Ad Code

កម្ពុជា​ បើក​វេទិកា​លើក​ទី​២​ស្តីពី​ការ​គ្របដណ្ដប់​សុខភាព​ជាស​កល​នៅ​កម្ពុជា​



​ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី​៧ ​ខែធ្នូ ​ឆ្នាំ​២០១៨ ​បាន​បើក​វេទិកា​លើក​ទី​២​ស្តីពី​ការ​គ្រប​ដណ្ដប់​សុខភាព​ជាស​កល​នៅ​កម្ពុជា​ក្នុង​គោលបំណង​ដើម្បី​ត្រួត​ពិនិត្យមើល​គោលនយោបាយ​និង​យុទ្ធសាស្ដ្រ វឌ្ឍនភាព​និង​បញ្ហា​ប្រឈម​នានា​សំដៅ​ធ្វើយ៉ាងណា​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។​

លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល បាន ថ្លែង​ក្នុង​ទិវា​នៃ​ការ​គ្របដណ្ដប់​សុខ​ភាពជា​សកល​ឆ្នាំ​២០១៨ ថា​ ទិវា​នៃ​ការ​គ្រប់​ដណ្ដប់​សុខភាព​ជាស​កល​នៅ​កម្ពុជា​លើក​ទី​២ ស្ដីអំពី «​ការ​គ្រប់​ដណ្ដប់​សុខភាព​ជាស​កល​នៅ​កម្ពុជា​គឺជា​ចក្ខុវិស័យ ដែល​មិន​គ្រាន់តែ​ជា​មគ្គុទ្ទេសក៍​ក៏ សម្រាប់​អង្គការ​សុខភាព​ពិភពលោក ផ្ដល់​ការ​គាំទ្រ​ដល់​រដ្ឋ​ជា​សមាជិក​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏បាន​ត្រួសត្រាយ​ផ្លូវ ស​ម្រាប់​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល នៃ​រដ្ឋ​ជា​សមាជិក ឲ្យ​បោះជំហាន​ទៅមុខ ដោយ​ប្រាកដប្រជា ក្នុង​ការដើរ​ឈានទៅ​កាន់ការ​គ្រប់​ដណ្ដប់​សុខភាព​ជាស​កល ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សុខភាព​របស់​ប្រជាពលរដ្ឋ​គ្រប់រូប កាន់តែ​ល្អប្រសើរ​ឡើង។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​«​មានន័យថា រដ្ឋាភិបាល​នៃ​រដ្ឋ​ជា​សមាជិក ត្រូវ​ធានាថា ប្រជាពលរដ្ឋ​របស់ខ្លួន​គ្រប់រូប ទោះបីជា​រស់នៅ​កន្លែង​ណាក៏ដោយ ក៏​អាច​ទទួលបាន​សេវា​ថែទាំ​សុខភាព ជា​សារ​វ័​ន្ដ​ប្រកបដោយ​គុណភាព ដោយ​មិន​ប្រឈម​នឹង​បន្ទុក នៃ​ការចំណាយ​លើ​ការថែទាំ​សុខភាព​»​។​

លោក​សាស្ដ្រាចារ្យ​បន្ថែមទៀតថា ​ដូច្នេះ​ការជួប​ជុំគ្នា​របស់​យើង​នៅថ្ងៃនេះ គឺ​សម្រាប់​សន្ទនា​ពី​គោលនយោបាយ និង​យុទ្ធសាស្ដ្រ​ការ​ពិនិត្យមើល​វឌ្ឍនភាព និង​បញ្ហា​ប្រឈម ក្នុងការ​ឈានទៅ​សម្រេច​គោលបំណង នៃ​គោលនយោបាយ​សុខាភិបាល​នៅ​កម្ពុជា ដែល​កំណត់​បាន​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល ២០១៦-២០២០ គឺ «​លើកកម្ពស់​លទ្ធផល​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា និង​បង្កើន​ការ​បង្ការ​ហានិភ័យ​ហិរញ្ញវត្ថុ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ​លើសពីនេះ​ទៀត យើង​នឹង​មានឱកាស​ចែករំលែក​បទពិសោធន៍ នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ដល់​បណ្ដា​ប្រទេស​នៅក្នុង​តំបន់ និង​ដៃគូ​អភិវឌ្ឍ​សុខាភិបាល ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់ការ​គ្របដណ្ដប់​សុខភាព​ជាស​កល។​

លោក​រដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹង​ទៀតថា ​យើង​ត្រូវ​បន្ដ​ពង្រឹង និង​ពង្រីក ការ​អនុវត្ដ​កម្មវិធី​មូលនិធិ​សមធម៌ និង​របប​សន្ដិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ព្រមទាំង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ពង្រីក ការ​ដណ្ដប់​សុខ​ភាពជា​សកល​ហើយ​យើង​នឹង​ខិតខំ​ប្រឹងប្រែង​រួម​សាមគ្គី​គ្នា ពង្រឹង​ការងារ​ជា​បន្ដទៀត ដើម្បី​លើកកម្ពស់​លទ្ធផល​សុខភាព​ប្រជាពលរដ្ឋ ដោយ​មិន​ទុក​នរណាម្នាក់​ចោល ដោយ​មិនបាន​មើលថែទាំ​នោះទេ​។​

ជាមួយគ្នានេះដែរ​រដ្ឋមន្ដ្រី​ក៏បាន​ថ្លែងអំណរគុណ ដល់​មន្ដ្រី​សុខាភិបាល​គ្រប់លំដាប់​ថ្នាក់ និង​ដៃគូ​អភិវឌ្ឍ ដែល​កន្លងមក​បាន​ខិតខំ​រួម​កម្លាំង​គ្នា ធ្វើ​ឲ្យ​សេវា​សុខាភិបាល បាន​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​លោក​ជឿជាក់ថា ក្រោម​ការ​សាមគ្គី​ទាំងអស់គ្នា​ទូទាំង​រាជធានី​ខេត្ដ នឹង​បាន​ពង្រឹង​នូវ​កិច្ចការ​នេះ ឲ្យ​រក្សាបាន​នូវ​ប្រសិទ្ធភាព ក្នុង​ការផ្ដល់សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​យើង​ទូទាំងប្រទេស ។​

លោក​រដ្ឋមន្ដ្រី​សុខាភិបាល បានបញ្ជាក់​ទៀតថា កម្ពុជា​បានសម្រេច​បាន​ស្ទើរ​ទាំងស្រុង នូវ​សូចនាករ​សុខភាព​សំខាន់ៗ​នៃ​គោលដៅ​អភិវឌ្ឍ​សហសវត្ស​ឆ្នាំ​២០១៥ ពីរ​ទៅ​បី​ឆ្នាំមុន​កាលកំណត់ មាន​ជាអាទិ៍ ការកាត់បន្ថយ​ជា​អតិបរមា នៃ​អត្រា​មរណភាព​មាតា និង​កុមារ អត្រា​ចម្លង​មេរោគ​អេដស៍ អត្រា​ស្លាប់​នៃ​ជំងឺរបេង និង​ជំងឺគ្រុនចាញ់​ជាដើម​។ ជាងនេះទៅទៀត សម្រាប់​ការពង្រីក យន្ដការ​គាំពារ​សុខភាព​ជា​ចម្បង គឺ​កម្មវិធី​មូលនិធិ​សមធម៌ និង​របប​សនិ្ដសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព បាន​គ្របដណ្ដប់​ប្រជាពលរដ្ឋ ប្រមាណ​៣០% នៃ​ប្រជាពលរដ្ឋ​កម្ពុជា​សរុប នៅ​ឆ្នាំ​២០១៧៕


​​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu