Ad Code

មេបញ្ជាការ​កងទ័ពជើងទឹក​អាមេរិក​ និង​អ៊ុយ​ក្រែ​ន​ជួបគ្នា​ បន្ទាប់ពី​រុស្ស៊ី​រឹបអូស​នាវា



មេបញ្ជាការ​កងទ័ពជើងទឹក​អ៊ុយ​ក្រែ​ន​ នឹង​ជួបប្រជុំ​ជាមួយ​សម​ភាគី​អាមេរិក​របស់គាត់​នៅ​សប្តាហ៍​នេះ ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ ដែល​នៅ​ទីនោះ ពួកគេ​នឹង​ពិភាក្សា​គ្នា​អំពី​ការ​រឹបអូស​យក​នាវា​អ៊ុយ​ក្រែ​ន​ចំនួន​៣​គ្រឿង​នាពេល​ថ្មីៗ​នេះ​ដោយ​កងទ័ពជើងទឹក​រុស្ស៊ី​។​

នាវា​រុស្ស៊ី​កាលពី​ខែ​មុន​បាន​បើក​ការបាញ់​ទៅលើ​នាវា​កងទ័ពជើងទឹក​អ៊ុយ​ក្រែ​ន​៣​គ្រឿង​នៅពេល​ពួកគេ​ព្យាយាម​ឆ្លងកាត់​ច្រក Kerch ពី​សមុទ្រ​ខ្មៅ​ទៅកាន់​សមុទ្រ Azov ហើយ​បាន​ឃាត់ខ្លួន​សមាជិក​នាវិក​អ៊ុយ​ក្រែ​ន​ចំនួន​២៤​នាក់​។​

អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក Eric Pahon បាន​និយាយថា ឧ​ត្ត​មនា​វី Ihor Voronchenko របស់​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ជួបប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​ជាមួយ​មេបញ្ជាការ​ប្រតិបត្តិការ​កងទ័ពជើងទឹក​អាមេរិក​គឺ​ឧ​ត្ត​មនា​វី John Nicholson​។​

លោក Nicholson និង​មន្ត្រី​មន្ទីរ​បញ្ច​កោណ​ដទៃទៀត​នឹង​បញ្ជាក់​អះអាង​ឡើងវិញ​នូវ​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​នៅតាម​ព្រំដែន​ដែល​ត្រូវបានគេទទួលស្គាល់​ជា​អន្តរជាតិ ពង្រីក​ដែនទឹក​របស់ខ្លួន​ក៏ដូចជា​សិទ្ធិ​របស់​នាវា​របស់ខ្លួន​ក្នុងការ​ឆ្លងកាត់​ដែនទឹក​អន្តរជាតិ​ផងដែរ​។​

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Jim Mattis កាលពី​ដើមខែ​នេះ​បាន​រិះគន់​កងទ័ពជើងទឹក​រុស្ស៊ី​ថា​បាន​រំលោភបំពាន​សន្ធិសញ្ញា​មួយ​ដែល​អនុញ្ញាតអោយ​នាវា​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​ឆ្លងកាត់​ដោយ​សេរី​នៅ​ច្រក Kerch ។​

រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អំពាវនាវ​អោយមាន​ការឆ្លើយតប​ជា​អន្តរជាតិ​យ៉ាង​ឆាប់រហ័ស​ចំពោះ​ការឈ្លានពាន​របស់​រុស្ស៊ី​បន្ទាប់ពី​រុស្ស៊ី​បាន​រឹបអូស​នាវា​កងទ័ពជើងទឹក​អ៊ុយ​ក្រែ​ន​៣​គ្រឿង​និង​នាវិក​២៤​នាក់​។​

ការប្រឈមមុខ​ដាក់គ្នា​នៅ​សមុទ្រ​កាលពី​ថ្ងៃទី​២៥​ខែវិច្ឆិកា​គឺជា​ឧបទ្ទវហេតុ​យោធា​បើកចំហ​ដំបូង​បំផុត​រវាង​ក្រុង​គៀវ​និង​មូ​ស្គូ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​នៅពេលដែល​ប្រទេស​រុស្ស៊ី​បាន​កាត់​បញ្ចូល​ឧបទ្វីប Crimea ជា​ឧបសម្ព័ន្ធ​និង​ជម្លោះ​មួយ​ដែល​បាន​ផ្ទុះឡើង​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​រវាង​ពួក​បំបែក​ខ្លួន​គាំទ្រ​រុស្ស៊ី​និង​កងកម្លាំង​រដ្ឋាភិបាល​ដែល​បានសម្លាប់​មនុស្ស​ជាង​១០,០០០​នាក់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu