Ad Code

ឆ្នាំ​២០១៨​នេះ​ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ទទួល​បាន​អំណោយ​ឈាម​ជាង​៨​ម៉ឺន​ប្លោក ​នៅ​ទូទាំង​ប្រទេស​



​ភ្នំពេញ ​៖ ​យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ឲ្យ​ដឹងថា​ សម្រាប់​ឆ្នាំ​២០១៨​នេះ​ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ទទួលបាន​ឈាម​ទូទាំងប្រទេស​បាន​ចំនួន​៨៣.៩៨៤​ប្លោក​ក្នុងនោះ​នៅ​ភ្នំពេញ​ មាន​ចំនួន​៥៨.៣៩៧​ប្លោក ​ខណៈ​ឆ្នាំ​២០១៧​កន្លងទៅ ​ទទួល​បាន​អំណោយ​ឈាម​តែ​៧៦.៥១១​ប្លោក ​ប៉ុណ្ណោះ​។​

លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ឲ្យ​ដឹងថា​ នៅ​រាជធានី​ភ្នំពេញ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ទទួលខុសត្រូវ​ក្នុងការ​ផ្គត់ផ្គង់​ឈាម​ជាង​៧០% ខណៈ​ការ​ទទួល​ខុស​ត្រូវ តាម​បណ្ដា​ខេត្ត​ដែលមាន​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ចំនួន​២១​កន្លែង ​មាន​ត្រឹមតែ​១% ទៅ​៥% ប៉ុណ្ណោះ ព្រោះ​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម ភាគច្រើន​បញ្ជូន​មក​ភ្នំពេញ ដូច្នេះ​ហើយ​ទើប​អត្រា​ភាគ​រយ​នៅ​ភ្នំពេញ ខ្ពស់ជាង​នៅតាម​បណ្ដា​ខេត្ត​។​

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា​ នេះ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់ធ្ងរ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម សម្រាប់​ការ​ផ្គត់ផ្គង់​ឈាម​នេះ​ ដើម្បី​ជួយ​ដល់​អាយុជីវិត​របស់​ពលរដ្ឋ ដែល​បាន​មក​ទទួល​សេវា ការ​ព្យាបាល​នៅ​តាម​បណ្ដា​មន្ទីរពេទ្យ​ជាតិ និង​មន្ទីរពេទ្យ​ឯកជន​នានា​ផ្សេងទៀត​ទៅតាម​តម្រូវការ​របស់​ពលរដ្ឋ​ផង​ដែរ​។​

លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង​ បាន​បន្តទៀតថា «​សព្វថ្ងៃនេះ​ យើង​មិនទាន់មាន​ឈាម​គ្រប់គ្រាន់​សម្រាប់​ជួយសង្គ្រោះ​ជីវិត​មនុស្ស ដែល​ត្រូវការ​ឈាម​បន្ទាន់​នៅឡើយ​ទេ​។​ ដូចនេះ​ យើង​ត្រូវការ​ឈាម បន្ថែម​ទៀត ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​បន្ទាន់​»​។​

លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀង​ថា ក្នុង​មួយថ្ងៃ​គ្រាន់តែ​នៅ​រាជធានី​ភ្នំពេញ ត្រូវការ​ឈាម​ចន្លោះ​ពី ៨០​ ទៅ​១០០​ប្លោក សម្រាប់​ជួយសង្គ្រោះ ជនរងគ្រោះ​ផ្សេងៗ ​ហើយ ​ទូទាំងប្រទេស​ត្រូវការ​ឈាម​ប្រមាណ​១៥០​ប្លោក​រៀងរាល់ថ្ងៃ​ ពិសេស​អ្នកជំងឺ​ទាក់ទិន​នឹង​ជំងឺ​ការ​ហូរ​ឈាម​តាម​ប្រដាប់​រំលាយ​អាហារ ការវះកាត់​ជំងឺ​បេះដូង គ្រោះថ្នាក់​ចរាចរណ៍ ករណី​ នៃ​ការ​ហូរ​ឈាម​មិន​ប្រក្រតី​នៅមុន ​និង​ក្រោយពេល​សម្រាលកូន ករណី​ជំងឺ​ខ្សោយ​តម្រង់​នោម​ និង​ករណី នៃ​ការ​ព្យាបាល​ថែទាំ ជំងឺ​មហារីក​..។​ល..​។

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា​ ដើម្បី​ទទួលបាន​អំណោយ​ឈាម ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​តែងតែ​សហការ​ជាមួយ​នឹង​ក្លឹប ​នៃ​ក្ដី​ស្រឡាញ់ ក្លឹប​របស់​សហភាព សហព័ន្ធ​យុវជន​កម្ពុជា នៅ​ក្នុង​ការ​រៀបចំ​ធ្វើ​យុទ្ធនាការ នៅ​តាម​សាកលវិទ្យាល័យ​ទាំងអស់ ក្នុង​គោលបំណង​ដើម្បី​ប្រមូល​បាន​អំណោយ​ឈាម​ជួយ​ដល់​អាយុជីវិត​មនុស្ស ដែល​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ទាំងអស់​។​

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា​ « បើសិនជា​គ្មាន​ការចូលរួម​ចំណែក​ពី​សប្បុរសជន​ទាំងឡាយ​នោះ មជ្ឈមណ្ឌល​ក៏​មិនអាច​ទ្រទ្រង់ និង​ផលិត​ឈាម បាន​ឡើយ ​ដូច្នេះ​ការ​ចូលរួម​របស់​បង​ប្អូន ពិត​ជា​មាន​សារសំខាន់​យ៉ាងខ្លាំង​»​។​

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ​ការផ្ដល់សេវា​ផ្គត់ផ្គង់​ឈាម គឺជា​សេវា​មនុស្សធម៌​មួយ ដោយ​នៅក្នុងពេល​បច្ចុប្បន្ន ជា​បន្ទុក​របស់​រាជ​រដ្ឋាភិបាល​ទាំងស្រុង ក៏ដូចជា​ក្រសួងសុខាភិបាល ដោយ​សមាសភាព​ឈាម ទាំងអស់​ត្រូវបាន​ផ្គត់ផ្គង់ នៅតាម​បណ្ដា​មន្ទីរពេទ្យ​ទូទាំង​ប្រទេស ដោយ​មិន​ឲ្យ​ពលរដ្ឋ​បង់ថ្លៃ​សេវា​ឡើយ​ដោយ​រដ្ឋ​ជា​អ្នករ៉ាប់រង​ទាំងអស់​។​

លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង បាន​ជំរុញ​ និង​អំពាវ ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ ទូទាំង​ប្រទេស ជា​ពិសេស​ក្រុមយុវជន​បន្ត​ចូលរួម​បរិច្ចាគ​ឈាម​ដើម្បី​ឲ្យ​មជ្ឈមណ្ឌល​ជាតិ​យក​ទៅ​ជួយ​សង្គ្រោះ​ដល់​ជនរងគ្រោះ ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ ហើយ​សកម្មភាព​ទាំងនេះ​ពិតជា​បាន​ចូលរួម ចំណែក​យ៉ាង​ខ្លាំង លើ​ការ​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ដទៃ​៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu