កំពង់ឆ្នាំង ៖ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានជួយខេត្តកំពង់ឆ្នាំង និងសហការី អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ បានអញើញពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង (ស្ពានអូរអកប្រាក់ )ប្រវែង៣៦ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតនៅភូមិ ជំទាវជ្រែង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃ០៨ធ្នូ។
លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា កាលដើមឡើយ អូរនេះមានស្ពានមួយដែរ តែធ្វើអំពីឈើ ហើយមានសភាពចាស់ទ្រុឌទ្រោម ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ។ ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិ បានស្នើសុំសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីសាងសង់ជូនទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ។
លោកបណ្ឌិតរដ្ឋមន្ត្រីបានបញ្ជាក់ថា នេះជាចំណងដៃថ្មីមួយទៀត សម្រាប់បងប្អូននៅឃុំក្រាំងល្វាស្រុកសាមគ្គីមានជ័យ ព្រមទាំងបានផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋចូលរួមសហការ និងឲ្យសុំឲ្យក្រុមការងារបច្ចេកទេសប្រចាំការនៅការដ្ឋានខិតខំអនុវត្តឲ្យបានហ្មត់ចត់ ស្របទៅតាមប្លង់ និងបទដ្ឋានបច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ថា ស្ពាននេះ បានចាប់ផ្ដើមដំណើរការសាងសង់ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលគ្រោងនឹងបញ្ចប់ នៅអំឡុងខែមិថុនា ឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments