Ad Code

ផ្ទុះ​បាតុកម្ម​នៅ​ប្រទេស​ជប៉ុន​ខណៈ​ការងារ​ដើម្បី​ផ្លាស់ប្តូរ​ទីតាំង​មូលដ្ឋាន​របស់​សហរដ្ឋ​អាមេរិក​បាន​បន្ត​ឡើងវិញ



ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​សុក្រ​ បាន​ចាប់ផ្តើម​ឡើងវិញ​នូវ​ការងារ​ដើម្បី​រើ​មូលដ្ឋាន​អាកាស​របស់​យោធា​អាមេរិក​ដ៏​ចម្រូងចម្រាស​មួយ​លើ​កោះ​អូ​គី​ណា​វ៉ា​ ដែល​ជា​ហេតុ​ជំរុញ​អោយ​មាន​ការតវ៉ា​និង​បង្ក​ជា “​កំហឹង​យ៉ាងខ្លាំង​” ពី​សំណាក់​អភិបាល​ក្នុងស្រុក។

អ្នក​កោះ​អូ​គី​ណា​វ៉ា​ជាច្រើន​នាក់​បាន​អំពាវនាវ​ជា​យូរ​ឆ្នាំ​មកហើយ​អោយ​រើ​មូលដ្ឋាន​អាមេរិក​នៅ​ផ្នែក​ភាគខាងត្បូង​ដែលមាន​ប្រជាជន​ច្រើន​របស់​កោះ​មួយ​នេះ​ប៉ុន្តែ​ពួកគេ​ចង់អោយ​វា​ត្រូវ​ផ្លាស់ប្តូរ​ទៅ​នៅ​កន្លែង​ផ្សេងទៀត​នៅក្នុង​ប្រទេស​នេះ​ជាជាង​ទៅ​តំបន់​ដាច់ស្រយាល​លើ​កោះ​អូ​គី​ណា​វ៉ា​តាម​ការចង់បាន​របស់​រដ្ឋាភិបាល​។​

លោក​អភិបាល Denny Tamaki បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​ខ្ញុំ​មិនអាច​ជួយ​បានទេ​ប៉ុន្តែ​មាន​អារម្មណ៍​ខឹង​ខ្លាំងណាស់​នៅពេល​ចាប់ផ្តើម​ការចាក់ដី​បំពេញ​ដោយ​មិន​អើពើ​ទៅនឹង​ឆន្ទៈ​របស់​ប្រជាជន​កោះ​អូ​គី​ណា​វ៉ា​”​។​

អភិបាល​ដែល​ទើប​ជាប់ឆ្នោត​រូបនេះ​បាន​ជំទាស់​យ៉ាង​ដាច់ខាត​ចំពោះ​មូលដ្ឋាន​ដែល​នឹង​ត្រូវបាន​ផ្លាស់​ទីតាំងនៅ​ក្នុង​កោះ​អូ​គី​ណា​វ៉ា​ដដែល​នេះហើយ​បាន​លើកយក​បញ្ហា​នេះ​កាលពីដើមឆ្នាំ​ទាំង​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជ​ប៉ុន​និង​អំឡុង​ការធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​។​

រូបភាព​ទូរទស្សន៍​ពីលើ​អាកាស​បានបង្ហាញ​អោយឃើញ​ដី​មួយ​គំនរ​ធំ​នៅលើ​ឆ្នេរ Henoko ក្នុង​ទីក្រុង Nago របស់​កោះ​អូ​គី​ណា​វ៉ា​ដែល​ត្រូវបាន​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​ជា​ផ្នែក​មួយ​នៃ​ការចាក់ដី​បំពេញ​ដើម្បី​សាងសង់​ទីតាំង​ថ្មី​នេះ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា បាតុករ​បានធ្វើ​បាតុកម្ម​នៅ​កន្លែង​នោះ​រួមទាំង​អ្នកខ្លះ​ដែល​ជិះទូក​ទៅ​សមុទ្រ​ផងដែរ​ដើម្បី​ព្យាយាម​រារាំង​ការងារ​នេះ​។​

គួរ​បញ្ជាក់ថា កោះ​អូ​គី​ណា​វ៉ា​មាន​ដី​តិចជាង​មួយ​ភាគរយ​នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​ជប៉ុន​ប៉ុន្តែ​កោះ​នេះ​បានទទួល​កងទ័ព​អាមេរិក​ជាង​ពាក់កណ្តាល​នៃ​កងទ័ព​អាមេរិក​ប្រហែល​៤៧,០០០​នាក់​ដែល​កំពុង​ឈរជើង​នៅ​ប្រទេស​ជប៉ុន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu