Ad Code

សន្និសីទ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ឆ្នាំ​២០១៨​ស្ដីពី “​ការគ្រប់គ្រង​បម្រែបម្រួល​ដើម្បី​អនាគត​ប្រកបដោយ​និរន្តរភាព​ក្រោម​ប្រធានបទ​ ៖ ​បន្ត​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ ដែល​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​”



សៀមរាប ​៖ ​នា​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​សណ្ឋាគារ​សុខា​ល័យ​អង្គរ ខេត្ត​សៀមរាប, ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​រៀបចំ​អង្គ​សន្និសីទ​មីក្រូហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ ស្តីពី “​ការ​គ្រប់គ្រង​បម្រែបម្រួល​ដើម្បី​អនាគត​ប្រកបដោយ​និរន្តរភាព​ក្រោម​ប្រធានបទ ​៖ ​បន្ត​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ ដែល​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​” ក្រោម​អធិបតីភាព​លោក រ័ត្ន សុវណ្ណ​នរៈ ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​ត្រួតពិនិត្យ នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​វត្តមាន​តំណាង​ស្ថាប័ន​រាជរដ្ឋាភិបាល ប្រតិបតិ្តករ វិនិយោគិន និង​ម្ចាស់​ជំនួយ​នានា ទាំង​ជាតិ​ និង​អន្តរជាតិ ជាច្រើន​ផង​ដែរ។

សន្និសីទ​ប្រចាំ​ឆ្នាំនេះ​ឡើង ដើម្បី​រំលឹក​ពី​សមិទ្ធផល​ដែល​សម្រេចបាន​នាពេល​កន្លងមក​​ និង​ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍ និង​ព័ត៌មាន​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ ហិរញ្ញវត្ថុ​ទាំង​ក្នុងប្រទេស​និង​អន្តរជាតិ ក៏​ដូចជា បង្កើន​បរិយាកាស​រីក​រាយ និង​ភាព​ស្និទ្ធស្នាល​រវាង​ស្ថាប័ន​រាជរដ្ឋាភិបាល ប្រតិ​ប​តិ្ត​ករ វិនិយោគិន និង​ម្ចាស់​ជំនួយ​នានា បាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា ព្រមទាំង​ជា​ឱកាស ផ្តល់នូវ​ធាតុ​ចូល​សំខាន់ៗ​ទាំងទ្បាយ ដើម្បីឱ្យ​វិស័យ​ហិរញ្ញវត្ថុ បាន​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ និង​ទាន់ពេលវេលា​សម្រាប់​ឆ្លើយតប​ទៅនឹង​ការ​ប្រឈម និង​បម្រែបម្រួល​នានា នាពេល​អនាគត​។

ក្នុង​របាយការណ៍​ស្វាគមន៍​របស់ លោក គា បូរាណ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បាន​បង្ហាញថា​៖ គិត​មក​ត្រឹម​ត្រីមាស​ទី​បី នៅ​ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​២​លាន​គ្រួសារ​បានទទួល​សេវា​ហិរញ្ញវត្ថុ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មានដូចជា សេវា​កម្ចី សេវា​សន្សំ សេវា​ផ្ទេរប្រាក់ និង​ទូទាត់​ជាដើម​។​

ជាក់ស្តែង​វិស័យនេះ​បានផ្តល់​ប្រាក់កម្ចី​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ៥,០០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក តាមរយៈ​ការិយាល័យ​តំណាង​ចំនួន​១,៣៩១​កន្លែង និង​មាន​បុគ្គលិក​បម្រើការ​ងារ​សរុប​ប្រមាណ ៣០,៥៣៩​នាក់ នៅ​ទូទាំង​២៥ រាជធានី​-​ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក គា បូរាណ​បញ្ជាក់ថា​ ៖ ​រហូតមកដល់​បច្ចុប្បន្ន​នេះ សមាគម​មាន​សមាជិក​សរុប​ចំនួន​១០៣​គ្រឹះស្ថាន ក្នុងនោះ​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន​៧ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៦៥ គ្រឹះស្ថាន​ភតិសន្យា​ហិរញ្ញវត្ថុ​ចំនួន​៨ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​២៣​។

ថ្លែង​បើក​អង្គ​សន្និសីទ​នាឱកាស​នោះ លោក​រ័ត្ន សុវណ្ណ​នរៈ ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​ត្រួតពិនិត្យ នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា មានប្រសាសន៍ថា ​៖ ​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ឆ្នាំ​២០១៨​ជារួម វិស័យនេះ​នៅតែ​បន្ត​ការរីកចម្រើន​ទាំង​វិសាលភាព និង​ផ្តល់នូវ​ផលិតផល​មីក្រូហិរញ្ញវត្ថុ​ថ្មីៗ និង​ច្រើនបែប​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើបៗ ព្រមទាំង​បាន​ប្រកាន់ខ្ជាប់​នូវ​តួនាទី​របស់ខ្លួន​ក្នុងការ​លើកកម្ពស់​ហិរញ្ញប្បទាន​ជនបទ​គួរ​ជាទី​មោទនៈ​ផងដែរ​។​

លោក រ័ត្ន សុវណ្ណ​នរៈ បន្តថា ​៖ ក្នុងនាម​អាជ្ញាធរ​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា​ចាំបាច់​ត្រូវតែ​ថ្លឹង​ថ្លែង​រវាង​ការដាក់ចេញ​នូវ​ក្របខ័ណ្ឌ​បទបញ្ញត្តិ​ប្រុងប្រយ័ត្ន​ដែល​គាំទ្រ​សល់​ស្ថិរភាព​ហិរញ្ញវត្ថុ​ក្នុងការ​ប្រកួតប្រជែង ភាព​បទ​បែន​នៃ​បច្ចេកវិទ្យា​និង​ការ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​។​ទន្ទឹមនឹង​គោលបំណង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​ចូលរួម​ជា​សមាជិក​ពេញលេញ​របស់​សហព័ន្ធ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ហៅ​កាត់​ថា​AFI និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ជាន់ខ្ពស់​នៃ​ការលើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​របស់​សហព័ន្ធ​AFI​ផងដែរ ។​

លោក​បញ្ជាក់​ផងដែរ​ថា​ ៖​ សមាគម​ធនាគារ​នៅ​កម្ពុជា​បានរៀបចំ​សេចក្តីព្រាង​នៃ​សេចក្តីនែនាំ​ក្នុងការ​ផ្តល់​ហិរញ្ញប្បទាន​ប្រកបដោយ​និរន្តរភាព ហើយ​សង្ឃឹមថា​សេចក្តីណែនាំ​នេះ​នឹងត្រូវ​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​សេចក្តីណែនាំ​នេះ​ផ្តោត​សំខាន់​លើ​ការផ្តល់​ហិរញ្ញប្បទាន​បៃតង ដោយ​យកចិត្តទុកដាក់​លើ​ផលប៉ះពាល់ បរិស្ថាន សន្តិសុខ​សង្គម និង​និរន្តរភាព​របស់​អតិថិជន​។​ល​។ ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu