឹង​ទន្លេសាប ​ក្នុង​ទឹកដី​ខេត្ត​បាត់ដំបង​ ជាពិសេស​ក្នុងស្រុក​ឯក​ភ្នំ ស្រុក​សង្កែ​ និង​ស្រុក​មោងឬស្សី ​តាម​ការ​សង្កេតឃើញ​ថា​ នៅពេល​មន្ត្រី​ពាក់ព័ន្ធ​ចុះបង្ក្រាប​ម្តងៗ​ តែងមាន​ពលរដ្ឋ​ជាច្រើន​បាន​សាទរ​ និង​ត្រេកអរ​រាល់​លើក ​ហើយ​មើលទៅ​ហាក់ដូចជា ​ពួកគាត់​នាំគ្នា​សប្បាយ​នឹង​សកម្មភាព​បង្ក្រាប​លើ​ករណី​នេះ​ណាស់ ​រហូតដល់​ពួកគាត់​នាំគ្នា​និយាយប្រាប់​អ្នកយក​ព័ត៌មាន​យើង​ថា​ ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​ ពួកគាត់​សប្បាយចិត្ត​ និង​ត្រេកអរ​ ជាង​ចែក​អំណោយ​ដល់​ពួកគាត់​ទៅទៀត​។​

ការនិយាយ​របស់​ប្រជាពលរដ្ឋ​បែបនេះ​ជាមួយនឹង​អ្នក​សារព័ត៌មាន​ នៅ​ខណៈ​ដែល​មន្ត្រី​ពាក់ព័ន្ធ​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​កាលពី​ថ្ងៃទី​២៧ ​ខែធ្នូ​ ឆ្នាំ​២០១៨​ថ្មី​នេះ​។

​គួរ​បញ្ជាក់​ផងដែរ​ថា​ ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​កាលពី​ថ្ងៃទី​២៧ ​ខែធ្នូ​ ឆ្នាំ​២០១៨​ កន្លង​ថ្មីៗ​នេះ​មាន​ លោក​ អ៊ុយ​ សុធា​រី​ ជា​អភិបាលរង ​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ ជា​អ្នកដឹកនាំ​កម្លាំង​ ដោយ​បាន​សហការ​ជាមួយ​កងកម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ឯក​ភ្នំ​ រួម​នឹង​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ លោក​ប្រធាន​មន្ទីរ​មុខងារ​សាធារណៈ​ខេត្ត​ អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងត្បូង​បឹង​ទន្លេសាប​ព្រមទាំង​អាជ្ញាធរ​ដែនដី​ ឃុំ​កោះ​ជី​វាំង ​និង​សហគមន៍​នេសាទ​ព្រែក​ទាល់​ផង ​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​ចំណុច​មួយចំនួន ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ឯក​ភ្នំ​។

​តាម​សេចក្ដីរាយការណ៍​មក​ថា ​ចំណុច​ដែល​បាន​ចុះបង្ក្រាប​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឯក​ភ្នំ​នោះ​រួមមាន​​ចំណុច​ពាម​ព្រែក​ព្រះ​ដើមឈើ​,​ចំណុច​ដៃ​អូរ​ពាក់​កន្ទេល​,​និង​ចំណុច​ចែង​ឡូត៍​២​ អតីត​ឡូត៍​នេសាទ​លេខ​២​។​

ចំពោះ​លទ្ធផល​ក្នុងការ​បង្ក្រាប​ខាងលើនេះ ​សមត្ថកិច្ច​ បាន​រឹបអូស​ឧបករណ៍​ខុសច្បាប់​ដូចជា សាច់​មង​ប្រវែង​២.៤០០​ម៉ែត្រ​,​ឡុ​ក​ចំនួន​១២​ឡុ​ក​,​បង្គោល​ឈើ​ចំនួន​១.៣០០​ដើម​ ត្រូវបាន​ដុតបំផ្លាញ​ចោល​ភ្លាមៗ​ ចំណែក​កូន​ត្រី​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ មាន​ចំនួន​សរុប​២០០​គីឡូក្រាម​ផង​ដែរ​៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu