ប្រដាល់ ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា២រូប ត្រៀមជួបប្រកួតជាមួយអ្នកប្រដាល់ថៃ នៅក្នុងកម្មវិធីប្រដាល់ពេលយប់Ganzberg Top Fighter លើសង្វៀនSEATV ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ។ នោះគឺ អ្នកប្រដាល់វ័យក្មេង ម៉ឺន មេឃា ក្លិបអេភូថងកីឡា ត្រូវបានគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃចំណូលថ្មី Kaptanlek ដោយជួបគ្នាក្នុងទម្ងន់៦៣,៥០០គ.ក្រ។
Kaptanlek គេមិនធ្លាប់មកប្រកួតនៅស្រុកខ្មែរម្តងណានៅឡើយទេកន្លងមក។ អ្នកប្រដាល់ថៃ Kaptanlek នេះ មានកម្ពស់ទាបជាង មេឃា គឺ១,៦៨ម៉ែត្រ ប៉ុន្តែមានកំណត់ត្រាប្រកួតច្រើនជាង មេឃា គឺ៦០លើក ឈ្នះ៥០លើក ចាញ់១០លើក មិនដែលស្មើ។ ទោះជាយ៉ាងនេះក្តី Kaptanlek មិនប្រាកដថា អាចយកឈ្នះលើម៉ឺន មេឃា បាននោះឡើយ តែយ៉ាងណា មេឃា ក៏មិនអាចមើលស្រាលអ្នកប្រដាល់ថៃនោះបានដែរ។
ម៉ឺន មេឃា ដែលគេស្គាល់ថាជាកូនប្រុសបង្កើតរបស់អតីតជើងខ្លាំងអេភូថងនោះ គេមានកម្រិតសមត្ថភាពបច្ចេកទេសល្អ កាយសម្បទារឹងមាំ។ គេមានកំណត់ត្រាប្រកួតតែ២៩លើកទេ ដែលក្នុងចំនួននេះគេវាយឈ្នះ២៥លើកទៅហើយ ដោយចាញ់តែ០៤លើកប៉ុណ្ណោះ។
ទោះជាយ៉ាងណា ម៉ឺន មេឃា គេប្រហែលជាមិនពិបាកក្នុងការជួប Kaptanlek នោះទេ ព្រោះអ្នកប្រដាល់កម្ពុជារូបនេះ ថ្វីត្បិតតែជាជើងថ្មី និងមិនទាន់មានឈ្មោះបោះសំឡេងនៅឡើយក្តី ក៏អ្នកប្រដាល់វ័យក្មេងរូបនេះ មិនអន់នោះដែរ។ ជាលើកទី១ របស់ មេឃា ដែលជួបប្រកួតជាមួយថៃ។ ដូច្នេះ ចាំមើល តើ ម៉ឺន មេឃា អាចយកឈ្នះ Kaptanlek បានឬអត់?។
ចំពោះសរ រាជសីហ៍ អ្នកប្រដាល់ក្លិបមោងឬស្សីមរតកគុនខ្មែរខេត្តបាត់ដំបង ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់ឈ្មោះAboozar។ ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម។
នេះជាការជំនួបដ៏តឹងតែងបំផុត រវាងសរ រាជសីហ៍ និង Aboozar ព្រោះថាអ្នកប្រដាល់ អ៊ីរ៉ង់ រូបនេះ មិនធម្មតានោះឡើយ។ នេះបើតាមអ្នកផ្គូផ្គងប្រចាំសង្វៀនSEATV ឲ្យដឹង។
សរ រាជសីហ៍ គេធ្លាប់ប៉ះប្រកួតជាមួយអ្នកប្រដាល់ ស្បែក ស ប៉ុន្មាននាក់ហើយ តែពុំដែលប៉ះជាមួយAboozar នេះឡើយ។ តែយ៉ាងណា កណ្ដាប់ដៃ កែង និងជើងទាត់របស់រាជសីហ៍ វាយចេញខ្លាំង និងមានទម្ងន់ធ្ងន់គួរសមដែរ ដូច្នេះការជួបជាមួយAboozar ប្រហែលជាមិនមានបញ្ហាចោទអ្វីឡើយ។
ជាអ្នកប្រដាល់ដែលមិនចេះវាយបន្ធូរដៃនោះទេ ឲ្យតែគេយល់ថាដៃគូអាចបង្ក្រាបបាន គឺ សរ រាជសីហ៍ គេមិនប្រោះទុកយូរទេ គេផ្ដួលយកឈ្នះតែម្ដង។ និយាយពីបច្ចេកទេស និង កលល្បិចនោះ គេនៅស្ទើរនៅឡើយ តែកម្លាំងកាយសម្បទារឹងមាំល្អ។ សរ រាជសីហ៍ ធ្លាប់ឡើងប្រកួតចំនួន៦៨លើក ឈ្នះ៥៦លើក ចាញ់១២លើក និងមិនដែលស្មើ។ ចាំមើល រវាងAboozar និងសរ រាជសីហ៍ តើនរណាជាអ្នកឈ្នះសម្រាប់ជំនួបលើកដំបូងនេះ?។
តាម លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEATV អោយដឹងថាAboozar នេះ គេទើបតែមកប្រកួតនៅសង្វៀនរបស់លោកលើកទី១ប៉ុណ្ណោះ។ Aboozar គេជាអ្នកប្រដាល់ជើងថ្មី ដែលហ្វឹកហាត់នៅស្រុកថៃ។ គេមានស្នៀតកណ្ដាប់ដៃល្អ ខ្លាំង និងរហ័ស ហើយចេះស្នៀតជង្គង់ថែមទៀត។ អ្នកប្រដាល់រូបនេះ មានកំណត់ត្រាប្រកួតតែចំនួន១៧លើកប៉ុណ្ណោះ ដោយឈ្នះ១២លើក ចាញ់០៥លើក និងមិនដែលស្មើ។ នេះបើតាម លោក ញាណ សុធី បញ្ជាក់ឲ្យដឹង។
គួរបញ្ជាក់ឲ្យដឹងដែរថា សរ រាជសីហ៍ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ បានវាយស្មើពិន្ទុជាមួយអ្នកប្រដាល់ អ៊ីរ៉ង់ ឈ្មោះ Akbari Keraimant នៅលើសង្វៀនSEATVនេះ៕
Source: Kampuchea Thmey Daily
0 Comments