Ad Code

ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ​ដែល​បញ្ជូន​ត្រឡប់​ទៅ​ជំរំ​មី​យ៉ាន់​ម៉ា​វិញ ​ត្រូវ​អត់ឃ្លាន​និង​ជាប់បំណុល



ជនភៀសខ្លួន​បាន​ប្រាប់ AFP កាលពី​ថ្ងៃ​សុក្រ​ថា ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ដែល​រត់​ភៀសខ្លួន​បាន​ជួយ​ចំណាយ​ប្រាក់​រាប់រយ​ដុល្លារ​ដល់​អ្នកជួញដូរ​ក្នុង​គោលបំណង​គេច​ចេញពី​ជំរំ​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​តាម​ទូក​ ប៉ុន្តែ​ត្រូវបាន​បញ្ឈប់​នៅ​សមុទ្រ​ហើយ​បង្ខំ​អោយ​ត្រលប់​មកវិញ​។​

រូបភាព​នៃ​ជនភៀសខ្លួន​ដែល​ស្រែក​ឃ្លាន​និង​ហេវ​ហត់​នៅលើ​ទូក​បានធ្វើ​អោយគេ​នឹកឃើញ​ដល់​វិបត្តិ​ឆ្នាំ​២០១៥​នៅពេលដែល​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រាប់ពាន់នាក់​បាន​ជាប់គាំង​នៅ​សមុទ្រ​ដោយសារតែ​ការជួញដូរ​តាមផ្លូវ​ភាគខាងត្បូង​ត្រូវបាន​គេ​បង្ក្រាប​។​

ជនជាតិភាគតិច​ឥស្លាម​គ្មាន​រដ្ឋ​ប្រមាណ​១២០,០០០​នាក់​បាន​ស្ថិតនៅក្នុង​ជំរំ​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​អស់​រយៈពេល​៦​ឆ្នាំ​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​អំពើហិង្សា​សហគមន៍​បង្ហូរឈាម​ជាមួយ​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​។​

ចុងបញ្ចប់​នៃ​រដូវ​មូសុង​បាន​នាំមក​នូវ​ភាពអំណោយ​ផល​ដល់​អ្នក​ដែល​អស់សង្ឃឹម​ដើម្បី​គេច​ចេញពី​ជំរំ​ដែល​ត្រូវបាន​ចាត់ទុក​ដោយ​ក្រុម​សិ​ទិ្ធ​មនុស្ស​ថា​ជា “​គុក​បើកចំហ​” និង​ជា​កន្លែង​ដែល​ជនភៀសខ្លួន​មានលទ្ធភាព​តិចតួច​ក្នុង​ការទទួល​បានការ​អប់រំ​ឬ​ការថែទាំ​សុខភាព​។​

នៅ​សប្ដាហ៍​នេះ ទូក​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​មួយ​បានធ្វើ​ដំណើរ​ទៅកាន់​ខេត្ត Aceh នៅ​ចុង​ប៉ែក​ខាងជើង​នៃ​កោះ​ស៊ូ​ម៉ា​ត្រា​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ប៉ុន្តែ​មាន​ទូក​ជាច្រើន​ទៀត​ត្រូវបាន​គេ​ស្ទាក់ចាប់​នៅក្នុង​ដែនទឹក​មី​យ៉ាន់​ម៉ា​ហើយ​អ្នក​ដែល​ជិះ​លើ​នោះ​ត្រូវបាន​បញ្ជូន​ត្រលប់​ទៅ​ជំរំ​វិញ​។​

អ្នកកាសែត​មិន​ត្រូវបាន​អនុញ្ញាតអោយ​ចូលក្នុង​ជំរំ​ទេ​លើកលែងតែ​ដំណើរ​ដែល​រៀបចំ​ដោយ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ប៉ុណ្ណោះ​ប៉ុន្តែ​ក្មេងប្រុស​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់​នៅក្នុង​ជំរំ Thechaung បាន​ប្រាប់ AFP តាម​ទូរស័ព្ទ​ថា គាត់​បាន​លក់​សៀវភៅ​របប​អាហារ​របស់គាត់​ដើម្បី​បង់ប្រាក់​៦០០,០០០​គី​យ៉ា​ត (៣៨៥​ដុល្លារ​) ដល់​អ្នកជួញដូរ​។​

គាត់​សង្ឃឹមថានឹង​ទៅដល់​ប្រទេស​ម៉ាឡេស៊ី​ប៉ុន្តែ​បន្ទាប់ពី​រយៈពេល​១៥​ថ្ងៃ​នៅក្នុង​សមុទ្រ ទូក​របស់គាត់​ត្រូវបាន​រឹបអូស​នៅ​ភាគខាងត្បូង​ទីក្រុង​យ៉ាំង​ហ្គោ​ន​ហើយ​អាជ្ញាធរ​បាន​បញ្ជូន​គាត់​និង​អ្នក​ផ្សេងទៀត​ត្រលប់​ទៅ​ជំរំ​វិញ​។​

គាត់​បាន​និយាយថា “​ខ្ញុំ​ត្រូវ​ការយក​សៀវភៅ​របប​អាហារ​របស់ខ្ញុំ​មកវិញ​។ ខ្ញុំ​អាច​រកប្រាក់​បានត្រឹមតែ​១,០០០​គី​យ៉ា​ត​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​នៅលើ​ទូក​នេសាទ​។ វា​មិន​គ្រប់គ្រាន់​សម្រាប់​បរិភោគ​ទេ​”​។​
AFP មិន​បញ្ចេញ​អត្តសញ្ញាណ​របស់គាត់​ទេ​ដើម្បី​ការពារ​គាត់​។​

អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​លោកស្រី Aoife McDonnell បាន​និយាយថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាច្រើន​បាន​លក់​ឬ​បាត់បង់​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ពួកគេ​រាប់បញ្ចូល​ទាំង​ទីជម្រក​របស់​ពួកគេ​ផងដែរ​ដើម្បី​បង់ប្រាក់​ដល់​អ្នករត់ពន្ធ​។​

លោកស្រី​បាន​និយាយថា ពួកគេ​កំពុង​ស្ថិតក្នុង​តម្រូវការ​បន្ទាន់​នៃ​ការគាំទ្រ​នៅពេលដែល​ពួកគេ​ត្រលប់មក​ជំរំ​វិញ​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu