ប្រដាល់ ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជាឌុន រដ្ឋា ក្លិបអេភូថងកីឡា ត្រូវគេផ្គូផ្គងឲ្យជួបប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់ Abolfazl Alipour Andi នាព្រឹកថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងកម្មវិធីប្រដាល់Boostrong Fighter On Fire របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។ ពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម។
តាម លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEATV ឲ្យដឹងថា Abolfazl នេះ គេទើបតែមកប្រកួតនៅសង្វៀនរបស់លោក ជាលើកទី១ ប៉ុណ្ណោះ។
Abolfazl គេជាអ្នកប្រដាល់ជើងថ្មី ដែលហ្វឹកហាត់នៅស្រុកថៃ។ គេចេះប្រដាល់ស្ទាត់គួរសមដែរ ដោយមានស្នៀតកណ្ដាប់ដៃល្អ និងស្នៀតទាត់ក៏ល្អ ហើយចេះវាយកែងទៀត។ អ្នកប្រដាល់រូបនេះ មានប្រវត្តិប្រកួតចំនួន១៥លើក ដោយឈ្នះ១២លើក និង ចាញ់០៣លើក មិនដែលស្មើ។
ឌុន រដ្ឋា អ្នកប្រដាល់កម្ពុជាយើងវិញ ជាអ្នកប្រដាល់ចាស់វស្សា។ គេមានស្នៀតប្រដាល់ល្អ និង មានចិត្តប្រដាល់ធំ ហើយហ៊ានប្ដូរជាមួយគូប្រកួតដោយមិនខ្លាចញញើតឡើយ។
សម្រាប់ការជួបប្រកួតជាមួយAbolfazlនេះ មិនដឹងថា ឌុន រដ្ឋា អាចយកឈ្នះបានឬអត់នោះទេ?។ ឌុន រដ្ឋា មានកំណត់ត្រាប្រកួត៨៨លើក ឈ្នះ៦៥លើក ចាញ់១៨លើក និងស្មើ៥លើក។
ទោះជាយ៉ាងនេះក្តី អ្នកប្រដាល់ ឌុន រដ្ឋា មិនអាចមើលស្រាលចំពោះអ្នកប្រដាល់អ៊ីរ៉ង់ចំណូលថ្មីនេះទេ ព្រោះAbolfazl គេមានស្នៀតកណ្ដាប់ដៃល្អ កម្លាំងខ្លាំង ហើយចេះស្នៀតជង្គង់ថែមទៀត។ ដូច្នេះ ចាំមើលរវាង ឌុន រដ្ឋា និង Abolfazl ជួបគ្នាលើកទី១នេះ តើនរណាជាអ្នកឈ្នះនោះ?។
ឌុន រដ្ឋា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ បានវាយស្មើជាមួយអ្នកប្រដាល់ជនជាតិ ម៉ាឡេស៊ីឈ្មោះ Majid Hossein ក្នុងការជួបប្រកួតគ្នានៅលើសង្វៀនSEATVនេះ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ សំ ភក្តី អ្នកប្រដាល់ក្លិបរ៉ាហាប់ស្វាយប៉ាក ត្រូវគេផ្គូផ្គងអោយជួបប្រកួតជាមួយទី ពន្លែត អ្នកប្រដាល់ជើងចាស់ក្លិបអង្គរមានជ័យ ខេត្តសៀមរាប ដោយជួបគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។
ពីរនាក់នេះ មិនធ្លាប់ជួបគ្នាជួបគ្នាទេកន្លងមក ដោយសារ សំ ភក្តី ជាអ្នកប្រដាល់ស្រករក្រោយ ឯ ទីពន្លែត ជាជើងចាស់យូរហើយ។ ទីពន្លែត គេមានកណ្ដាប់ដៃល្អ ស្នៀតជើងទាត់ខ្លាំង ហើយស៊ូក្នុងការប្រកួតថែមទៀត។ គេប្រកួតចុងក្រោយ វាយចាញ់នូវ ដារ៉ូ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ក្នុងទឹកទី៣។
សំ ភក្តី ទោះបីជាអ្នកប្រដាល់ស្រករក្រោយក្តី ប៉ុន្តែគេមានស្នៀតទាត់ល្អ។ ជាមួយនេះ ភក្តី នៅមានកណ្ដាប់ដៃខ្លាំង រហ័ស និង លឿនផងដែរ។ ចាំមើល តើជួបគ្នាលើកដំបូងនេះ ទី ពន្លែត គេអាចយកឈ្នះ សំ ភក្តី បានឬអត់?។
ចំណែក សំណាង សុខនឿន អ្នកប្រដាល់ក្លិបកងចក្ររាជសីហ៍មានរិទ្ធ នឹងជួបប្រកួតជាមួយ ប្រាក់ ស៊ីណាត អ្នកប្រដាល់ក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែង ដោយប្រកួតក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ហើយ ធន់ វណ្ណា អ្នកប្រដាល់ក្លិបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ ឡុង ភារម្យ អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments