កំពង់ធំ ៖ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជន តំណាងឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមទាំងក្រុមការងារ បានអញ្ជើញចុះមកប្រគល់ផ្ទះមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូន លោក នាយចំណង់ ស៊ឹម សំភ័ស្ត អាយុ៤៨ឆ្នាំរស់នៅភូមិបូពឹង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ កំពង់ធំ។
ពិធីប្រគល់ខ្នងផ្ទះ លើកទី១០៤នេះ មានការចូលរួមជាមួយអាជ្ញាធរដែនដី ភូមិ-ឃុំ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីបានសិក្សាស្វែងយល់ពីជីវភាពរស់នៅ របស់អតីតយុទ្ធជន ដែលបានជួបនឹងការលំបាក របស់លោកនាយចំណង់ ស៊ឹម សំភ័ស្ត ធ្លាប់ចូលបម្រើកងទ័ពនៅឆ្នាំ១៩៩៣ អតីតអង្គភាព វរសេនាតូចលេខ៥៥ នៃយោធាខេត្តកំពង់ធំ។ មានភរិយាឈ្មោះ ពៅ យីន អាយុ៣៩ឆ្នាំ មានកូននៅក្នុងបន្ទុក ចំនួន០៥នាក់ មានជីវភាពលំបាកខ្វះខាតបច្ចុប្បន្ន។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានមានប្រសាសន៍ថា ក្រោយពីបានពិនិត្យឃើញថា អតីតយុទ្ធជនដែលមានជម្រកស្នាក់នៅមិនសមរម្យ ក៏បានស្នើសុំផ្ទះពីសម្ដេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីឲ្យគ្រួសារនេះ ទទួលបានជម្រកស្នាក់នៅបានសមរម្យនឹងគេ។
ផ្ទះថ្មី ត្រូវបានប្រគល់នៅពេលនេះ មានទំហំ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ សាងសង់ខ្ពស់ផុតពីដី ជញ្ជាំងនិងរនាបក្ដារ ប្រក់ស័ង្កសី ជណ្ដើរថ្ម ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន ៨,៩៧០,០០០រៀល។ ក្នុងឱកាសប្រគល់ផ្ទះថ្មីនេះ លោក និង ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានពាំនាំនូវអំណោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈ លោកឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា ឧបត្ថម្ភជូនគាត់បន្ថែមរួមមាន ៖ អង្ករចំនួន៥០គ.ក្រ , មីយើងចំនួន០២កេស , ទឹកត្រី ទឹកស៊ីអ៊ីវចំនួន០២យួរ និងថវិកាចំនួន២៥០,០០០រៀល។
អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារ អតីតយុទ្ធជន ពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានទទួលផ្ទះថ្មីនេះ ហើយសូមគោរពជូនពរ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមជួបប្រទះតែនឹងពុទ្ធពរទាំងឡាយ បួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
Source: Kampuchea Thmey Daily
0 Comments