ភ្នំពេញ ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា រាជរដ្ឋាភិបាល បានបន្តការយកចិត្តទុកដាក់ខ្ពស់ ដោយបានដាក់ចេញនូវគោលនយោបាយផ្សេងៗ សំដៅកាត់បន្ថយភាពរើសអើងរបស់ជនពិការភាពនៅក្នុងសង្គម។
ថ្លែងនៅក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជា លើកទី២០ និងទិវាជនមានពិការភាព អន្តរជាតិ លើកទី៣៦ កាលពីព្រឹកថ្ងៃទី៦ធ្នូ នៅសាលមហោស្រពកោះពេជ្រនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាទទួលបានជោគជ័យយ៉ាងច្រើនក្នុងការកាត់បន្ថយភាពរើសអើងចំពោះជនមានពិការភាពនៅក្នុងសង្គមជាបន្តបន្ទាប់ តាមរយៈការអនុវត្តអនុសញ្ញា ស្ដីពីសិទ្ធិជនពិការ របស់អង្គការសហប្រជាជាតិ ទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក យុទ្ធសាស្ត្រ អ៊ីនឈាន់ និងសេចក្ដីថ្លែងការណ៍ទីក្រុងប៉េកាំង ផែនការយុទ្ធសាស្ត្រជាតិ ស្ដីពី ពិការភាពឆ្នាំ២០១៤-២០១៨ សំដៅលើកកម្ពស់សមត្ថភាពស្ថាប័ន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សង្គម និងសេដ្ឋកិច្ច ក្នុងបុព្វហេតុបង្កើតកាលានុវត្តភាពការងារសម្រាប់ជនមានពិការភាព ការកាត់បន្ថយ ភាពក្រីក្រ និងការអភិវឌ្ឍន៍ការងារសំខាន់ៗ នៃវិស័យពិការភាពនៅកម្ពុជា។
លើសពីនេះទៅទៀត ថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គម ដើម្បីកំណត់ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការធានាឲ្យបាននូវសន្តិសុខប្រាក់ ចំណូលនិងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់ សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រឲ្យបានជាអតិបរមា។
លើសពីនេះទៀត រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការបង្ការ ពិការភាព ការគាំទ្រ និងលើកទឹកចិត្ត ការលើកកម្ពស់សិទ្ធិប្រកបដោយសេចក្ដីថ្លៃថ្នូរ ជំរុញឲ្យមានការដាក់ បញ្ចូលបងប្អូនមានពិការភាពទៅក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច សំដៅជួយដល់ជនមានពិការភាព និង ក្រុមគ្រួសារឲ្យទទួលបានគុណភាពជីវភាពល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវា សាធារណៈស្មើគ្នា ការចូលរួមលើគ្រប់សកម្មភាពក្នុងសង្គម រួមទាំងការទៅចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះ ជាបេក្ខជនឲ្យគេបោះឆ្នោត ការរៀបចំលិខិតបទដ្ឋានគតិយុត្តិ ការចុះផ្សព្វផ្សាយការយល់ដឹងអំពីវិស័យពិការភាព នៅគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ដើម្បីគាំទ្រដល់ការ អភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ជនមានពិការភាពគ្រប់រូបនៅកម្ពុជា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបន្តថា ជនមានពិការភាពកាន់តែមានឥទ្ធិពលនៅក្នុងសង្គមតាមរយៈមានតួនាទីជាថ្នាក់ដឹកនាំមួយចំនួននៅក្នុងជួររាជរដ្ឋាភិបាល មានឱកាសបំពេញការងារគ្រប់គ្រាន់ទាំងស្ថាប័នរដ្ឋ និងឯកជន ដែលធ្វើឲ្យជនពិការមានប្រាក់ចំណូលរស់នៅដោយឯករាជ្យមិនមែនជាបន្ទុករបស់ក្រុមគ្រួសារ ឬសង្គម។
លោក ឯមច័ន្ទ មករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពដើម្បីជនពិការបានឲ្យដឹងថា រាជ រដ្ឋាភិបាលក៏បានផ្តល់ការអប់រំចំណេះដឹងទូទៅ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ជនមាន ពិការភាព គ្រប់ប្រភេទ ដើម្បីលើកកម្ពស់សមត្ថភាពជនមានពិការភាពឲ្យទទួលបានឱកាសមានការ ងារធ្វើ នៅក្នុងសង្គម។
បន្ថែមពីនេះទៀត រាជរដ្ឋាភិបាល បានផ្តល់ប្រាក់ឧបត្ថម្ភដល់ជនពិការក្រីក្រនៅតាមមូលដ្ឋាន ដើម្បីជួយសម្រាលបន្ទុកជីវភាព ក្រសួងសុខាភិបាល បានពង្រីកសកម្មភាពពិនិត្យ ការព្យាបាល និងការស្តារលទ្ធភាពពលកម្មកាយសម្បទាដោយពុំមានការបង់ប្រាក់ និងសម្រួលដល់ជនមានពិការភាព ក្នុងការប្រើប្រាស់សេវាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឲ្យកាន់តែមានភាពងាយស្រួលថែមទៀតផង។
លោក ស៊ុន សុផានណារិទ្ធ ជាជនមានពិការភាពបានទទួលស្គាល់ថា ស្ថានភាពជនពិការនៅក្នុងសង្គម កាន់តែមានភាពល្អប្រសើរឡើងតាមរយៈកិច្ចគាំពារជាច្រើនពីរាជរដ្ឋាភិបាល ហើយសង្គមកាត់បន្ថយការ រើសអើងចំពោះជនមានពិការភាព។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្វីត្បិតតែយើងសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង លើវិស័យសុខុមាលភាព ជនមានពិការភាពយ៉ាងណាក៏ដោយ ក៏បងប្អូនមានពិការភាពនៅមានឧបសគ្គជាច្រើនទៀត ឧបសគ្គផ្នែក បរិស្ថានរូបវន្ត និងឧបសគ្គក្នុងការទំនាក់ទំនង ដែលយើងត្រូវតែយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងទាំងអស់គ្នា ក្នុងការដោះស្រាយបញ្ហា និងលុបបំបាត់ភាពរើសអើងលើជនមានពិការភាព ដែលជាកិច្ចការដ៏មានសារៈសំខាន់ ចំពោះមុខ ដើម្បីបន្តជំរុញដល់ការអភិវឌ្ឍន៍វិស័យពិការភាពឲ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៨ នេះ មានជនមានពិការភាពសរុបចំនួន២.៨៣៩នាក់ ក្នុងនោះ ជនពិការកម្រិតធ្ងន់មានចំនួន១.៤៧៨នាក់ បានចូលបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋចំនួន ៤០ ចំណែក វិស័យឯកជនចំនួន៧៧ មានជនពិការចំនួន៣.០៥៥នាក់ បាននិងកំពុងបម្រើការងារសរុបទាំងរដ្ឋ និងឯកជនមានចំនួនប្រមាណ៥.៨៩៤នាក់។
ផ្អែកតាមការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១៤ បានបង្ហាញថា កម្ពុជា មានជន មានពិការភាពប្រមាណ៤ភាគរយ ស្មើនឹងចំនួន៥២៤.០០០នាក់ នៅទូទាំងប្រទេស៕
Source: Kampuchea Thmey Daily
0 Comments