Ad Code

ទិញ​ថ្នាំញៀន​បាន​២​កញ្ចប់ ពេល​ធ្វើ​ដំណើរ​ត្រឡប់មកវិញ​ សមត្ថកិច្ច​ចាប់​តាមផ្លូវ​



​ភ្នំពេញ ​៖ បុរស​២​នាក់​ដែល​ងប់ងុល​នឹង​ថ្នាំញៀន​ ត្រូវបាន​សមត្ថកិច្ច​ឃាត់​ចាប់ខ្លួន​នៅតាម​ផ្លូវ​ ខណៈ​ពួកគេ​កំពុងធ្វើដំណើរ​​ត្រឡប់​មកពី​ទិញ​ថ្នាំញៀន​យកទៅ​ប្រើប្រាស់ ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​យប់​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ ១.​ឈ្មោះ​ខា ខុម ហៅ​ច​យ អាយុ​២៧​ឆ្នាំ គ្មាន​មុខរបរ ស្នាក់​នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង​។ ២.​ឈ្មោះ គី សំណាង ហៅ​ណា​ង អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​នៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់​។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២២​ ​ថ្ងៃទី​០៥​ធ្នូ កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​គណៈ​បញ្ជាការ​ខណ្ឌ​សែន​សុខ បានដាក់​គោលដៅ​ចល័ត​តាមផ្លូវ​សាធារណៈ​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ​ដើម្បី​ទប់ស្កាត់​ និង​រក្សា​នូវ​សន្តិសុខ​ជូន​ប្រជាជន​ក្នុង​មូលដ្ឋាន​។ ​លុះ​បន្តិចក្រោយមក​ ក៏បាន​ប្រទះ​ឃើញ​បុរស​ទាំង​២​នាក់​ ជិះ​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ​1L 9611 មក​ចំ​គោលដៅ​ឆែកឆេរ ​ពួកគេ​ព្យាយាម​គេចខ្លួន ​ប៉ុន្តែ​គេច​មិន​រួច​។

ក្នុងនោះដែរ សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​ចំនួន​២​កញ្ចប់​តូចៗ​ នៅក្នុង​ហោប៉ៅ​ខោ​របស់​ជន​ឈ្មោះ ខា ខុម ហៅ​ច​យ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ពួកគេ​ទាំង​២​នាក់​យក​ទៅ​សួរនាំ​បន្ត​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា នៅពេល​ឃាត់ខ្លួន​នោះ លោក​បាន​ត្រួតពិនិត្យ​ទឹក​នោម​ពួកគេ​រក​ឃើញ​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ទាំងអស់គ្នា​ ហើយ​ពួកគេ​បាន​សារភាព​ថា ថ្នាំញៀន​ទាំងនេះ​ពួកគេ​បាន​ទិញ​យកមក​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន មិន​មែន​យកទៅ​ជួញដូរ​ទេ​។ ទោះបីយ៉ាងណា​ក៏​ពួកគេ​នៅ​តែ​មានទោស​ពី​បទ​សេព ឬ​ប្រើប្រាស់​ថ្នាំញៀន​ដោយ​ខុសច្បាប់ដែរ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu