តាកែវ ៖ លោកអភិបាលរងខេត្តតាកែវថ្មី២រូប ត្រូវបានប្រកាសតែងតាំងជំនួសលោកអភិបាលរងចាស់ដែលត្រូវចូលនិវត្តន៍នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨។
ពិធីប្រកាសតែងតាំងអភិបាលរងខេត្តតាកែវនេះ ធ្វើឡើងក្រោមវត្តមានជាអធិបតីពីលោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក លោកស្រី គណៈប្រតិភូក្រសួងមហាផ្ទៃជាច្រើនរូបផងដែរ។ ក្រៅពីពិធីប្រកាសជាផ្លូវការនូវ អភិបាលរងខេត្តតាកែវថ្មី២រូប ដែលដាក់ជំនួសអភិបាលរងចាស់ដែលត្រូវបានចូលនិវត្តន៍ ក្នុងនោះលោកនាយករដ្ឋបាលសាលាខេត្ត ក៏ត្រូវបានផ្លាស់ប្តូរដែរ។
សូមបញ្ជាក់ផងដែរថា លោក ម៉ឹង វុធី អតីតនាយករដ្ឋបាលខេត្តតាកែវ ត្រូវបានតែងតាំងជា អភិបាលរងខេត្តតាកែវថ្មី លោក មូល វិចិត្រ អតីតអភិបាលក្រុងដូនកែវ ត្រូវបានតែងតាំងជា អភិបាលរងខេត្តតាកែវថ្មី ដោយយោងតាមអនុក្រឹត្យស្ដីពីការតែងតាំងមន្ត្រីរាជការ លេខ ១០០៣ អនក្រ.តត ចុះហត្ថលេខាដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ និងលោក មាស អ៊ុយ អតីតអភិបាលស្រុកកោះអណ្ដែត ត្រូវបានតែងតាំងជានាយករដ្ឋបាលសាលាខេត្តតាកែវថ្មី៕
Source: Kampuchea Thmey Daily
0 Comments