ភ្នំពេញ ៖ បុរសម្នាក់ បានបោកក្បាលនឹងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែបានស្លាប់បាត់បង់ជីវិតនៅពាក់កណ្តាលផ្លូវ ក្រោយពីមានរថយន្តធុនដ្រា TUNDRA មួយគ្រឿងបើកយ៉ាងលឿនជ្រុលទៅបុកពេញទំហឹង ខណៈបុរសរូបនេះកំពុងដើរឆ្លងផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាពីវេលាម៉ោង៦និង១០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវបែកជាបួន ផ្លូវម៉ៅសេទុង កែងផ្លូវលេខ៣៣៦ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
ជនរងគ្រោះ (ស្លាប់) នៅមិនស្គាល់អត្តសញ្ញាណនោះទេ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តធុនដ្រា TUNDRA មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AD-7000 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើង លុះដល់ចំណុចស្តុបផ្សារដើមគរ ដែលជាកន្លែងកើតហេតុខាងលើ បានជ្រុលចង្កូតបុកបុរសម្នាក់ ដែលកំពុងដើរឆ្លងផ្លូវ តាមបណ្ដោយផ្លូវ៣៣៦ ពីកើតទៅលិច បុកពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះ ប៉ើងខ្ទាតបោកផ្ទប់នឹងថ្នល់រងរបួសធ្ងន់ បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជន ហុងហាក់ មកដឹកយកទៅសង្គ្រោះភ្លាមៗ តែដោយសារស្ថានភាពជនរងគ្រោះ បានរងរបួសធ្ងន់ធ្ងរពេក ទើបត្រូវដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតវិញ តែជាអកុសលជនរងគ្រោះបានស្លាប់នៅពាក់កណ្តាលផ្លូវ។
ចំណែករថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមរត់គេចខ្លួនចូលខារ៉ាអូខេ ដាប់ប៊ែលយូ KTV ហើយបានប្លុងរថយន្តចោលនៅកន្លែងចតរថយន្ត រួចរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់មក ប្រជាពលរដ្ឋឃើញហេតុការណ៍នេះ បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ក្រោយមកសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌ បានចុះមកដល់ និងបានរកឃើញប័ណ្ណបើកបរមួយសន្លឹក នៅក្នុងរថយន្តមានឈ្មោះ ប្រាក់ ចាន់បូរមី ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្លូវលេខ៦០Z ផ្លូវ២៥១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ក្រោយកើតហេតុ សមត្ថកិច្ចចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទាក់ទងម្ចាស់រថយន្តបង្កហេតុឲ្យមកដោះស្រាយតាមផ្លូវច្បាប់។
ចំណែកសពជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំជំនាញចុះមកធ្វើកោសលវិច័យទើបប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments