ភ្នំពេញ ៖ ក្បាលព្រួញពុះចែកទ្រូងផ្លូវដែល ខាងមន្ទីរសាធារណការ រាជធានីភ្នំពេញ បានដាក់នៅចំគន្លងផ្លូវនៅស្តុបក្តាន់ពីរ បានក្លាយឧបសគ្គមួយ ដែលតែងតែបង្កឲ្យអ្នក ដំណើរគ្រោះថ្នាក់រាល់តែយប់បណ្តាលឲ្យរងរបួសធ្ងន់និងស្រាលជាបន្តបន្ទាប់គ្នា រហូត ឈានដល់មានអ្នកស្លាប់បាត់ បង់ជីវិត ទៀតក៏មានដែរ ដោយសារតែការបើកមកដល់កន្លែងនោះ បើមិនបានប្រយ័ត្នពីចម្ងាយមកទេគឺត្រូវតែបុកទ្រូងផ្លូវនោះពេញតែម្តង។
ទ្រូងផ្លូវដែលជាកន្លែងគ្រោះថ្នាក់នោះគឺនៅ ត្រង់ចំណុចផ្លូវបំបែកជាបួនត្រង់ស្តុបសួនច្បារក្ដាន់២ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី កែងផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រំប្រទល់ ជាប់នឹងខណ្ឌ៧មករា។
ជាក់ស្ដែង កាលពីយប់មិញវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ មានរថយន្ត TRITON មួយគ្រឿង ជារបស់ មជ្ឈមណ្ឌល កំចាត់មីន កម្ពុជា "CMAC" បើកទៅបុក លាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្ត ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ និងរបាំងថ្មបាក់អស់១ផ្ទាំងផងដែរ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ទើរតែរាល់យប់ទៅហើយ ដែល យានយន្ត គ្រប់ប្រភេទ បានបើកទៅបុក ក្បាលព្រួញពុះចែកផ្លូវខាងលើនេះតែងតែ បង្កឲ្យអ្នកដំណើរគ្រោះថ្នាក់រងរបួសធ្ងន់និងស្រាលជាបន្តបន្ទាប់គ្នា រហូត ឈានដល់មានអ្នកស្លាប់បាត់ បង់ជីវិត ទៀតក៏មានដែរ ហើយនៅវេលាម៉ោងកើតហេតុខាងលើ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក TRITON ពណ៌ស ពាក់ស្លាកលេខ រដ្ឋ 36 2-0637 ជារបស់ មជ្ឈមណ្ឌលកំចាត់មីន កម្ពុជា "CMAC" បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់របាំងថ្ម១កង់ ចំណែករថយន្តបានផ្ទុះកង់មុខ និងខូចខាតផ្នែកខាងមុខអស់ផងដែរ។ ចំណែកអ្នកបើកបររថយន្តក៏ត្រូវបោកនឹងកញ្ចក់រថយន្តខាងមុខ បណ្ដាលឲ្យរបួស។ ភ្លាមៗនោះអ្នកបើករថយន្តបង្កក៏បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅដោយបន្សល់ទុករថយន្តបង្ក នៅកៀបជាប់របាំងថ្ម កណ្ដាលផ្លូវតែម្ដង។
ប្រភពព័ត៌មានបានបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្រះចក បានចុះមកដល់កន្លែង និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ មកធ្វើការវាស់ និងយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ សងថ្លៃខូចខាតទ្រព្យសម្បត្តិរដ្ឋ តាមនីតិវិធីច្បាប់នៅពេលក្រោយ។
គួរបញ្ជាក់ថា នៅពេលកន្លងមកត្រង់ចំណុច កើតហេតុខាងលើគឺរបាំងថ្មក្បាលព្រួញពុះ ចែកទ្រូងផ្លូវនោះ ត្រូវបានខាងជំនាញរបស់មន្ទីរសាធារណការ រាជធានីភ្នំពេញ ជាអ្នករៀបចំដោយដាក់ពង្រីកផ្លូវម្ខាងនិង ពង្រួមផ្លូវម្ខាង ដូចតាម បណ្ដាលស្តុបដទៃទៀតដែរ ដើម្បី ងាយស្រួល ក្នុងការរង់ចាំស្តុបកុំឲ្យមានការ កកស្ទះ តែខាង ផ្លូវដែល ពង្រួមនោះគឺបានដាក់នៅចំគន្លងរថយន្តធ្វើដំណើរតែម្ដង ដែលប្រៀបដូចជាឧបសគ្គ មួយតែងតែមានអ្នកដំណើរបើកទៅបុកជា រឿយៗ ជាពិសេស មិនមានដាក់ ស្លាក ឬ ចំណាំង ប្លាត អ្វី នោះទេជាហេតុធ្វើឲ្យមានអ្នកបើកបុកស្ទើរតែរាល់យប់ដូច្នេះទៅ៕
Source: Kampuchea Thmey Daily
0 Comments