ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នេះ លោកនាយឧត្ដមសេនីយ៍ថោង លីម អគ្គស្នងការរងនគរបាល ជាតិ និង ជាប្រធានក្រុមការងារ ចុះជួយពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម ខេត្តព្រះសីហនុ និង ខេត្តជាប់ឆ្នេរសមុទ្រ មាន កំពត កែប បានដឹកនាំកិច្ចប្រជុំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានថ្នាក់ដឹកនាំ ជាស្នងការ ស្នងការរង ខេត្តព្រះសីហនុ ខេត្តកែប និង ខេត្តកំពត បានមកចូលរួមជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឡើងរាយការណ៍ ដោយលើកឡើងអំពីសភាពការណ៍ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងរយៈពេល៣ ខែកន្លងមកនេះ និង បញ្ហាប្រឈមនានា ដែលកើតមានឡើង មានជាអាទិ៍ បញ្ហាសណ្ដាប់ធ្នាប់ចរាចរណ៍ ការកកស្ទះ កំណើន នៃការប្រើប្រាស់យានយន្ត ផ្លូវចង្អៀត ជនជាតិបរទេសបើកលឿនៗ មិនគោរពច្បាប់ចរាចរណ៍ ហាងម៉ាស្សាខ្លះ មានបង្កប់សេវាកម្មផ្លូវភេទ ក្លិបកម្សាន្តខ្លះមានបើកស្លត់ម៉ាស៊ីន(ហ្គេម) ហាងខារ៉ាអូខេខ្លះទៀតលួចលាក់ ប្រើប្រាស់ថ្នាំញៀន និង បញ្ហាជនជាតិចិននិយាយឡូឡាពេលយប់។ ..ល។
ថ្លែងក្នុងឱកាសនេះដែរ លោកនាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ ជំរុញឲ្យផ្សព្វផ្សាយផែនការរបស់ថ្នាក់លើ ឲ្យដល់មូលដ្ឋាន ពេលដែលមូលដ្ឋានអនុវត្តតាមផែនការរបស់ថ្នាក់លើបានជោគជ័យ ធ្វើឲ្យភូមិឃុំ មានសុវត្ថិភាព ក្នុងស្រុក ក្រុង ខេត្តទាំងមូល នឹងទទួលបានសុខសុវត្ថិភាពឲ្យបានល្អ៕
Source: Kampuchea Thmey Daily
0 Comments