Ad Code

ក្រុម​យុវជន​ស្ម័គ្រចិត្ត​ ដើម្បី​សុខភាព ព្រួយបារម្ភ​ចំពោះ​ឥទ្ធិពល​អាក្រក់​ នៃ​គ្រឿង​ស្រវឹង​



ភ្នំពេញ ​៖ ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​សុខភាព និង​ក្រុមនិស្សិត​ នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស​បាន​សម្ដែង​នូវ​ព្រួយបារម្ភ​ចំពោះ​ឥទ្ធិពល​អាក្រក់​ នៃ​គ្រឿង​ស្រវឹង ហើយ​បាន​សំណូមពរ​ឲ្យ​រាជរដ្ឋា​ភិបាល​កម្ពុជា ជួយ​ពន្លឿន​ការអនុម័ត​ច្បាប់​ ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿង​ស្រវឹងឲ្យ​បាន​ឆាប់ ហើយ​អនុវត្ត​ច្បាប់​នេះ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត ខណៈ​ការសេព​គ្រឿង​ស្រវឹង​កាន់តែ​មានការ​កើន​ឡើង​នៅ​ក្នុង​សង្គម​គ្រួសារ ក៏ដូចជា​នៅក្នុង​សង្គមជាតិ​នាពេល​បច្ចុប្បន្ននេះ​។​

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីអំពី «​ផល​ប៉ះពាល់ នៃ​គ្រឿង​ស្រវឹង​» ក្រោម​ការរៀបចំ​ដោយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ដើម្បី​សុខភាព ព្រឹក​ថ្ងៃ​ទី​១៤​ធ្នូ​នេះ នៅ​សាកលវិទ្យាល័យ​ធនធានមនុស្ស ក្រុម​យុវជន​យើង​យល់ឃើញថា ការ​សេព​គ្រឿង​ស្រវឹង​នាពេល​បច្ចុប្បន្ននេះ កាន់តែ​មានការ​កើនឡើង តាមរយៈ​ការផ្សព្វផ្សាយ​អវិជ្ជមាន​មួយ​ចំនួន​អូសទាញ​ឲ្យ​សេព​គ្រឿង​ស្រវឹង​មាន​ភាព​ផុលផុស​យ៉ាង​ខ្លាំង ក៏ប៉ុន្តែ​ការអប់រំ និង​ការ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​ នៃ​គ្រឿង​ស្រវឹង ​នៅមាន​ការខ្វះខាត​។​

លោក ណា​ល់ វិឆៃ ក្រុម​យុវជន​ស្ម័គ្រចិត្ត​ដើម្បី​សុខភាព បាន​លើកឡើងថា ការផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង ដែល​មាន​លក្ខណៈ​អូសទាញ​តាមរយៈ​បំប៉ោង​រង្វាន់​ពង្វក់​ស្មារតី ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន ដែល​ជា​សសរ​ទ្រូង​ជាតិ ឈ្លក់​វង្វេង​នឹង​ការ​សេព​គ្រឿង​ស្រវឹង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាគត​រប​ស់​ពួកគេ​។

គ្រឿង​ស្រវឹង​មិន​ត្រឹមតែ​បង្ក​ផល​ប៉ះពាល់​ដល់​បុគ្គល​ដែល​សេព​ប៉ុណ្ណោះ​ទេ វា​ក៏​បង្ក​ផល​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ និង​សង្គមជាតិ បង្ក​ឲ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ អំពើ​ហិង្សា ភាព​ក្រីក្រ និង​គ្រោះថ្នាក់​ចរាចរណ៍​ជា​ដើម​។

លោក​បន្ដថា ក្នុងនាម​ជា​យុវជន​ គឺ​មិន​ពេញចិត្ត​ចំពោះ​ការ​បើក​ទូលាយ​ហួសហេតុ ដល់​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង ​តាមរយៈ​គ្រប់​រូបភាព​នៅក្នុង​ប្រទេស​កម្ពុជា ដូចជា ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ដោយ​ភ្ជាប់​ជាមួយ​នូវ​មោទនភាព​ជាតិ បេតិកភណ្ឌ​ជាតិ និង​ការ​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​យ៉ាង​គគ្រឹកគគ្រេង​ផង​ដែរ​។​

លោក ឈុន ណុ​ច សកលវិទ្យាធិការ​រង ​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស​បាន​មានប្រសាសន៍​លើក​ឡើង​ថា គ្រឿង​ស្រវឹង​ជា​ផ្នែក​មួយ នៃ​ផល​ប៉ះពាល់​ដល់​សង្គមជាតិ ​យើង​អាច​ចូលរួម​ក្នុងការ​កាត់បន្ថយ​បាន ទី​១-​ទាមទារ​ការ​យល់​ដឹង​ពី​បុគ្គល​គ្រប់រូប​ពី​ផលប៉ះពាល់​ដល់​សុខភាព នៃ​គ្រឿង​ស្រវឹង​ឲ្យ​បាន​ទូលំទូលាយ។ ទី​២-​ពាក់ព័ន្ធ​នឹង​យន្តការ​គ្រប់គ្រង​គ្រឿង​ស្រវឹង​តាមរយៈ​ពង្រឹង​ប្រព័ន្ធ​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​ឲ្យ​បាន​ល្អប្រសើរ។ ទី​៣-​កុំ​ឲ្យ​មានការ​ផ្សព្វផ្សាយ​មាន​លក្ខណៈ​អូសទាញ​បែប​ឆបោក​បញ្ឆោត​ខ្លាំង​ពេក ថា​មាន​រង្វាន់​រាប់លាន​ដុល្លារ​ជាដើម​នោះ ​លោក​មិន​គាំទ្រ​ទេ​។

លោក​បន្តថា វេទិកា​សន្និសីទ​សារព័ត៌មាន​ស្ដីអំពី «​ផលប៉ះពាល់ នៃ​គ្រឿង​ស្រវឹង​»​ថ្ងៃនេះ ​សំខាន់​ណាស់ ដើម្បី​ផ្តល់នូវ​ចំណេះដឹង​មួយចំនួន ក្នុងន័យ​អប់រំ​បុគ្គលិកលក្ខណៈ​សម្បត្តិ​រប​ស់បង​ប្អូន​និស្សិត​យើង​ផង ហើយក៏​អាចជា​សារ​មួយ​ទៅដល់​សង្គម​កម្ពុជា​ទាំងមូល​ ពាក់ព័ន្ធ​នឹង​ឥរិយាបថ នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ដែល​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ទៅដល់​បុគ្គល​អ្នកប្រើប្រាស់ ក៏ដូចជា​ប៉ះ​ពាល់​ដល់​សង្គម​កម្ពុជា​។​

បើតាម​ឯកសារ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា ​បានធ្វើ​សេចក្ដី​ព្រាង​ច្បាប់ ​ស្តីពី ការ​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង កាលពី​ឆ្នាំ​២០១៥ ក៏ប៉ុន្តែ​ការ​អនុម័ត​ច្បាប់​នេះ ត្រូវ​បាន​បន្លាយ​ពេល​រហូត​មកដល់​បច្ចុប្បន្ន​នេះ​។

សេចក្ដីព្រាងច្បាប់ ​ស្តីពី ការត្រួតពិនិត្យ​គ្រឿង​ស្រវឹង​នោះ គឺ​ផ្តោតទៅលើ​ការ​តំឡើង​ពន្ធ​គ្រឿង​ស្រវឹង ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការ​កំហិត​កន្លែង​លក់ និង​ការកំណត់​អាយុ​អ្នក​សេព​គ្រឿង​ស្រវឹង​ជាដើម​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu