Ad Code

ខេត្ត​ត្បូងឃ្មុំ​ បាន​រៀបចំ​ទិវា​សាលារៀន​ចម្ការ​កសិករ​ ស្ដីពី​ការគ្រប់គ្រង​ជំងឺ​ម៉ូ​សា​អ៊ិ​ច ​លើ​ដំណាំ​ដំឡូង​មី



ត្បូងឃ្មុំ ​៖ ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ពី​ជំងឺ​ម៉ូ​សា​អ៊ិ​ច​ លើ​ដំណាំ​ដំឡូង​មី នា​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨​នេះ នៅ​ភូមិ​ក្បាល​បឹង​សេះ​កើត ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​រៀបចំ​ទិវា​សាលារៀន​ចម្ការ​កសិករ​ ស្ដីពី​ការគ្រប់គ្រង​ជំងឺ​ម៉ូ​សា​អ៊ិ​ច ​លើ​ដំណាំ​ដំឡូង​មី ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ ក្នុង​នោះ ក៏​មាន​ការចូលរួម​ពី​ប្រធាន​/​អនុប្រធាន មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​កសិករ​ប្រមា ណ​ជិត​២០០​នាក់។

បន្ទាប់ពី​ លោក ដុក សាវឿន អនុប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម​ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ បាន​នាំ​គណៈអធិបតី ទស្សនា​ពិព័រណ៍ បង្ហាញ​ចម្ការ​ពិសោធន៍​បង្ហាញ​ដំណាំ​ដំឡូង​មី និង​បង្ហាញ​លទ្ធផល​ទទួល​បាន​ពី​សាលារៀន​ចម្ការ​កសិករ ជូន​អង្គ​ពិធី​រួចមក លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់​ថា ខេត្ត​ត្បូងឃ្មុំ​ មាន​ផ្ទៃ​ដី​ដាំ​ដំណាំ​ដំឡូង​មី ៥៣.០០០​ហិកតា ក្នុង​ក្រុង​/​ស្រុក​ទាំង​៧​។

ឆ្នាំ​២០១៨​នេះ តម្លៃ​ដំឡូង​មី ល្អ ក្នុង​រង្វង់ ៤០០​រៀល​/​គ​.​ក្រ ដែល​ធ្វើ​ឲ្យ​ប្រជាកសិករ​មានការ​សប្បាយ​ច​ត្តិ​។ ទន្ទឹមគ្នា នេះដែរ មន្ទីរ​ បាន​សង្កេតឃើញ​ដំឡូង មី​ប្រភេទ​ត្រួយ​ស ទទួលរង​នូវ​ជំងឺ​ម៉ូ​សា​អ៊ិ​ក​(​រួញ​ស្លឹក​) ដែលជា​ជំងឺ មួយ​ប្រភេទ មិន​មាន​ថ្នាំ​ព្យាបាល ហើយ​បណ្ដាល​ឲ្យ​ដំឡូង​មានការ​លូតលាស់​យឺត មើម​តិច​កម្រិត​ជាតិ​ម្សៅ​(​ដេ​សេ​)​ទាប​។

កត្តា បង្ក​ឲ្យ​មាន​ជំងឺ​នេះ ត្រូវបាន​មន្ត្រី​ជំនាញ​សន្និដ្ឋាន​ថា បណ្តាលមកពី​ការប្រើ​ពូជ​ដែលមាន​ផ្ទុក​ជំងឺ​ស្រាប់ និង​កង្វះ ការ​ថែទាំ​ បណ្ដាល​ឲ្យ​ជំងឺ​រាលដាល តាមរយៈ​ភ្នាក់ងារ​ចម្លង​ជំងឺ គឺ​សត្វ​រុយ​ ស​។

ជា​ទម្លាប់​កសិករ មិនសូវ​រក្សាទុក​ពូជ​ដោយ​ខ្លួនឯង​នោះទេ​។ ចំណែក​ដំឡូង​មី​ត្រួយ​ពណ៌​ស្វាយ​ឬ​ពណ៌ ក្រហម មិនមាន​លេចចេញ​រោគសញ្ញា​ជំងឺ​នេះ​ទេ​។ តាម​ការសង្កេត តាមដាន​ទិន្នផល​ដំឡូង​មី មានការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ដោយសារ​ការថយចុះ​នូវ​ជីជាតិ​ដី ដែល​ទាមទារ​ឲ្យ​កសិករ​ត្រូវធ្វើ​ការ​ដាំដុះ​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ដូចជា ការ​ជ្រើសរើស​ពូជ ការ​កាត់​កំណាត់​ដើម​ពូជ បច្ចេក​ទេស​រៀបចំ​ដី ​និង​ដាំ ការ​ប្រើ​ជី​បំប៉ន ការថែទាំ ការ​ប្រមូល​ផល ជាដើម​។​

ថ្លែង​ក្នុង​ឱកាស​នោះ ​ឯកឧត្ដម​បណ្ឌិត ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គ​នាយក​ដ្ឋាន​កសិកម្ម បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៧ កម្ពុជា មាន​ផ្ទៃដី​ផលិតកម្ម​ដំឡូង​មី​ប្រមាណ​៦១​ម៉ឺន​ហិកតា ដែល​ទទួល​បាន​បរិមាណ​ផល​ប្រមាណ​១៣,៨២​លាន​តោន និង​នាំចេញ​គិត​ជា​ទឹកប្រាក់​ប្រមាណ​៦៧៥​លាន​ដុល្លារ​។

បច្ចុប្បន្ន​នេះ មាន​បញ្ហា​មួយ​បាននិងកំពុង​កើតឡើង ​គឺ​ការ​ផ្ទុះឡើង​នូវ ជំងឺ​ម៉ូ​សា​អ៊ិ​ក លើ​ដំណាំ​ដំឡូង​មី​ក្នុង​ខេត្ត​ចំនួន​១០​ នៅ​ប្រទេស​កម្ពុជា​។

ដូច្នេះ កសិករ​ ត្រូវមាន​វិធានការ​លុបបំបាត់​ជំងឺ​នេះ ​ត្រូវ​ធ្វើឲ្យ​បាន​ឆាប់ រហ័ស និង​មាន​ប្រសិទ្ធភាព​បំផុត ពីព្រោះ​ជំងឺ​នេះ​អាចធ្វើ​ឲ្យ​ទិន្នផល​ថយចុះ​យ៉ាង​ច្រើន​ ហើយ​កម្រិត​ជាតិ​ម្សៅ​ក៏​ថយចុះ​ផងដែរ​។

ឆ្លើយតប​នឹង​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​នេះ វិធានការ​បន្ទាន់​ដែល​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​មាន​៤​ គឺ :(១).​យុទ្ធនាការ​ទប់ស្កាត់ ​និង​លុបបំបាត់​ការឆ្លង​រាលដាល​ពូជ​ដំឡូង មី​ ដែលមាន​ជំងឺ​ជា​លក្ខណៈ​អន្តរជាតិ ដោយ​សហការ​ជាមួយ​បណ្ដា​ប្រទេសជិតខាង។ (២). ប្រើប្រាស់​ពូជ​គ្មាន​ផ្ទុក​ជំងឺ និង​ពូជ​ដែល​ធន់​នឹង​ជំងឺ។ (៣).​ដុត​បំផ្លាញ​ដើម​ដំឡូង​មី​ដែល​កើត​ជំងឺ​នៅ​ក្នុង​ចម្ការ។ (៤).​កម្ចាត់​ភ្នាក់ងារ​ចម្លង​ជំងឺ​គឺ​សត្វ​រុយ ​ស​។ ជាពិសេស​ប្រជាកសិករ ត្រូវ​ប្ដេជ្ញា​ចិត្ត​ លុបបំបាត់​ជំងឺ​ម៉ូ​សា​អ៊ិ​ក លើ​ដំណាំ​ដំឡូង​មីនេះ​ជា​បណ្ដើរៗ ដើម្បី​ឈានទៅ​លុបបំបាត់​ជំងឺ​នេះ​ឲ្យ​បាន​ទាំងស្រុង ​ក្នុង​រយៈពេល​ពីរ ​ឬ​បី​ឆ្នាំ​បន្ទាប់​។​

ឯកឧត្ដម បាន​ណែនាំ​កសិករ​ចេះ​រក្សាទុក​ពូជ​ដោយ​ខ្លួនឯង ក្នុង​ដីចម្ការ​ខ្លួនឯង​ក្នុង​រង្វង់​១០%​ នៃ​ផ្ទៃដី​ដាំ ដុះ ព្រោះ​វា​ធ្វើ​ឲ្យ​យើង​រក្សាទុក​បាន​នូវ​ពូជ​ល្អ មិន​មាន​ផ្ទុក​ជំងឺ និង​កាត់បន្ថយ​ចំណាយ​ទិញ​ពូជ​ដែល​មិនមាន​ប្រវត្តិ​ច្បាស់លាស់​ពី​គេ ជាពិសេស​ជៀសវាង ជំងឺ​ម៉ូ​សា​អ៊ិ​ក​នេះ​។​

ឯកឧត្ដម​បណ្ឌិត ងិន ឆាយ បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​ពាក់ព័ន្ធ ក្នុងការ​បង្កើន​នូវ​ចំណេះដឹង​ដល់​មន្ត្រី​ជំនាញ និង​បងប្អូន​ប្រជាកសិករ ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង​សមាសភាព​ចង្រៃ លើ​ដំណាំ​ដំឡូង​មី​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ការពារ​ផលិតផល​ដំណាំ​ដំឡូង​មី ក្នុង​គោល​បំណង​លើកស្ទួយ​ជីវភាព រស់នៅ​របស់​ប្រជាកសិករ​ឲ្យ​បាន​ល្អ​ប្រសើរ ដែល​លទ្ធផល​ទាំងនេះ ជា​មូល​ដ្ឋាន​មួយ​ដ៏​សំខាន់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ ពិសេស​ឆ្លើយតប​ទៅ​នឹង​គោលដៅ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​ជនបទ​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu