ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានជំរុញអោយអាជ្ញាធរខណ្ឌទាំងអស់និងជំនាញពាក់ព័ន្ធចុះស្រង់បញ្ជីនៃដំណើរការងារប្រទានកម្មដីធ្លីជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ខណៈដែលនៅសល់មិនដល់មួយខែទៀតនឹងផុតកំណត់នៃការបង់ពន្ធប្រថាប់ត្រាតែមួយដងចំពោះការផ្ទេរសិទ្ធិអចលនទ្រព្យដែលបានចុះបញ្ជីរួច។
នេះជាការជំរុញរបស់លោកឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំត្រួតពិនិត្យដំណើរការងារប្រទានកម្មដីធ្លីនៅក្នុងរាជធានីភ្នំពេញ និងបង់ពន្ធប្រថាប់ត្រាតែមួយដងចំពោះការផ្ទេរសិទ្ធិអចលនទ្រព្យ ដែលបានចុះបញ្ជីរួច ដែលបានបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ ធ្នូ ២០១៨ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំងអស់និងជំនាញពាក់ព័ន្ធមួយចំនួនទៀតចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្រាប់ការងារប្រទានកម្មដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ លើការកំណត់បង់ពន្ធប្រថាប់ត្រាតែមួយដងចំពោះការផ្ទេរសិទ្ធិអចលនទ្រព្យដែលបានចុះបញ្ជីរួច ពិសេសនៅតាមបុរី មកដល់ពេលនេះ គឺនៅសល់មិនដល់មួយខែទៀតនោះទេ វានឹងផុតកំណត់ហើយ។ ដូច្នេះទេលោកជំរុញកិច្ចការងារប្រទានកម្មដី និងការបង់ពន្ធប្រថាប់ត្រានេះ អោយទាន់ពេលវេលា ដែលរាជរដ្ឋាភិបាលបានកំណត់ជូន និងផ្ដល់ភាពងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
មន្ត្រីពាក់ព័ន្ធរបស់យើងត្រូវធ្វើបញ្ជីដែលនៅសេសសល់នេះបញ្ជូនទៅពន្ធដា ហើយត្រូវធ្វើបែបណាដើម្បីអោយពន្ធដារជួយសម្រួលការងារជូនប្រជាពលរដ្ឋដែលនៅសេសសល់នេះ បើទោះបីអាជ្ញាធរដែនដីខ្លះបញ្ជាក់ថា នៅបុរីខ្លះមានភាពស្មុគស្មាញ ។ បើយើងធ្វើមិនទាន់ អ្នកដែលពិបាកគឺប្រជាពលរដ្ឋនេះឯង។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាល ពាក់ព័ន្ធនឹងការងារខាងលើនេះបាន ប្រទានកម្មដីជូនប្រជាពលរដ្ឋ ជាច្រើនកន្លែងរួចមកហើយ ដូចជា ប្រទានកម្មដីជូនប្រជាពលរដ្ឋ នៅបុរីចំការល្មុត ចំការស្វាយ ខណ្ឌច្បារអំពៅ ប្រជាពលរដ្ឋ នៅគង្គាផុស សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ នៅខណ្ឌដូនពេញ ក៏ដូចជានៅសហគមន៍វិមានទ្រុង ខណ្ឌ សែនសុខជាដើម៕
Source: Kampuchea Thmey Daily
0 Comments