Ad Code

សហរដ្ឋអាមេរិក​ចោទប្រកាន់​រុស្ស៊ី​ថា និយាយ​កុហក​អំពី​ការវាយប្រហារ​នៅ​ស៊ី​រី​ដើម្បី​ធ្វើអោយប៉ះពាល់​ដល់​បទ​ឈប់​បាញ់



សហរដ្ឋអាមេរិក​និង​អង់គ្លេស​បាន​ចោទប្រកាន់​រុស្ស៊ី​កាលពី​ថ្ងៃ​សុក្រ​ពីបទ​ប្រឌិត​រឿងរ៉ាវ​អំពី​អាវុធ​គីមី​ដែល​ប្រើប្រាស់​ដោយ​ពួក​ឧទ្ទាម​ស៊ី​រី​ ហើយ​បាន​ព្រមាន​ទីក្រុង​មូ​ស្គូ​ប្រឆាំងនឹង​ការបំផ្លាញ​បទ​ឈប់​បាញ់​ដ៏​ផុយស្រួយ​មួយ​។​

ក្រសួងការពារជាតិរ​បស់​ប្រទេស​រុស្ស៊ី​បាន​និយាយថា ក្រុម​ឧទ្ទាម​បាន​បាញ់​អាវុធ​ដែល​ផ្ទុក​សារធាតុ​ក្ល​រី​ន​នៅ​ថ្ងៃទី​២៤​ខែវិច្ឆិកា​ក្នុង​ទីក្រុង អា​ឡេ​ប៉ូ ដែល​កាន់កាប់​ដោយ​របប​ស៊ី​រី​ខណៈដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ស៊ី​រី​បាន​បាន​រាយការណ៍​ថា ជនជាតិ​ស៊ី​រី​ប្រហែល​១០០​នាក់​ត្រូវបាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារតែ​ពិបាក​ដកដង្ហើម​។​

ប្រទេស​រុស្ស៊ី​បាន​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​នោះ​ដោយ​ការវាយប្រហារ​ពី​អាកាស​នៅ​ខេត្ត អ៊ី​ដ​លី​ប ដែលជា​មូលដ្ឋាន​រឹងមាំ​ចុងក្រោយបង្អស់​របស់​ពួក​ឧទ្ទាម​និង​ជី​ហាដ​និយម​ដែល​កំពុង​ប្រយុទ្ធ​នឹង​លោក​ប្រធានាធិបតី Bashar al-Assad ។​

សហរដ្ឋអាមេរិក​បាន​និយាយថា ខ្លួន​មាន​ព័ត៌មាន​គួរអោយ​ទុកចិត្ត​ដែលថា ការអះអាង​អំពី​សារធាតុ​ក្ល​រី​ន​គឺ​ពិតជា​ខុស​ហើយ​ថា កងកម្លាំង​រុស្ស៊ី​និង​ស៊ី​រី​បាន​ជំនួស​ដោយ​ឧស្ម័ន​បង្ហូរទឹកភ្នែក​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Robert Palladino បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​សហរដ្ឋអាមេរិក​មាន​ក្តី​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​ថា ក្រុមមន្ដ្រី​ដែល​គាំទ្រ​របប​នេះ​បាន​បន្ត​ការគ្រប់គ្រង​ទីតាំង​វាយប្រហារ​ភ្លាមៗ​ក្រោយ​ហេតុការណ៍​នោះ​ដែល​អនុញ្ញាតអោយ​ពួកគេ​អាច​ប្រឌិត​គំរូ​និង​សារធាតុពុល​មុនពេល​មានការ​ស៊ើបអង្កេត​ដ៏​ត្រឹមត្រូវ​មួយ​ដោយ​អង្គការ​ហាមឃាត់​អាវុធ​គីមី​”​។

លោក​បាន​និយាយថា ប្រទេស​រុស្ស៊ី​និង​ស៊ី​រី​បាន​ប្រើប្រាស់​វា​ជា​ឱកាស​មួយ​ដើម្បី​ធ្វើអោយប៉ះពាល់​ដល់​ការជឿទុកចិត្ត​នៅក្នុង​បទ​ឈប់​បាញ់​នៅ​ខេត្ត​អ៊ី​ដ​លី​ប​។​

មហាអំណាច​លោកខាងលិច អង្គការសហប្រជាជាតិ​និង​អង្គការ​សិ​ទិ្ធ​មនុ​ស្សបាន​ចង្អុល​ម្តង​ហើយ​ម្តងទៀត​ដាក់​កងកម្លាំង​របស់លោក Assad សម្រាប់​ការវាយប្រហារ​ដោយ​អាវុធ​គីមី​។​

យោងតាម​អង្គការសហប្រជាជាតិ​បានអោយដឹងថា ការវាយប្រហារ​ដោយ​ឧស្ម័ន​សារី​ន​កាលពី​ខែមេសា​ឆ្នាំ​២០១៧​នៅក្នុង​ទីក្រុង Khan Sheikhun បានសម្លាប់​មនុស្ស​ចំនួន​៨៣​នាក់​។ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ឆ្លើយតប​វិញ​ដោយ​បញ្ជា​អោយ​បាញ់​មី​ស៊ី​ល​ចំនួន​៥៩​គ្រាប់​ដើម្បី​វាយប្រហារ​មូលដ្ឋាន​អាកាស​ស៊ី​រី​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu