ភ្នំពេញ ៖ យុវជនម្នាក់ បានដាក់ថ្នាំសណ្ដំស្ត្រីរងគ្រោះ យកទៅរំលោភក្នុងបន្ទប់ផ្ទះសំណាក់ រហូតមានផ្ទៃពោះជាង៤ខែ តែត្រូវចាប់បាននៅក្រុងប៉ោយប៉ែត និងនាំមកប្រគល់ឲ្យកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ហើយត្រូវបានបញ្ជូនមកឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី០៧ធ្នូ ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យដែលត្រូវចាប់ខ្លួន ឈ្មោះ រ៉ន វីរ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតនៅផ្ទះលេខ៩៨ ផ្លូវលេខ២២ បុរីពិភពថ្មី២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តែក្រោយផលិតបទល្មើសរត់ទៅរស់នៅប៉ោយប៉ែត។
ក្រោយពីមានការបង្ខាំងរំលោភរួចមក ជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលចុះប្រតិបត្តិការបង្ក្រាបករណីរំលោភសេពសន្ថវៈ គឺស្ត្រីរងគ្រោះបានប្តឹងជនសង្ស័យ ពីបទដាក់ថ្នាំសណ្តំយកទៅរំលោភក្នុងបន្ទប់ផ្ទះសំណាក់ ដែលប្រព្រឹត្តនៅអំឡុងខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ក្រោយពេលជនសង្ស័យដាក់ថ្នាំសណ្តំរំលោភស្ត្រីរងគ្រោះបានសម្រេចហើយ បានរត់គេចខ្លួនមកស្នាក់នៅក្រុងប៉ោយប៉ែត ជាមួយមិត្តភ័ក្ដិ ហើយស្ត្រីរងគ្រោះលាក់លៀមឪពុកម្ដាយរហូតមានផ្ទៃពោះ៤ខែ២១ថ្ងៃ ទើបឪពុកម្ដាយដឹង បានប្តឹងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីដាក់ថ្នាំសណ្ដំស្ត្រីរងគ្រោះយកទៅរំលោភរហូតបានសម្រេច និងមានផ្ទៃពោះជាង៤ខែ ទើបឪពុកម្តាយបានដឹង និងប្តឹងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីឃាត់ខ្លួនជនសង្ស័យ និងបានកសាងសំណុំរឿងប្រគល់ជូនកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីអនុវត្តតាមច្បាប់។
ឥឡូវ សំណុំរឿងរំលោភសេពសន្ថវៈនេះ តំណាងអយ្យការអមតុលាការកំពុងសាកសួរជនសង្ស័យនៅឡើយ៕
Source: Kampuchea Thmey Daily
0 Comments