ភ្នំពេញ ៖ មេធាវីការពារក្តីឲ្យតារាចម្រៀងស្រីរបស់ហង្សមាស កញ្ញា ទេព បូព្រឹក្ស និងភាគីបង្កហិង្សាដែលយកកំប៉ុងស្រាបៀរគប់ រួមទាំងម្ចាស់ហាងយីហោ សមុទ្រ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ បានជួបសម្រុះសម្រួលគ្នា ដោយមានការចូលរួមពីសំណាក់ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា និងមេធាវីការពារក្តីរបស់នាង ដើម្បីចរចារលើសំណងជំងឺចិត្តក្រោយផ្ទុះហិង្សាកាលពីថ្មីៗនេះ។
បើតាមការបញ្ជាក់ឲ្យដឹងពី លោក ហេង ឡុង គូស្នេហ៍របស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងថា នាព្រឹកថ្ងៃទី២៧ធ្នូនេះ ក្រុមមេធាវីស្ម័គ្រចិត្តរបស់ កញ្ញា ទេព បូព្រឹក្ស បានជួបផ្ទាល់ជាមួយនឹងជនបង្ក ឈ្មោះ ឆេង រស្មី (រូបខាងក្រោម) ដែលជាអ្នកគប់កំប៉ុងស្រាបៀគប់មកលើ កញ្ញា ទេព បូព្រឹក្ស អំឡុងពេលឡើងច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីហាងខាងលើ។
ប្រភពបានបន្តថា ជាចម្លើយទាំងជនបង្ក និងម្ចាស់ហាង បានឆ្លើយថា ខ្លួនស្រវឹង តើបងប្អូនទាំងអស់គ្នាទទួលយកបានទេ? បើគ្រាន់តែពួកគាត់ឆ្លើយដោះសាថា ស្រវឹងបែបនេះ? តើភាពឈឺចាប់ និងខ្មាសគេប៉ុណ្ណារហូតហ៊ានទៅដល់ធ្វើការ live យំស្រែកតាមfacebook ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងឲ្យមហាជនជួយរកយុត្តិធម៌?។
លោក ហេង ឡុង បានបញ្ជាក់ថា សំណូមពររបស់ភាគី ទេព បូព្រឹក្ស មាន៣ចំណុចដូចខាងក្រោម ៖១,ធ្វើសន្និសីទកាសែតសុំទោសជាសាធារណៈ។ ២,សំណងរដ្ឋប្បវេណីខូចខាតកិត្តិយសចំនួន១០ម៉ឺនដុល្លារ និង៣,ធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរ មិនគុំកួនសងសឹកគ្នាបញ្ចប់ទំនាស់ដោយសន្តិវិធី។
ភាគីជនបង្ក បានដកឃ្លាដើម្បីពិចារណាទៅលើសំណូមពរទាំងបីរបស់ជនរងគ្រោះ។ អរគុណសម្រាប់បងប្អូនដែលគាំទ្រ និងចូលរួមឈឺចាប់ជាមួយ កញ្ញា ទេព បូព្រឹក្ស អរគុណសម្រាប់ការស៊ែរចែករំលែកជូនមហាជនជ្រាបជាព័ត៌មាន។
សូមបញ្ជាក់ថា បើតាមការអះអាងពីសាមីខ្លួន កញ្ញា ទេព បូព្រឹក្ស បានឲ្យដឹងថា ចំពោះសំណងចំនួន១០ម៉ឺនដុល្លារ គឺនាង នឹងបរិច្ចាគទាំងស្រុងដោយមួយចំណែកជូនមន្ទីរពេទ្យគន្ធបុប្ផា ចាស់ជរា និងកុមារកំព្រាខ្វះខាតនៅតាមសហគមន៍ ឬមណ្ឌលកុមារកំព្រាផងដែរ។
គួររម្លឹកថា តារាចម្រៀងស្រីពូកែខាងក្បាច់រាំ កញ្ញា ទេព បូព្រឹក្ស កាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ កន្លងមកនេះ បានរងនូវអំពើហិង្សាអយុត្តិធម៌មួយ បន្ទាប់ពីនាងត្រូវបានការប្រមាថមើលងាយកិត្តិយសលើខ្លួនជាស្ត្រីខ្មែរពីសំណាក់បុរសម្នាក់ ដែលត្រូវបានគេស្គាល់និងអះអាងថាត្រូវជាកូនប្រុសរបស់ថៅកែហាងយីហោ សមុទ្រ ដែលមានស្ថិតនៅជិតមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមការរៀបរាប់ទាំងទឹកមុខស្លេកស្លាំង ស្រែកទ្រហោយំប្រាប់អ្នកសារព័ត៌មាន និងក្នុងការLiveវីដេអូផ្ទាល់ខ្លួន កញ្ញា ទេព បូព្រឹក្ស បាននិយាយដោយក្ដុកក្ដួលថា នៅយប់ថ្ងៃកើតហេតុនោះ នាងទទួលបានការ អញ្ជើញចូលរួមជាតារាកិត្តិយសដើម្បីចម្រៀងបង្កការសប្បាយរីករាយនៅក្នុងកម្មវិធី Hite X'mas Edition Party ដែលប្រព្រឹត្តទៅនៅភោជនីយដ្ឋាន សមុទ្រ និងរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀហៃ (Hite) របស់ប្រទេសកូរ៉េ។
ករណី នៃការប្រើហិង្សាពីសំណាក់កូនប្រុសថៅកែហាងលក់គ្រឿងសមុទ្រយីហោ ឈ្មោះថា សមុទ្រ ដែលបានយកកំប៉ុងស្រាបៀគប់ទៅលើតារាចម្រៀងហង្សមាស កញ្ញា ទេព បូព្រឹក្ស ខណៈពេលកំពុងច្រៀងលើឆាកតន្ត្រីបង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ហើយភ្លាមៗនោះក៏លេចមុខស្ត្រីម្នាក់ជាម្តាយចេញមុខការពារដៀលត្មះ ទេព បូព្រឹក្ស ផងនោះ បច្ចុប្បន្នបាននិងកំពុងក្លាយជារឿង ដ៏រំជើបរំជួលតាមបណ្តាញផ្សព្វផ្សាយនានាជាមួយពាក្យនិន្ទារិះគន់យ៉ាងច្រើន ក៏បាននិងកំពុងបាញ់ស្រោចខ្លាំងចំពោះទង្វើដ៏គឃ្លើនបែបនេះ៕
Source: Kampuchea Thmey Daily
0 Comments