កំពង់ចាម ៖ ជម្លោះពាក្យសំដីជាមួយអ្នកស្រវឹងស្រា បានក្លាយជាអំពើហិង្សាដោយចេតនា បណ្ដាលឲ្យយុវជន២នាក់ បានរងរបួស ដោយសារការវាយប្រហាររបស់ជនសង្ស័យកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង១៧ និង០០នាទី ចំណុចភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
ប៉ូលិសបានអោយដឹងថា ជនរងគ្រោះចំនួន (២នាក់)រងការវាយប្រហារគឺ ១.ឈ្មោះ យិន វរៈ ភេទប្រុស អាយុ២០ឆ្នាំ និង ២.ឈ្មោះ អៀង ឌី ភេទប្រុស អាយុ១៨ឆ្នាំ របួស ចំក្បាល អ្នកទាំងពីរមានទីលំនៅ ភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវរបួសត្រង់ ក្បាលដូចគ្នា។ ចំណែកជនសង្ស័យ ឈ្មោះ វឿន វី ភេទប្រុស អាយុ៣៥ឆ្នាំជាតិខ្មែរ នៅភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មានមុខរបរ លក់ដូរ។
តាមការបំភ្លឺពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ ពួកខ្លួនអ្នកទាំងពីរនាក់ បានអង្គុយមើលរឿងក្នុងទូរស័ព្ទ នៅ ក្រោមផ្ទះម្តាយរបស់ជនសង្ស័យ។ ពេលនោះឈ្មោះ អៀង ឌី បានឮ កូនម្ចាស់ផ្ទះឡូឡាថ្លង់ពេក ក៏និយាយ ថា អាណាខូច ស្រាប់តែឈ្មោះ វឿន វី ជា(ជនសង្ស័យ)ស្រវឹងស្រាដើរមកដល់បានយកដំបង មែកស្វាយចន្ទី វាយទៅលើ ពួកខ្លួនទាំង២នាក់បណ្តាលឲ្យរងរបួសក្បាល ហើមប៉ោងដូចគ្នា។
ប៉ូលិសបានឲ្យដឹងថា ភ្លាមនោះសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ រកជនសង្ស័យ ហើយត្រូវបានឃាត់ខ្លួនតាមបញ្ជាលោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម និងនាំមកទុកនៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ៕
Source: Kampuchea Thmey Daily
0 Comments