ប៉ម Eiffel, សារមន្ទីរ Louvre និងហាងជាច្រើនទៀតនៅលើមហាវិថី Champs -Elysees នឹងត្រូវបិទខណៈដែលកាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរបានព្រមានពីអំពើហិង្សាថ្មីៗនៅចុងសប្តាហ៍នេះអំឡុងពេលបាតុកម្មដែលបានធ្វើអោយតំណែងប្រធានាធិបតីរបស់លោក Emmanuel Macron ធ្លាក់ចូលទៅក្នុងវិបត្តិធំបំផុត។
មន្ត្រីក្រសួងមហាផ្ទៃម្នាក់បានប្រាប់ AFP ថា អាជ្ញាធរកំពុងត្រៀមខ្លួនទប់ទល់នឹង “អំពើហឹង្សាយ៉ាងខ្លាំង” នៅថ្ងៃសៅរ៍នេះដោយផ្អែកលើការចង្អុលបង្ហាញថា ក្រុមអ្នកតវ៉ាទាំងខាងស្តាំនិយមនិងឆ្វេងនិយមគ្រោងនឹងប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី។
ក្រុមមន្ត្រីព្រួយបារម្ភថា ក្រុមអ្នកបង្កចលាចលអាចចូលរួមជាមួយបាតុករដើម្បីធ្វើកុបកម្មនិងលួចដូចដែលពួកគេគិតកាលពីសប្តាហ៍មុន។
លោកនាយករដ្ឋមន្ត្រី Edouard Philippe បាននិយាយថា ប៉ូលិសចំនួន៨ពាន់នាក់នឹងត្រូវដាក់ពង្រាយនៅទីក្រុងប៉ារីសរួមជាមួយរថពាសដែកជាច្រើនគ្រឿងសម្រាប់ការគ្រប់គ្រងហ្វូងមនុស្សដែលជាផ្នែកមួយនៃវិធានការពិសេសដើម្បីទប់ស្កាត់ហានិភ័យនៃអំពើហិង្សា។
លោកក៏បានបញ្ជាក់សារជាថ្មីផងដែរចំពោះការអំពាវនាវអោយមានភាពស្ងប់ស្ងាត់ដោយនិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចរាល់ហើយដើម្បីពិចារណាលើវិធានការណាមួយដែលអាចអោយយើងបង្កើនអំណាចបាន។
នៅទូទាំងប្រទេស ប៉ូលិសប្រមាណ៨៩,០០០នាក់នឹងត្រូវបានដាក់ពង្រាយលើសពីចំនួន៦៥,០០០នាក់កាលពីសប្តាហ៍មុននៅពេលដែលប្រទេសនេះត្រូវរងគ្រោះដោយឈុតឆាកនៃភាពចលាចលក្នុងទីក្រុងប៉ារីស។
ប៉ុន្តែមកទល់ពេលនេះ ចលនា “អាវកាក់ពណ៌លឿង” មិនបានបង្ហាញសញ្ញានៃការថមថយទេ ថ្វីបើរដ្ឋាភិបាលបានដកការដំឡើងពន្ធប្រេងឥន្ធនៈតាមការគ្រោងទុកនៅខែមករាដែលជាការទាមទារដ៏សំខាន់របស់ក្រុមអ្នកតវ៉ាក៏ដោយ។
រោងល្ខោនអូប៉េរ៉ា Garnier និង Bastille បានលុបចោលការសំដែងនៅថ្ងៃសៅរ៍ហើយសារមន្ទីរធំ ៗនឹងត្រូវបិទទ្វារ។ ការប្រកួតបាល់ទាត់ក្របខណ្ឌ Ligue 1 ចំនួន៦នៅថ្ងៃសៅរ៍ក៏ត្រូវបានផ្អាកផងដែរ។
គួរបញ្ជាក់ជាថ្មីថា បាតុកម្ម “អាវកាក់ពណ៌លឿង” បានចាប់ផ្តើមនៅថ្ងៃទី១៧ខែវិច្ឆិកាដើម្បីប្រឆាំងនឹងការកើនឡើងពន្ធប្រេងឥន្ទនៈប៉ុន្តែចាប់តាំងពីពេលនោះមកពួកគេបានពង្រីកទៅជាបញ្ហាប្រឈមធំៗប្រឆាំងលោក Macron៕ AFP
Source: Kampuchea Thmey Daily
0 Comments