Ad Code

រុស្ស៊ី​ បានផ្តល់​កិច្ច​សហប្រតិបត្តិការ​នយោបាយ​ដល់​យុទ្ធនាការ​របស់​លោក Trump ក្នុង​ឆ្នាំ​២០១៥



ក្រុម​រដ្ឋអាជ្ញា​អាមេរិក​បានបង្ហាញ​កាលពី​ថ្ងៃ​សុក្រ​ថា ជនជាតិ​រុស្ស៊ី​ម្នាក់​បានផ្តល់​កិច្ចសហប្រតិបត្តិការ​ដ​ល់​យុទ្ធនាការ​របស់លោក Donald Trump នៅ​ដើមឆ្នាំ​២០១៥​។ រដ្ឋអាជ្ញា​ប្រកាសថា អតីត​មេធាវី​របស់លោក​ប្រធានាធិបតី​គឺ​លោក Michael Cohen បាន​ផ្តល់ជំនួយ “​ពាក់ព័ន្ធ​” និង “​សំខាន់​” ដល់​ការស៊ើបអង្កេត​អំពី​បញ្ហា​រុស្ស៊ី​។​

នៅក្នុង​ករណី​ដាច់ដោយឡែក​មួយ រដ្ឋអាជ្ញា​សហព័ន្ធ​បានទាមទារ​អោយមាន​ការដាក់​ពន្ធនាគា​រ​ក្នុង​រយៈពេល​ចន្លោះ​ពី​៥១​ទៅ​៦៣​ខែ​ពោលគឺ​ពី​៤​ទៅ​៥​ឆ្នាំ​សម្រាប់​លោក Cohen ពីបទ​ក្លែងបន្លំ​ធនាគារ​និង​ការរំលោភបំពាន​ហិរញ្ញវត្ថុ​យុទ្ធនា​ការដែល​គាត់​បាន​សារភាពថា​មាន​កំហុស​កាលពី​ខែសីហា​។​

មេធាវី​អាមេរិក​ឈ្មោះ Robert Khuzami បាន​ចោទប្រកាន់​បុរស​អាយុ​៥២​ឆ្នាំ​រូបនេះ​ថា ត្រូវបាន​ជំរុញ​ដោយ “​ភាព​លោភលន់​ផ្ទាល់ខ្លួន​” និង​ប្រើប្រាស់​អំណាច​និង​ឥទ្ធិពល​របស់គាត់ “​ម្តង​ហើយ​ម្តងទៀត​” ចំពោះ “​ការបោក​បញ្ឆោត​”​។​

ការរំលោភបំពាន​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​យុទ្ធនា​ការឃោសនា​ដែល​លោក Cohen បាន​សារភាព​កាលពី​ខែសីហា​នោះ​គឺពាក់ព័ន្ធ​នឹង​ការចំណាយ​ប្រាក់​បំបិទមាត់​ដែល​គាត់​បាន​ធ្វើឡើង​ក្នុងនាម​លោក Trump ទៅអោយ​អតីត​មនុស្ស​ជាទី​ស្រឡាញ់​របស់លោក​ប្រធានាធិបតី​ដោយ​រួមទាំង​តារា​សិច​នាង Stormy Daniels ផងដែរ​។​

លោក Robert Mueller ដែលជា​រដ្ឋអាជ្ញា​ពិសេស​ដឹកនាំ​ការស៊ើបអង្កេត​ចូលក្នុង​ការជ្រៀតជ្រែករ​បស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៦​គឺ​បាន​បន្ត​ដាក់​ឯកសារ​ដាច់ដោយឡែក​មួយ​ដោយ​និយាយថា លោក Cohen បានធ្វើ​កិច្ចខិតខំ​ប្រឹងប្រែង​គួរអោយកត់សម្គាល់​ដើម្បី​ជួសជុល​កំហុស​វិជ្ជាជីវៈ​របស់គាត់ ទទួលយក​ការទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់គាត់​និង​ជួយ​ដល់​ការស៊ើបអង្កេត​ពិសេស​។​

នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៥ លោក Cohen បាន​និយាយ​ទៅកាន់​មនុស្ស​ម្នាក់​ដែល​គួរអោយ​ទុកចិត្ត​នៅក្នុង​សហព័ន្ធរុស្ស៊ី​ដែល​បានផ្តល់​ឥទ្ធិពល​នយោបាយ​និង​ឥទ្ធិពល​លើ​កម្រិត​រដ្ឋាភិបាល​ដល់​យុទ្ធនា​ការឃោសនា​។​

លោក Cohen បាន​និយាយថា មនុស្ស​ម្នាក់​នោះបាន​ស្នើ​ម្តង​ហើយ​ម្តងទៀត​អោយមាន​កិច្ចប្រជុំ​មួយ​រវាង​លោក Trump និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ដោយ​អះអាងថា វា​អាចមាន​ឥទ្ធិពល “​មិនគួរ​អោយ​ជឿ​” មិន​ត្រឹមតែ​នយោបាយ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ក្នុង​ទំហំ​អាជីវកម្ម​ទៀតផង​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Cohen មិនបាន​ធ្វើតាម​ការអញ្ជើញ​នោះទេ​។​
​គួរបញ្ជាក់​ជាថ្មី​ថា កាលពី​សប្តាហ៍​មុន លោក Cohen បាន​សារភាព​កំហុស​ថា​បាន​និយាយ​កុហក​ទៅ​សភា​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​អចលនទ្រព្យ​ក្រុង​មូ​ស្គូ​ដែល​ត្រូវបាន​បន្ត​រហូតដល់​មួយខែ​មុនពេល​លោក Trump ក្លាយជា​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​សម្រាប់​តំណែង​ប្រធានាធិបតី​ជា​ផ្លូវការ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu