ប៉ូលិសនៅក្នុងប្រទេសម៉ាល់ឌីវបានកោះហៅអតីតប្រធានាធិបតីលោក Abdulla Yameen ដើម្បី សាកសួរជាផ្នែកមួយនៃការស៊ើបអង្កេតចូលទៅក្នុងកិច្ចព្រមព្រៀងដែលលោកបានធ្វើអំឡុងពេលកាន់អំណាចដែលភាគច្រើននៃពួកគេគឺពាក់ព័ន្ធនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធចិន។
លោក Yameen បានចាញ់ការបោះឆ្នោតប្រធានាធិបតីកាលពីខែកញ្ញាហើយរដ្ឋាភិបាលថ្មីនៃអ្នកកាន់តំណែងបន្តរបស់គាត់គឺលោក Mohamed Ibrahim Solih កំពុងព្យាយាមកំណត់អំពីវិសាលភាពនៃប្រាក់កម្ចីរបស់ប្រទេសចិនដែលផ្តល់ហិរញ្ញប្បទានដល់ផ្នែកសំណង់នៅក្នុងប្រជាជាតិកោះមហាសមុទ្រឥណ្ឌាមួយនេះ។
ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា “សេវានេះកំពុងស៊ើបអង្កេតរបាយការណ៍ដែលដាក់ដោយស្ថាប័នរដ្ឋដែលបានចោទប្រកាន់អតីតប្រធានាធិបតីលោក Abdulla Yameen ថាបានធ្វើប្រតិបត្តិការហិរញ្ញវត្ថុខុសច្បាប់ខណៈគាត់កាន់តំណែងជាប្រធានាធិបតី”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Yameen បានបដិសេធរាល់ការប្រព្រឹត្តខុសហើយបាននិយាយថា គាត់បានខ្ចីប្រាក់កម្ចីដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច។
ក្រុមអ្នករិះគន់បាននិយាយថា កិច្ចសន្យាត្រូវបានផ្តល់អោយក្រុមហ៊ុនចិនក្នុងតម្លៃខ្ពស់ដូចជាស្ពានភ្ជាប់ពីរដ្ឋធានី Male ទៅអាកាសយានដ្ឋានដ៏ធំនៃប្រទេសមួយនេះជាដើម។
លោក Mohamed Hussain Shareef អគ្គលេខាធិការនៃគណបក្ស Progressive Party of Maldives របស់លោក Yameen បានថ្លែងថា ប៉ូលិសបានស្នើអោយអតីតប្រធានាធិបតីបង្ហាញខ្លួននៅទីស្នាក់ការកណ្តាលរបស់ពួកគេនៅថ្ងៃសៅរ៍។
ប្រទេសម៉ាល់ឌីវបានក្លាយទៅជាសមរភូមិចុងក្រោយបង្អស់សម្រាប់ឥទ្ធិពលរវាងគូប្រជែងចាស់គឺឥណ្ឌានិងចិន។
លោក Yameen បានដឹកនាំប្រទេសដែលមានប្រជាជនត្រឹមតែជាង៤០០,០០០នាក់មួយនេះអោយខិតទៅជិតប្រទេសចិនឆ្ងាយពីដៃគូប្រពៃណីឥណ្ឌា។
ប៉ុន្តែចាប់តាំងពីការចាញ់ឆ្នោតដ៏គួរអោយភ្ញាក់ផ្អើលរបស់លោក Yameen មក ប្រទេសឥណ្ឌាបានបញ្ចេញឥទ្ធិពលរបស់ខ្លួនឡើងវិញ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments