ប៉ៃលិន ៖ ប្រជាពលរដ្ឋ ក៏ដូជអាជីវករនៅក្រុងប៉ៃលិន បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង អំពីសន្តិសុខ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ខណៈដែលអំពើចោរកម្ម ចេះតែបន្តកើតមានឡើងញឹកញាប់ពេក។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ អាជីវករម្នាក់ឈ្មោះ ស្រីនួន ភេទស្រី ត្រូវចោរចូលលួចកាបូបលុយ បានដោយសុវត្ថិភាព ស្ថិតនៅចំហៀងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា ៖ ដំបូងឡើយគេឃើញស្ត្រីសង្ស័យពីរនាក់ បានដើរមកទិញបន្លែនៅកន្លែងស្ត្រីរងគ្រោះ ដោយម្នាក់ឈរចាំទិញ និងម្នាក់ទៀតដើររើសអីវ៉ាន់ នៅផ្នែកខាងក្នុងតូប មួយសន្ទុះក៏ស្រាប់តែស្ត្រីសង្ស័យទាំងពីរ បានដើរមកនិយាយគ្នានៅខាងមុខតូប រួចក៏បាត់ម្នាក់មិនដឹងទៅណា។
ប្រភពព័ត៌មាន បានបន្តថា៖ បន្ទាប់មកស្រាប់តែស្ត្រី ដែលបាត់ បានត្រឡប់មកវិញ ដោយកាន់ឆត្រមួយមកតាមខ្លួន ហើយក៏ដើររកអីវ៉ាន់ជាបន្តទៀត ខណៈនោះស្ត្រីរងគ្រោះមិននៅក្នុងតូប នោះឡើយ គឺនៅខាងក្រៅ ចំណែកកាបូបលុយគឺនៅខាងក្នុងតូប។ បន្ទាប់មកក៏បាត់ស្ត្រីសង្ស័យទាំងពីរនាក់នោះ មិនដឹងទៅណា ចំណែកឆត្រ ដែលស្ត្រីសង្ស័យយកមកជាមួយក៏នៅនឹងកន្លែងតែម្តង។ ប្រភពព័ត៌មាន បានបន្តទៀតថា ៖ ក្រោយពេលស្ត្រីសង្ស័យទាំងពីរបាត់ខ្លួន ស្ត្រីរងគ្រោះ ក៏ចាប់ផ្តើមរកកាបូបលុយ ប៉ុន្តែរកមិនឃើញ ក៏បង្កឲ្យមានការភ្ញាក់ផ្អើល ដោយគេសង្ស័យថា ច្បាស់ជាស្ត្រីសង្ស័យយកទៅជាមិនខាន ហើយប្រហែលជាយកឆត្រធ្វើជាឧបករណ៍ទាក់យកកាបូបនោះផងដែរ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលមកទិញអីវ៉ាន់ក្នុងផ្សារខាងលើ បានលើកឡើងថា ៖ បច្ចុប្បន្ននេះ អំពើចោរកម្មនៅក្នុងក្រុងប៉ៃលិន កើតឡើងគួរឲ្យព្រួយបារម្ភបំផុត ដែលបង្ហាញថា គោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុងមូលដ្ឋាន ត្រូវបានធ្លាក់ចុះ ជាក់ស្តែងកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ក៏មានចោរចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ផងដែរ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ៖ ការកើតឡើងករណីចោរកម្ម នៅក្នុងមូលដ្ឋានរបស់គាត់ វាមិនមែនជាការចៃដន្យពេកទេ ដែលកើតម្តងហើយម្តងទៀត និង កើតឡើងផ្ទួនៗគ្នា ចំណែកឯការបង្ក្រាបហាក់បីដូចជាអត់មានលទ្ធផលនោះឡើយ ដែលជនសង្ស័យ ត្រូវបានគេចខ្លួន ដោយសុវត្ថិភាពទាំងអស់។
ជាមួយគ្នានេះដែរពួកគាត់ បានសំណូមពរ ដល់លោកអភិបាលខេត្ត និង លោកស្នងការនគរបាលខេត្ត មេបញ្ជាការអាវុធហត្ថខេត្ត មេត្តាជំរុញអោយមន្ត្រីថ្នាក់ក្រោម បំពេញបេសកកម្មក្នុងការពារសន្តិសុខសុវត្ថិភាព ជូនពួកគាត់ អោយបានខ្លាំងក្លាផង ព្រោះនេះជាក្តីកង្វល់ដ៏ធំសម្រាប់ពួកគាត់ផងដែរ។
សូមបញ្ជាក់ថា ៖ ស្ត្រីរងគ្រោះ ដែលចោរលួចកាបូបលុយនោះ បើតាមប្រភពព័ត៌មានថាអស់ប្រាក់ខ្ទង់៤០លានរៀល ព្រោះស្ត្រីរងគ្រោះជាអាជីវករលក់បន្លែ និងគ្រឿងទេស ព្រមទាំងជាមេតុងទីន ទើបដើរប្រមូលលុយកូនៗបានផងដែរ៕
Source: Kampuchea Thmey Daily
0 Comments