ត្បូងឃ្មុំ ៖ កាលពីរសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ខេត្តត្បូងឃ្មុំបានរៀបចំពិធីប្រកាសគណៈកម្មាធិការជំរឿនខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមានការចូលរួមដោយ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ អភិបាលក្រុង ស្រុក មេឃុំសង្កាត់ ម្ចាស់ផ្ទះសំណាក់សណ្ឋាគារ កាស៊ីណូ រោងចក្រ សហគ្រាស និងអ្នកពាក់ព័ន្ធ សរុបប្រមាណជាង៣០០នាក់។
លោក អេង ណារ៉េត ប្រធានមន្ទីរផែនការខេត្តត្បូងឃ្មុំ គូសបញ្ជាក់ថា ជាទូទៅគឺមានតែការធ្វើជំរឿនប្រជាជនទេ ដែលអាចឲ្យយើងទទួលបានទិន្នន័យប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស និងជួយឲ្យ រដ្ឋាភិបាលអាចរៀបចំ តាក់តែងគោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍន៍សម្រាប់ប្រជាពលរដ្ឋ។
ជំរឿនប្រជាជន គឺអនុវត្តលើវិសាលភាពពេញផ្ទៃប្រទេស ដែលអាចផ្ដល់ព័ត៌មានអំពីប្រជាជនក្នុងមូលដ្ឋានរហូតដល់តាមឋានានុក្រម នៃកម្រិតរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាតម្រូវការមិនអាចមានប្រភពទិន្នន័យណាមកជំនួសបាន។
បើតាម ឯកឧត្ដម ឡុង ធាម អភិបាលរងខេត្តត្បូងឃ្មុំ ឲ្យដឹងថា គណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានតែងតាំងដោយអនុក្រឹត្យ ដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង ចំណែកឯគណៈកម្មាធិការបច្ចេកទេសជំរឿន ដឹកនាំដោយ ឯកឧត្ដម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ដោយឡែកក្នុងសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មាធិការជំរឿនទូទៅនៅខេត្តត្បូងឃ្មុំ មានសមាសភាពចំនួន១៥រូប ដោយក្នុងនោះ មាន ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ជាប្រធាន រូបលោកផ្ទាល់ ជាអនុប្រធាន និងលោក អេង ណារ៉េត ជាសមាជិកអចិន្ត្រៃយ៍។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណូមពរ ដល់ លោក លោកស្រី ធ្វើការងារទាក់ទងជំរឿនប្រជាជនឆ្នាំ២០១៩ យកចិត្តទុកដាក់បំពេញការងារឲ្យទាន់ពេលវេលា តាមផែនការសកម្មភាពដែលបានគ្រោង ដើម្បីទទួលបានជោគជ័យប្រកបដោយគុណភាពខ្ពស់ ចំណែក គណៈកម្មាធិការជំរឿនខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ធ្វើការត្រួតពិនិត្យដំណើរការជំរឿននៅខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់របស់ខ្លួន និងធ្វើការសម្របសម្រួលគ្រប់សកម្មភាពជំរឿន។
ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា ជាពិសសការអនុវត្តការងារចាត់ចែងតម្រូវការធនធានមនុស្ស ការកំណត់ទីកន្លែងសម្រាប់ការអនុវត្តយុទ្ធសាស្ត្រឃោសនាពីជំរឿនប្រជាជន បណ្ដុះបណ្ដាលមន្ត្រីសម្ភាសន៍ មន្ត្រីត្រួតពិនិត្យជំរឿន ការត្រួតពិនិត្យការងារនៅមូលដ្ឋាន ការប្រមូលបញ្ជីសំណួរជំរឿនបំពេញរួច និងការទាក់ទងផ្សេងៗទៀត។
ជាងនេះទៅទៀតនោះ សូមសហការជាមួយមន្ទីរអង្គភាពជំនាញ ការងារធ្វើជំរឿនឲ្យបានល្អ ចំពោះការធ្វើជំរឿនគ្រួសារស្ថាប័ន ដូចជា ៖ ការធ្វើជំរឿននៅតាមមន្ទីរពេទ្យ សណ្ឋាគារ ផ្ទះសំណាក់ ពន្ធនាគារ រោងចក្រសហគ្រាស និងអង្គភាពសាធារណៈនានា ដើម្បីឲ្យការធ្វើជំរឿននេះទទួលបានដោយជោគជ័យ៕
Source: Kampuchea Thmey Daily
0 Comments