ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន២៧៩គ្រឿង និងពិន័យបានថវិកា សរុបចំនួន៥៥៨,៩៥០,០០០រៀល។
ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន១១៣គ្រឿង គឺពី ១៦៦គ្រឿង ក្នុងខែតុលា មក២៧៩គ្រឿង ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី៥តោន រហូតដល់៤០តោន។
ដោយឡែក បើយោងតាមរបាយការណ៍ដដែលប្រាប់បន្តឲ្យដឹងថា សម្រាប់ខែតុលា ឆ្នាំ២០១៨ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន១៦៦គ្រឿង និងពិន័យបានថវិកា សរុបចំនួន៤៧៣,៧៥០,០០០រៀល។
ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការថយចុះចំនួន៥៩គ្រឿង គឺពី២២៥គ្រឿង ក្នុងខែកញ្ញា មក១៦៦គ្រឿង ក្នុងខែតុលា ឆ្នាំ២០១៨។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់៦៤តោន៕
Source: Kampuchea Thmey Daily
0 Comments