ភ្នំពេញ ៖ ដោយសារ ពិនិត្យសក្ដានុពលទឹករបស់ស្ទឹងក្រឡាញ់ ដែលជាស្ទឹងមួយខណ្ឌចែកព្រំ ប្រទល់រវាងខេត្តបន្ទាយមានជ័យ ជាមួយនឹងខេត្តសៀមរាប មានសក្ដានុពលខ្លាំង លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ស្នើឲ្យក្រុមអ្នកបច្ចេកទេស ចុះសិក្សាលម្អិត សង់សំណង់កាត់ស្ទឹង ដើម្បីបញ្ចាល់ទឹក ស្រោចស្រពស្រូវប្រាំង និងវស្សាជាង៣ម៉ឺនហិកតា។
ក្រសួងធនធានទឹកបានឲ្យដឹងថា បន្ទាប់ពីបានចុះពិនិត្យការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងនៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យរួចមក នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០១៨ នេះ លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានបន្តចុះពិនិត្យសក្ដានុពលទឹករបស់ស្ទឹងក្រឡាញ់ ដែលជាស្ទឹងមួយខណ្ឌចែកព្រំប្រទល់រវាងខេត្តបន្ទាយមានជ័យ ជាមួយនឹងខេត្តសៀមរាប។
ក្រសួងបន្តថា តាមការចុះពិនិត្យបឋម ស្ទឹងក្រឡាញ់នេះ មានសក្ដានុពលទឹកខ្ពស់ ព្រោះថា ម្យ៉ាងស្ទឹងនេះមានតំបន់ផ្ទៃរងទឹកភ្លៀងធំទូលាយ ដែលមានរបាយទឹកភ្លៀងធ្លាក់ច្រើននៅរដូវវស្សា និងម្យ៉ាងទៀត មានអាងទឹកស្ទឹងស្រែងជំហានទី២ ដែលមានសក្ដានុពលស្តុកទឹករហូតដល់២៦៤លានម៉ែត្រគូប បានសាងសង់រួច ហើយក្រសួងក៏មានវិធានការសាងសង់អាងទឹកធំៗមួយចំនួនទៀត នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងនេះផងដែរ។
បន្ទាប់ពីបានពិនិត្យឃើញសក្ដានុពលទឹករបស់ស្ទឹងក្រឡាញ់នេះ លោក រដ្ឋលេខាធិការ នឹងស្នើឲ្យក្រុមអ្នកបច្ចេកទេសរបស់ក្រសួង ចុះសិក្សាលម្អិតបន្ថែមទៀត ដើម្បីឈានទៅសាងសង់សំណង់កាត់ស្ទឹងមួយកន្លែង ដើម្បីបញ្ចាល់ទឹក ហើយរៀបចំឲ្យមានជាប្រព័ន្ធស្រោចស្រព ដែលអាចបម្រើឲ្យការស្រោចស្រពលើផ្ទៃដីស្រូវវស្សាប្រមាណ២០.០០០ហិកតា និងស្រូវប្រាំង១២.០០០ហិកតា។
សូមបញ្ជាក់ជូនថា ស្ទឹងក្រឡាញ់ និងស្ទឹងស្រែង គឺជាស្ទឹងតែមួយ ( នៅខាងលើផ្លូវជាតិលេខ៦ ហៅថាស្ទឹងស្រែង ឯនៅក្រោមផ្លូវជាតិលេខ៦ ហៅថាស្ទឹងក្រឡាញ់)៕
Source: Kampuchea Thmey Daily
0 Comments