រតនគិរី ៖ រថយន្តឡង់គ្រីស័រ លួចដឹកឈើកកោះមួយគ្រឿង ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តស្ទាក់ចាប់ និងបង្ក្រាបបាននៅលើផ្លូវជាតិលេខ៧៨ កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ ត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ រថយន្តមួយគ្រឿងនេះកំពុងធ្វើចរាចរណ៍ពីលិចទៅកើត ឆ្ពោះទៅប្រទេសវៀតណាម ចូលទៅតាមច្រករបៀងមួយចំនួន។
មន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តដែលចុះបង្ក្រាបរថយន្តដឹកឈើខាងលើនេះបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកស្នងការ ស្នងការរងនគរបាលខេត្ត និងឈានចុះទៅបង្ក្រាបរថយន្តដឹកឈើមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ទឹកប្រាក់ អត់ស្លាកលេខមុខក្រោយ ផ្ទុកឈើប្រភេទកកោះ ដែលមានមុខកាត់ ចាប់ពី៥០ គុណ៦០ប្រវែង២,២សង់ទីម៉ែត្រ ចំនួន១៥កំណាត់ផងដែរ។
មន្ត្រីនគរបាលដដែលបានបន្តថា ក្រោយពីសមត្ថកិច្ចចុះបង្ក្រាបរថយន្តដឹកឈើនេះ អ្នកបើកបរបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តដឹកឈើនៅកន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចបានរឹបអូសយកមកស្នងការនគរបាលខេត្តកសាងសំណុំបែបបទ និងប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្ត នៅព្រឹកថ្ងៃទី៧ធ្នូនេះ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments