Ad Code

បង្ក្រាប​បាន​អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​ចំនួន​២០​នាក់ ដោយ​រឹបអូស​បាន​៩៦​កញ្ចប់ និង​១៨២​គ្រាប់​



​កំពង់ឆ្នាំង ​៖ មនុស្ស​ប្រុស/​ស្រី​ចំនួន​២០​នាក់ ជា​មុខសញ្ញា​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំញៀន ​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ខេត្ត ចុះ​បង្ក្រាប និង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ រួមទាំង​ដកហូត​បាន​ថ្នាំញៀន​ចំនួន​៩៦​កញ្ចប់ និង​១៨២​គ្រាប់។

ជន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ខាងលើនេះ ត្រូវបាន​បង្ហាញ​មុខជា​សាធារណៈ​នៅ​ក្នុង​ស្នង​ការដ្ឋាន​នគរ​បា​ល​ខេត្ត​កំពង់ឆ្នាំង នា​ល្ងាច​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ​។

លោក​ឧត្ដមសេនីយ៍​ទោ ឡុ​ច វណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​ អនុវត្តន៍​តាម​ការណែនាំ​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ និង​ការណែនាំ​របស់ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត សមត្ថកិច្ច​នគរបាល​ក្រុង ស្រុក និង​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ ចែកចាយ និង​ប្រើ​ប្រាស់​ថ្នាំញៀន ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ដោយ​ប្រសិទ្ធភាព ក្នុង​ការ​ចែកចាយ ការ​ប្រើប្រាស់ ថ្នាំញៀន​ដែល​តែងតែ​ធ្វើ​សកម្មភាព​ចែកចាយ​លក់ដូរ ពង្វក់​ស្មារតី​យុវជន ដែលជា​កូនចៅ​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត។​ ធ្វើការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ពី​ថ្ងៃ​ទី​០៤ រហូតដល់​ថ្ងៃទី​០៦​ធ្នូ កន្លងទៅ​ថ្មីៗ​នេះ។

នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ ជនសង្ស័យ​ជា​អ្នក​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​ចំនួន​២០ នាក់ (​ស្រី​៤​នាក់​) ត្រូវ​បាន​បង្ហាញមុខ​ឲ្យ​អ្នកសារព័ត៌មាន​ថត​ផ្សាយ​ព័ត៌មាន​ជា​សាធារណៈ ដោយ​នៅ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​២០​នាក់​នេះ មាន​៥​នាក់​ ជា​មេខ្លោង​ជួញដូរ និង​ចែកចាយ​ថ្នាំញៀន គឺ​មាន​នៅ​ស្រុក​ទឹកផុស​ចំនួន​២​នាក់ ស្រុក​រលាប្អៀរ​ចំនួន​១​នាក់ និង​ក្រុង​កំពង់ឆ្នាំង ចំនួន​៤​នាក់ ចំណែក ១៥​នាក់​ទៀត គឺជា​អ្នកប្រើប្រាស់​ថ្នាំញៀន ដែល​ចាប់​មកពី​ស្រុក និង​ក្រុង​ទាំង​៣​ខាងលើ​នេះ។​

លោក​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​បន្តថា ចំពោះ​វត្ថុតាង​ដែល​រឹបអូស​បាន​នៅក្នុង​កិច្ច​បង្ក្រាប​ខាងលើនេះ មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក (ICE )​ចំនួន​៩៦កញ្ចប់ ស្មើនឹង​២៧០,១៥ ក្រាម .​ថ្នាំញៀន​ប្រភេទ​WY. ចំនួន​១៨២​គ្រាប់ ស្មើនឹង​១៩,៦០​ក្រាម និង​ដកហូត​បាន ម៉ូតូ​ចំនួន​២​គ្រឿង និង​ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង។

ដោយឡែក​ជនសង្ស័យ​ទាំង​២០​នាក់ រួមទាំង​វត្ថុតាង​ទាំងអស់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ជំនាញ​កសាង​សំណុំរឿង​តាម​នីតិវិធី និង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់។​

ចំណែក​ទិសដៅ​ចំពោះមុខ ស្នងការដ្ឋាន​នគរបាល​ខេត្ត នឹងដាក់​ចេញ​នូវ​វិធានការណ៍​បង្ក្រាប​គ្រឿង​ញៀន​នេះ​ឲ្យ​កាន់តែខ្លាំង​បន្ថែម​ទៀត ដោយ​ប្រើ​វិធានការ ឆែកឆេរ​អាវុធជាតិផ្ទុះ​នៅពេល​យប់ ក៏​ដូច​ជា​ការ​ឆែក​រក​សារធាតុ​ញៀន​ផងដែរ។

ក្រៅពីនោះ​ នឹងធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ​នៅពេល​ថ្ងៃ តាម​ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាដើម។ បូករួម​ជាមួយ​ការដាក់​កម្លាំង​ភ្នែក​ត្រចៀក​ឃ្លាំមើល អ្នក​ប្លែក​មុខ​ដែល​ចេញចូល​តាម​មូលដ្ឋាន​និ​មួយៗ និង​ចំណុច​សំខាន់​មួយទៀត និង​ត្រូវ​តាមដាន​មុខសញ្ញា​ចាស់ ដែល​ធ្លាប់​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំ​ញៀន និង​មុខសញ្ញា​ចាស់​ដែល​ទើប​ចេញពី​ពន្ធនាគារ​ខេត្ត ទៅ​រស់​នៅ​តាម​មូលដ្ឋាន​របស់​ពួកគេ​វិញ ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu