ស្វាយរៀង ៖ ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរគ្រប់ថ្នាក់ មេត្តាមានវិធានការឲ្យបានតឹងរ៉ឹងចំពោះក្លឹបកាស៊ីណូ៨៨៨ ដែលបណ្ដែតបណ្ដោយឲ្យទឹកហូរ និងកាកសំណល់រាវហូរតាមផ្លូវ ធុំក្លិនស្អុយរលួយ ធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្ត ស្វាយរៀង។
ប្រជាពលរដ្ឋដែលរស់នៅ និងប្រកបរបរស៊ីប្រចាំថ្ងៃ នៅក្នុងតំបន់ គប្បី អាជ្ញាធរ ពិចារណា ជំរុញ និងពន្លឿនដល់កាស៊ីណូមួយនេះ រកវិធីរំដោះទឹក ដើម្បីបញ្ចៀសការសាយភាយក្លិនប៉ះពាល់ដល់អ្នករស់នៅជិតៗតំបន់នោះផង។
លោក ប៊ុន ធឿន ពលរដ្ឋរស់នៅក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានស្នើដល់ ម្ចាស់កាស៊ីណូកាឡាកស៊ី៨៨៨ និងអាជ្ញាធរភូមិ ឃុំ ស្រុក ជួយពិនិត្យ និងធ្វើប្រព័ន្ធលូរំដោះសំណល់រាវ ដែលហូរចេញពីកាស៊ីណូខាងលើ មកលើថ្នល់ និងជះក្លិនស្អុយ។
លោកថា ក្លិនស្អុយចេញពីសំណល់រាវ ហូរពីកាស៊ីណូនេះ គឺបានហូរជាច្រើនខែណាស់មកហើយ គួបផ្សំទៅនឹងជំនន់ទឹកភ្លៀងជនលិចនោះ បង្កឲ្យមានដក់នៅលើផ្លូវ ពិបាកការធ្វើដំណើរ ពិបាកដល់ការរស់នៅជាមួយនឹងក្លិន ប៉ះពាល់សុខភាពមនុស្ស សត្វ ពិសេសឆ្លងជំងឺ ជុំវិញបញ្ហាខាងលើនេះ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ សុំឲ្យម្ចាស់កាស៊ីណូ និងអាជ្ញាធរដែនដី ជួយរកវិធីរំដោះសំណល់រាវ និងទឹក បញ្ចៀសការហូរមកបង្អួតភ្ញៀវ និងពលរដ្ឋដែលធ្វើដំណើរបន្តទៅទៀត រួមទាំងបរិស្ថានផងដែរ។
លោក សុខ សារ៉ូ មេឃុំសំរោង បានប្រាប់ឲ្យដឹង នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះថា សំណល់រាវ ដែលហូរចេញពីកាស៊ីណូ ៨៨៨ ពិតជាមានមែន ពីព្រោះលូ ដែលរំដោះទឹកនោះ ស្ទះ មូលហេតុ ការដាក់លូ មិនឯកភាពភាពគ្នា។
លោកថា កាលពីដើមឡើយ តំបន់ទីប្រជុំជនមួយនេះ មានអ្នកមករស់នៅតិចតួចណាស់ តែក្រោយៗមក តំបន់នេះមានការអភិវឌ្ឍ ជាបន្តបន្ទាប់ ពលរដ្ឋបាននាំគ្នាមកតាំងលំនៅកាន់តែច្រើន ហើយការសាងសង់សំណង់តូចធំមានច្រើន តែ មិនទាន់បានគិតពីប្រព័ន្ធលូរំដោះទឹកបាន តែបច្ចុប្បន្នមានការប្រឈមបែបនេះ។
ជុំវិញបញ្ហាប្រឈម សំណល់រាវ នៅតំបន់ទីប្រជុំជនភូមិចេក ជាប់នឹងព្រំដែនវៀតណាមខាងលើនោះ លោក ងួន រ៉ាំ អភិបាលស្រុកចន្ទ្រា បានប្រាប់ឲ្យដឹងតាមទូរស័ព្ទបន្ថែមថា តាមរយៈ វេទិកាសាធារណៈ ក៏ដូចតាមសំណូមពររបស់ពលរដ្ឋ ស្នើឲ្យ ឃុំ ស្រុក ជួយរកវិធីរំដោះ សំណល់រាវចេញពីទីប្រជុំជននោះ ឃុំ និង ស្រុកបានគិតគូរ ជីក ស្តា និងដាក់លូ រំដោះទឹកចេញ បានម្ខាងហើយ នៅសល់ម្ខាងទៀត គឺនៅខាងក្លឹបកាស៊ីណូ ៨៨៨ ដោយប្រើប្រាស់ថវិការបស់ពលរដ្ឋរួមគ្នា ពីព្រោះថវិកាស្រុកអត់មានគម្រោង។
ឯការជីកដាក់លូម្ខាងទៀត ដែលជាម្ខាងដែលហូរសំណល់រាវចេញមកលើថ្នល់នោះ ស្រុកមានគម្រោង និងអញ្ជើញ ម្ចាស់ក្លឹបទាំងអស់ មកជួបជុំពិភាក្សាដើម្បីរកថវិកា ជីកស្តាដាក់លូនៅពេលឆាប់ៗនេះហើយ ដើម្បីធ្វើការបញ្ចៀសសំណល់រាវ បញ្ចេញក្លិនសាយភាយមកប៉ះពាល់សុខភាពពលរដ្ឋនៅក្នុងតំបន់មួយនេះ៕
Source: Kampuchea Thmey Daily
0 Comments